ខឹងហៅស្រីស្អាតឡើងរាំកំដរមិនបាន មន្ដ្រីពន្ធដារ ជប់ គឹមរ័ត្ន យកដបស្រាវាយ និងចាក់បុរសម្នាក់ក្នុងហាងស៊ីធីក្លឹប
ខេត្ដបាត់ដំបង ៖ មន្ដ្រីពន្ធដារម្នាក់ឈ្មោះ ជប់ គឹមរ័ត្ន ដែលផឹកស៊ីស្រវឹង ហើយហៅនារីស្រស់ស្អាត បម្រើការងារក្នុងកាស៊ីណូមករាំកំដរ មិនបានដូចបំណងប្រាថ្នារបស់ខ្លួន និងដោយមានការប្រចណ្ឌផងជាមួយបុរសផ្សេង បានបោក កែវ និងយកដបស្រាបៀរកម្ពុជាមកវាយទៅលើបុរសម្នាក់បណ្ដាលឱ្យរងរបួស ធ្ងន់ធ្ងរ ហើយរត់គេចខ្លួនបន្សល់ទុករថយន្ដមួយគ្រឿង កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅហាងស៊ីធីក្លឹប ក្នុងភូមិ អូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្ដបាត់ដំបង។ជនរងគ្រោះដោយកណ្ដាប់ដៃមន្ដ្រីពន្ធដារមានឈ្មោះ ឈួន អាណាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាអាជីវករ បានរងរបួសបែកចិញ្ចើមឆ្វេង និងមុខបាក់ខ្ទង់ច្រមុះ មានទីលំនៅភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។ ឈ្មោះ ឈួន អាណាន់ បានឱ្យដឹងថា កាលពីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ មុនពេលកើតហេតុ ខ្លួនមានកម្មវិធីហូបចុកមួយនៅក្រុងបាត់ដំបង ជាមួយមិត្ដភក្ដិឈ្មោះ ប្លុង យាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ។
ក្រោយមកឈ្មោះ ជប់ គឹមរ័ត្ន បានមកជួបនិង ស្គាល់គ្នាជាមួយមិត្ដភក្ដិរបស់ខ្លួនក៏បបួល បន្ដកម្មវិធីទៅផឹកស៊ីនៅហាងស៊ីធីក្លិបបន្ដទៀត ដោយការផឹកស៊ី នៅក្នុងហាងស៊ីធីក្លិបរហូតដល់ម៉ោង១រំលងអធ្រាត្រ មិនដឹងជាឈ្មោះ ជប់ គឹមរ័ត្ន ជាមន្ដ្រីពន្ធដារគាត់ខឹងនារីមិនឡើងរាំជាមួយ ឬក៏មានក្ដីប្រចណ្ឌបែបណាទេ ស្រាប់តែបោកកែវនិងយកដបស្រាបៀរកម្ពុជាមកវាយរូបគាត់បណ្ដាលឱ្យរង របួសហើយ ក៏គេចខ្លួនបាត់ស្រមោល និងបន្សល់ទុកតែរថយន្ដទំនើបមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2U-6706 នៅ មុខហាងកន្លែងកើតហេតុ ។
សមត្ថកិច្ចបញ្ជាក់ថា ហាងស៊ីធីក្លិបដែលមានបញ្ហានេះ គ្មានច្បាប់អនុញ្ញាតធ្វើអាជីវកម្មដែលក្នុង នោះហ៊ុនគ្នាចំនួន៤ឈ្មោះ ១-ឈ្មោះ ឡាក់ ២-ឈ្មោះ ជប់ សុខុម ៣-ឈ្មោះ ជឹម គឹមហៀង និង៤-ឈ្មោះ ឈឹម គឹម ហុង ដែលជាអធិការស្រុកកំរៀងនេះតែម្ដង ។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឱ្យ មន្ដ្រីពន្ធដាឈ្មោះ ជប់ គឹមរ័ត្ន បង្កអំពើហិង្សា និងវាយបំផ្លាញទ្រព្យសម្បត្ដិ នៅក្នុងហាងខាងលើ បណ្ដាលមកពីគាត់ ខឹងនិងនារីបម្រើការងារ នៅក្នុងហាង ដោយមិនព្រមឡើងរាំកំដរតាមសំណូមពររបស់គាត់ ។ មេបញ្ជាការអាវុធហត្ថខេត្ដបាត់ដំបង កំពុងចាត់រឿងនេះហើយ និងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីឈានទៅដល់ការតាមចាប់ខ្លួនជនបង្ក ពិតប្រាកដ ៕

