ចាំមើល​លោក រាជ សុខុន ទុក​បន​ល្បែង​ខុសច្បាប់​របស់​ឈ្មោះ សុង សេង និង​ឈ្មោះ ងី ហៅ ចិន​កំប៉ោង ដល់​ណា​ទៀត​

4/26/2013 0 Comments A+ a-

ខេត្តស្ទឹងត្រែង ៖ មកដល់ពេលនេះ ​បន​ល្បែងស៊ីសង​​ខុ​ស​ច្បា​ប់​​បា​ន​​បើ​ក​​លេង​យ៉ាង​គគ្រឹកគគ្រេង ក្នុង​ខេត្តស្ទឹងត្រែង ដូចជា​ឈ្មោះ សុង សេង ហៅ​តា​អាគុយ បានឮ​បើក​វង់​អាប៉ោង នៅផ្ទះ​ឈ្មោះ ង៉ែត ម្ដុំ​ទីលាន​បាល់ទះ ស្ថិតក្នុង​ ភូមិ​ព្រែក សង្កាត់​និង​ក្រុង​ស្ទឹងត្រែង ហើយ​ឈ្មោះ ងី ហៅ ចិន​កំប៉ោង ក៏បាន​បើក​ទីតាំង​ល្បែងស៊ីសង​ទ្រង់ទ្រាយ​ធំ​មាន​ភ្នាល់​បាល់ទាត់ និង​កត់​កន្ទុយលេខ​នៅ​កែង​ផ្សារ​ស្ទឹងត្រែង ផងដែរ ។

​បើ​និយាយ​ពី​វង់​អាប៉ោង ស៊ីសង​លុយដុំ​នៅផ្ទះ​ឈ្មោះ ង៉ែត នោះ​គឺ​ឈ្មោះ សុង សេង ជា​អ្នកធ្វើ​មេ​រីឯ​អ្នកមាន​លុយ​និង សមត្ថកិច្ច​មួយចំនួន​ក៏​ចូលរួម​លេង​ដែរ​។ ឈ្មោះ សុង សេង ហៅ​តា​អាគុយ គឺជា​មេ​ល្បែង​ដុះ​ស្លែ មាន​រថយន្ដ​ស៊េរី​ទំនើប​ជិះ និង​ប្រពន្ធ​មានទ្រព្យ​សម្បត្ដិ​ពាក់​ជ្រែក ខ្លួន ។ ចំណែក​សមត្ថកិច្ច​វិញ​ហាក់បីដូចជា​ស្ងៀមស្ងាត់ ត្រូវដង​ត្រូវផ្លែ​នឹង​មេអាប៉ោង​ឈ្មោះ សុង សេង ទើប​មិន​ហ៊ាន​បង្ក្រាប ។​
 
​ដោយឡែក​ទីតាំង​បើក​កត់​កន្ទុយលេខ​និង​ភ្នាល់ បាល់ទាត់​មួយកន្លែង ស្ថិតនៅ​កែង​ផ្សារ​ស្ទឹងត្រែង ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង ដែលមាន​ម្ចាស់​ឈ្មោះ ងី ហៅ​ចិន​កំប៉ោង  កំពុង​បន្ដ​បើក​ធ្វើ​អាជីវក​ម្មយ៉ាង អនាធិបតេយ្យ  ផ្ទុយ​ពី​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ហើយ​ឈ្មោះ ងី ហៅ​ចិន​កំប៉ោង  បាន​បើក​ធ្វើ​អាជីវកម្ម​ល្បែងស៊ីសង​យូរ​ឆ្នាំ​មកហើយ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ​។
 
​កន្លែង​បើក​កត់​កន្ទុយលេខ និង​ភ្នាល់​បាល់​ទ្រង់ទ្រាយ​ធំ​មួយកន្លែង​ដែលមាន​ម្ចាស់​ឈ្មោះ ងី ហៅ​ចិន​កំប៉ោង  បាន​បើកទទួល​ម៉ូយ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​កោតញញើត​នឹង​ច្បាប់ទម្លាប់​នោះទេ ព្រោះ​មេបន​ល្បែង​ឈ្មោះ ងី ហៅ​ចិន​កំប៉ោង​នោះ បាន​ដើរ​អួតអាង​ប្រាប់​គេ​ថា ខ្លួន​ជា​បងប្អូន​ធ​ម៏​របស់លោក អភិបាលក្រុង​ឈ្មោះ ផឹក សុ​បិ​ន្ត ហើយ​បន​ល្បែង​នេះ បើក​លេង​យូរ​ឆ្នាំ​មកហើយ​មិនមាន​សមត្ថកិច្ច​ណា យកចិត្តទុកដាក់​បង្ក្រាប​សោះឡើយ មានតែ​ចេញចូល​ជួប​ឈ្មោះ ងី ហៅ​ចិន​កំប៉ោង  យកលុយ​ប៉ុណ្ណោះ​។
 

​ជា​ញឹកញាប់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ តែងតែ​ណែនាំ​ឲ្យ អាជ្ញាធរ​និង​សមត្ថកិច្ច​យក​ចិ​ត្ដ​ទុកដាក់ លុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់​ទាំងឡាយ ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដូច្នេះ​តើ​លោក រាជ សុខុន ស្នងការ​នគរបាល​ខេត្ដ​ស្ទឹងត្រែង គួរតែមាន​វិធានការ​បោស សម្អាត​ល្បែងស៊ីសង​ខុសច្បាប់​របស់​ឈ្មោះ សុង សេង និង​ទីតាំង​ភ្នាល់​បាល់ទាត់​ឈ្មោះ ងី ហៅ ចិន​កំប៉ោង ដែល​កើតមាន​យ៉ាង​អនាធិបតេយ្យ​ទាំងនោះ​ផង កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ខ្លាំងពេក ៕