កូនអ្នកមាន​លុយ​បើកឡាន​ស៊េរី​ទំនើប ទៅបុក​សាំ​យ៉ុង​របួស​មនុស្ស​៥​នាក់ ហើយ​ស្រែក​ក្អេងក្អាង​រឿង​ខ្សែ​ទុយោ

4/26/2013 0 Comments A+ a-

ខេត្តសៀមរាប ៖ កូន​សំណព្វចិត្ត​របស់​មហាសេដ្ឋី​ប្រចាំខេត្ត​សៀមរាប ម្នាក់​បាន​បើកឡាន​ស៊េរី​ទំនើប របស់ខ្លួន ក្នុង​សភាព​ស្រវឹង​ជោកជាំ​ទៅបុក​ជាមួយ​ឡាន​មួយគ្រឿង​ទៀត​បណ្តាល ឲ្យ​មាន​មនុស្ស​រងរបួស កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសាឆ្នាំ ​២០១៣ ត្រង់ចំណុច​ផ្លូវបំបែក​ភូមិ​ជន្លង់ ព្រំប្រទល់​រវាង​សង្កាត់​ជ្រាវ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ជនបង្ក​បាន​ចុះ​ពី​ឡាន​មក​ស្រែកប្រាប់​គេឯង​ថា  នៅ​សៀមរាប​គ្មាន​នរណា​ធំ​ជាង​ខ្លួន​ឡើយ​។​

​សាក្សី​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង ១៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ ព្រៃវែង 2A 1002 បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់​តែមាន​ឡាន​ម៉ាក​រ៉េវ​ហ្វ​រ ស៊េរី​ទំនើប​មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2A 7286 បើកបរ​យ៉ាង​លឿន​ពី​លិចទៅ​កើត ហើយ​ពេល​រថយន្ត​សាំ​យ៉ុង បន្ថយល្បឿន អ្នកបើក​ឡាប​រ៉េវ​ហ្វ​រ​ក៏​បន្ថយ ល្បឿន​ដែរ​។ ដោយ​ឃើញ​ឡាន​ម្ខាង​បន្ថយល្បឿន​ដូច្នេះ អ្នកបើកបរ​ឡាន​សាំ​យ៉ុង​ក៏​បន្តដំណើរ​ទៅមុខទៀត ស្រាប់តែ​កូនអ្នកមាន​លុយ មានអំណាច​បាន​បន្ថែម​ល្បឿន​ទៅបុក​ឡាន​សាំ​យ៉ុង ពេញទំហឹង ហើយ​បន្ត​ទៅបុក​រោង​យានដ្ឋាន​នៅក្បែរនោះ​។​

​ក្នុង​ហេតុការណ៍​នេះ ពុំមាន​មនុស្ស​រងរបួស​ធ្ងន់ធ្ង​រ នោះទេ គ្រាន់តែ​របួសស្រាល​៥​ទៅ​៦ នាក់​ប៉ុណ្ណោះ ហើយ​អ្នកបើកបរ​ឡាន​សាំ​យ៉ុង​ឈ្មោះ រ៉ី សារ៉ាន់ អាយុ​ជាង​២០​ឆ្នាំ មាន​ផ្ទុក​មនុស្ស​ជិត​២០ នាក់ ដែលជា​កម្មករ​ត្រូវ​ទៅធ្វើ​ការ​នៅ​ខេត្តបន្ទាយមានជ័យ​។ ចំណែក​អ្នក​បើកឡាន​រ៉េវ​ហ្វ​រ មានឈ្មោះ សាល វណ្ណដា អាយុ​២៥​ឆ្នាំ ជា​កូន​របស់លោក ជា សុ​ភឿ​ត ជា​អ្នកមាន​លុយ​លំដាប់​ខ្ពស់​នៅក្នុង​ខេត្តសៀមរាប​។ នៅ​កន្លែងកើតហេតុ​គេ​ឃើញ​ឈ្មោះ សាល វណ្ណដា បាន​ស្រែ​កអួត​ក្អេងក្អាង​ក្នុង​សភាព​ស្រវឹង​ថា នៅក្នុង​ខេត្តសៀមរាប​នេះ​គ្មាន​អ្នកណា​ស្មើ​ខ្លួន​ទេ មានតែ​ខ្លួន​ធំជាងគេ មាន​មីងមា​សុទ្ធតែជា​អ្នកធ្វើ ការ​នៅ​តុលាការ ដូច្នេះ​កុំ​ចង់​ខ្លាំង​៕