ទស្សនា​ប្រាសាទ​អង្គរវត្ត​ពី​លើ​អាកាស កាន់​តែ​រំភើប​និង​ប្លែក​ភ្នែក

4/17/2013 0 Comments A+ a-

អង្គរ​វត្ត ជារមណីយដ្ឋាន​ វប្បធម៌​និង​ប្រវត្តិសាស្ត្រ​ដ៏​ល្បី​ល្បាញ ហើយ​ក៏​ជា​តំបន់​កម្សាន្ត​ដ៏​ទាក់ទាញ​បំផុត ដែល​អ្នក​ទេសចរណ៍​ទាំង​ឡាយ​តែង​តែ​ជ្រើសរើស​ជា​គោលដៅ ក្នុង​ដំណើរ​កម្សាន្ត​មក​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា។
ប៉ុន្តែ​អ្វី​ដែល​ពិសេស​និង​ប្លែក​ភ្នែក ក្នុង​ដំណើរ​កម្សាន្ត​ មក​ខេត្ត​សៀមរាប គឺ​ការ​បាន​ទស្សនា​សំណង់​ប្រាសាទ​អង្គរ​​ដ៏​ល្បីល្បាញ​ពី​លើ​អាកាស រួម​ជាមួយ​ការ​គយគន់​ទស្សនីយភាព​ដ៏​ប្លែក​ភ្នែក​តំបន់​នៅ​ជុំវិញ​សំណង់​ ប្រាសាទ​ដ៏​អស្ចារ្យ​បំផុត​របស់​ពិភពលោក​មួយ​នេះ ដែល​នេះ​នឹង​រឹត​តែ​ជួយ​បង្កើន​ក្តី​រំភើប​រីករាយ និង​ការ​កម្សាន្ត​អារម្មណ៍​បន្ថែម​ទៀត សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទាំងឡាយ។
ក្រុមហ៊ុន Helistar Cambodia ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ ដែល​មាន​ផ្តល់​សេវាកម្ម​ហោះ​ហើរ​ដ៏​ពិសេស ដោយ​ភ្ញៀវ​ទេសចរណ៍​ទាំង​ឡាយ អាច​ជួល​ឧទ្ធម្ភាគចក្រ​ពី​ក្រុមហ៊ុន ដើម្បី​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​នានា ជាពិសេស​ការ​គយគន់​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៃ​សំណង់​ប្រាសាទ​អង្គរ​វត្ត​ពី​ លើ​អាកាស។
ការ​ទស្សនា​រមណីយដ្ឋាន​ ប្រាសាទ​អង្គរ​ពី​លើ​អាកាស បានក្លាយ​ជាទី​ដ៏​ពេញ​និយម​របស់​ភ្ញៀវ​ទេសចរណ៍ ជាពិសេស​ភ្ញៀវ​ទេសចរណ៍​ក្រៅ​ស្រុក ដែល​ពួកគេ​អាច​ទស្សនា​សម្រស់​ធម្មជាតិ និង​ទិដ្ឋភាព​ប្លែកៗ នៃសំណង់​ប្រាសាទ​អង្គរ​បាន​យ៉ាង​គាប់​ភ្នែក។
បច្ចុប្បន្ន Helistar Cambodia មាន​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង ដែល​កំពុង​បើក​សេវាកម្ម​ហោះ​ហើរ​ដល់​អតិថិជន។ ក្រៅ​ពី​ការ​ផ្ដល់​សេវាកម្ម​ហោះហើរ​កម្សាន្ត​ជា​លក្ខណៈ​ទេសចរណ៍​ទៅ​ទី​ រមណីយដ្ឋាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​ក៏​មាន​ផ្តល់​សេវាកម្ម​ហោះហើរ​ជា​លក្ខណៈ​ផ្ទាល់​ខ្លួន ឬ​ការ​ដឹក​ជញ្ជូន​ផ្សេងៗ តាម​តម្រូវ​ការ​ចង់​បាន​របស់​អតិថិជន​នោះ​ដែរ។

ចុះ ​ប្រិយមិត្ត យល់​យ៉ាង​ណា​ដែរ​ ឬ​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​និង​ទស្សនា​រមណីយដ្ឋាន​នានា​ពី​លើ​អាកាស តាម​ឧទ្ធមភចក្រ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ដែរ​ឬ​ទេ?