បើតាមអង្គហេតុគឺកូនប្រុសរបស់ឧត្តមសេនីយ៍ ឌួង ងៀប ត្រូវជាប់ចោទពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា
រាជធានីភ្នំពេញ ៖
នៅទីបំផុតលោកឧត្តមសេនីយ៍ ឌួង ងៀប
អនុប្រធាននាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ក្រសួងមហាផ្ទៃ
បានបង្ខំចិត្ដនាំកូនប្រុសឈ្មោះ ឌួង ឆាយ ដែលជាជនទំនើង
ប្រើអំពើហិង្សាលើជនស្លូតត្រង់ និងប្រើប្រាស់អាវុធខុសច្បាប់
បង្កបញ្ហាជាច្រើនក្នុងសង្គម
មកប្រគល់ឱ្យនគរបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៨ខែ
មេសាឆ្នាំ២០១៣ បន្ទាប់ពីសាលាដំបូងបានចេញដីកាឃុំខ្លួនឈ្មោះ ឌួង
គឹមឡុង ជាប្អូនដែលចោទប្រកាន់ពីបទ ប្រើហិង្សាដោយចេតនា
មានកាំភ្លើងគំរាមប្រើប្រាស់អាវុធខុសច្បាប់ ។
ក្រុមអ្នកលេងកាំភ្លើងអនាធិបតេយ្យដ៏ខ្លាំងក្លា ជាកូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង ឆាយ ជាបងនិងឈ្មោះ ឌួង គឹមឡុង ជាប្អូន រួមជាមួយអង្គរក្សជាបក្ខពួក២-៣នាក់ទៀត បានប្រើអំណាចជាកូនអ្នកមានវាយធ្វើបាបយុវជនមួយក្រុមទៀត ដោយសេរី ព្រោះតែខឹងនឹងគេសប្បាយជួបជុំញាតិមិត្ត ក្នុងឱកាសចូលឆ្នាំថ្មី កាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មេសា ២០១៣ ស្ថិតនៅក្នុងហាងមួយមានយីហោ ហ្គេឡាងឡារ៉ង់ តាមបណ្តោយផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។
ក្រោយពីវាយជនរងគ្រោះឱ្យរបួសធ្ងន់ធ្ងរហើយ
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏តាមចាប់ខ្លួនបានម្នាក់គឺឈ្មោះ ឌួង
គឹមឡុង ជាអនុប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ចំណែក ឌួង ឆាយ
បានគេចខ្លួន ទើបតែកាលពីរសៀលថ្ងៃទី១៨ខែ មេសាឆ្នាំ២០១៣លោកឧកញ៉ា
ឌួង ងៀប បាននាំខ្លួនមកប្រគល់ឲ្យនគរបាលរាជធានីភ្នំពេញ ។ ឈ្មោះ ឌួង
គឹមឡុង ត្រូវបានបញ្ជូនមកកាន់តុលាការ កាលពីថ្ងៃទី១៦ មេសា ២០១៣
ត្រូវបានព្រះរាជអាជ្ញារង ហៀង សុភក្ត្រ
ចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា
មានកាំភ្លើងគំរាមប្រើប្រាស់អាវុធខុសច្បាប់ ប៉ុន្តែបើតាមអង្គហេតុ
គឺកូនប្រុសអ្នកមានប្រាក់ និងបក្ខពួកនេះត្រូវជាប់ចោទពីបទ
ប៉ុនប៉ងមនុស្សឃាត ដោយចេតនា ព្រោះរកបាញ់សម្លាប់ជងរងគ្រោះបំបិទមាត់ ។
ដោយឡែកឈ្មោះ ឌួង ឆាយ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ធ្វើការសាកសួរ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានី ភ្នំពេញក្នុងរសៀលថ្ងៃទី១៨ ខែមេសា នេះផងដែរ ក្រោមបទចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ស្រដៀងឈ្មោះ ឌួង គឹមឡុង ផងដែរ ។ ក្រុមជនទំនើងដែលត្រូវជាកូនឧកញ៉ា ឌួង ងៀប និងអង្គរក្សដែលបានប្រើអំពើ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធ កាន់កាប់អាវុធ រក្សាអាវុធទុកដោយខុសច្បាប់ ហើយសមត្ថកិច្ចបានបំបែកសំណុំរឿងនេះ ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ មុំ ឌីណា ។
ជនជាប់ចោទដែលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំ ខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ មាន ឈ្មោះ ១-ឌួង គឹមឡុង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅផ្ទះ លេខ១៥B សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ត្រូវជាកូនឧកញ៉ា ឌួង ងៀប, ២-ឈ្មោះ យី រ៉ាយុទ្ធ ហៅ ត្រេន ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរជាសន្ដិសុខនិងអង្គរក្ស រស់នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុង -ខេត្ដកំពង់ចាម ចំណែកឯបក្ខពួកចំនួន៣ នាក់ទៀត គឺមានឈ្មោះ ឌួង ឧត្ដមឆវិន ហៅ ឆាយ ដែលត្រូវជាបងបង្កើតរបស់ ឌួង គឹមឡុង និងជាមេខ្លោងដៃដល់ប្រើ អំពើហិង្សាទៅលើជនរងគ្រោះ ហើយឈ្មោះ ស្នា និង ឈ្មោះ ម៉ាប់ ត្រូវបានតុលាការចេញដីកាស្វែងរកចាប់ខ្លួន ។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ មុំ ឌីណា បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ខ្លួននិងមិត្ដភក្ដិ ចំនួន៣នាក់ទៀត ក្រោយពេលចប់កម្ម វិធីជប់លៀង បាននាំគ្នាទៅហូបបបរនៅ ភោជនីយដ្ឋាន ហ្គេឡាងឡារ៉ង់ឋិតនៅ តាមបណ្ដោយផ្លូវត្រសក់ផ្អែម សង្កាត់ បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ពេលចូលដល់ក្នុងហាង ពួកខ្លួនបានអង្គុយនៅតុលេខ៧ និងបានហៅបបរកង្កែបហូប តែពុំទាន់បានហូបទេ ពួកខ្លួនបានអង្គុយជជែកគ្នាលេង ពេលនោះស្រាប់តែឈ្មោះ ឌួង ឆាយ ដែលគេស្គាល់ថាជា កូនឧកញ៉ា ឌួង ងៀប បានដើរសំដៅមកតុ ពួកខ្លួនហើយសួរថា អាណាឡូឡានិង វាយតុមួយដៃបណ្ដាលឱ្យជ្រុះកែវ និងចាន ។
ភ្លាមៗនោះឈ្មោះ ឌួង ឆាយ បានដកកាំភ្លើង ខ្លីម៉ាករ៉ូឡូ ពណ៌ស មកវាយលើក្បាលរបស់ឈ្មោះ មុំ ឌីណា ជាច្រើនកន្លែង បណ្ដាលឱ្យរងរបួសជាទម្ងន់ ព្រមទាំងបញ្ជាឱ្យអង្គរក្សរបស់គេ ចំនួន២នាក់មកចាប់ឈ្មោះ មុំ ឌីណា អូសចេញទៅ ខាងក្រៅហាង បម្រុងលើកដាក់លើឡាន តែដោយសារឈ្មោះ មុំ ឌីណា ខំរើបម្រះរួច ក៏រត់ចូល ទៅក្នុងហាងវិញពួនក្នុងបន្ទប់ទឹកដាក់គន្លឹះជាប់ ធ្វើឱ្យពួកគេពុំអាចបើករួច ទើប ក្រុមជនដៃដល់ដែលជាកូនរបស់ ឧកញ៉ា ឌួង ងៀប នាំគ្នាបើករថយន្ដទំនើបៗ គេចខ្លួនពីកន្លែងកើតហេតុ ហើយតាមសកម្មភាពនេះ គឺជាបទល្មើសប៉ុនប៉ងមនុស្សឃាតយ៉ាងច្បាស់ក្រឡែត ៕

