លក្ខណសម្បត្តិនៃវ៉ែនតា Google Glass ត្រូវបានបង្ហាញ
ទីបំផុតក្រុមហ៊ុន Google បានធ្វើការបញ្ចេញឲ្យដឹងពីលក្ខណសម្បត្តិបែបបច្ចេកទេសនិងលក្ខណ សម្បត្តិពិសេសនៃផលិតផលវ៉ែនតា Google Glass របស់ខ្លួនហើយ ។ បើតាមប្រភព androidauthority បានឲ្យដឹងថា ចំពោះវ៉ែនតា Google Glass គឺអាចនឹងធ្វើការបង្ហាញនូវកម្រិតភាពច្បាស់ដ៏ច្បាស់មួយដែលអាចសមមូលនឹងទំហំរហូតដល់ទៅ 25-inch HD screen ។នៅក្នុងលក្ខណសម្បត្តិទាំងឡាយ វ៉ែនតា Google Glass ត្រូវបានបំពាក់ដោយកាមេរ៉ា ទំហំ 5MP ដែលអាចធ្វើការថតវីឌីអូក្នុងកម្រិតភាពច្បាស់ 720p ក្រៅពីនេះវ៉ែនតា Google Glass មានថតផ្ទុកឯកសាររួមជាប់តួទំហំ 16GB និងអាចផ្ទុកបន្ថែមចំនួន 12GB តាមរយៈ Google clould storage (លើអ៊ីនធឺណិត) ។
ចំពោះប្រព័ន្ធភ្ជាប់ទំនាក់ទំនង វ៉ែនតា Google Glass មានបំពាក់ដោយ Wi-Fi 802.11b/g និង Bluetooth ហើយវានឹងធ្វើការផ្ដល់ជាសំឡេងតាមរយៈ Bone Conduction Transducer ។ លើសពីនេះ វ៉ែនតា Google Glass នឹងធ្វើការភ្ជាប់ជាមួយនឹងទូរស័ព្ទតាមរយៈ Bluetooth ដែលត្រូវបានប្រើដោយកម្មវិធីមួយឈ្មោះ MyGlass ដែលក្រុមហ៊ុន Google បានប្រកាសចេញសម្រាប់ដំណើរការនៅលើទូរស័ព្ទទំនើបមានប្រព័ន្ធ ប្រតិបត្តិការ Android ចាប់ពី 4.0.3 Ice Cream Sandwich ឡើងទៅ ហើយកម្មវិធីនេះនឹងអាចផ្ដល់នូវមុខងារ GPS និង SMS ដល់វ៉ែនតា Google Glass ផងដែរ ។
ដោយឡែកលក្ខណសម្បត្តិបែបបច្ចេកទេសនៃថាមពលថ្មគឺមិនត្រូវបាន បញ្ចេញឲ្យដឹងនោះទេ ប៉ុន្តែក្រុមហ៊ុន Google និយាយថា វានឹងមានថាមពលថ្ម អាចប្រើបានក្នុងរយៈពេលពេញមួយថ្ងៃ ជាមួយនឹងការប្រើប្រាស់មុខងារផ្សេងៗដូចជា វីឌីអូ ជាដើម ។ បន្ថែមលើនេះ Google Glass អាចនឹងមាននូវខ្សែ Micro USB ដោយផ្ទាល់សម្រាប់សាកបញ្ចូលថ្ម ដែលក្រុមហ៊ុន Google ធ្វើការណែនាំដល់អ្នកប្រើឲ្យប្រើជំនួស Micro USB ខាងក្រៅ ។
សូមបញ្ជាក់ថា ជាមួយនឹងការបញ្ចេញឲ្យដឹងនូវលក្ខណសម្បត្តិបែបបចេ្ចកទេសនៃវ៉ែន តា Google Glass ក្រុមហ៊ុន Google ក៏បានប្រាប់ឲ្យដឹងផងដែរថា Google Glass (Glass Explorers) នឹងត្រូវប្រកាសចេញជាផ្លូវការចំនួន ១២ គ្រឿងជាលើកដំបូងក្នុងពេលឆាប់ៗខាងមុខ ៕by channa