សកល វិទ្យាល័យ អាមេរិកកាំង ស្តង់ដា អាមេរិកកាំង បើកឲ្យដំណើរការនៅ ចុងឆ្នាំ២០១៣ នេះ
ភ្នំពេញ៖ សកលវិទ្យាល័យ អាមេរិកកាំង កម្រិតបទដ្ឋាន អន្តរជាតិនឹងបើកឲ្យណើរការ នៅចុងឆ្នាំ២០១៣នេះ នៅទីរាជធានីភ្នំពេញ។ នេះគឺជាលើកទីមួយហើយ ដែលប្រទេសកម្ពុជា មានសកលវិទ្យាល័យ បង្រៀនតាមកម្មវិធីអាមេរិក ដោយសាស្រ្តាចារ្យ ពីសហរដ្ឋអាមេរិក និងមានកម្រិត ស្តង់ដារអាមេរិកកាំងសុទ្ធតែម្តង។ ខាងក្រោមនេះ ជាបទសម្ភាសន៍លម្អិតរវាង អ្នកសារព័ត៌មាន សេង ចំណារ និងលោក សាស្រ្តាចារ្យ Kenneth Dunnk ប្រធានក្រុមប្រឹក្សា ភិបាលសកលវិទ្យាល័យ អាមេរិកកាំង ភ្នំពេញ។ លោក សេង ចំណារ ៖ តើការបើកឲ្យ ដំណើរការ សកលវិទ្យាល័យថ្មីមួយបន្ថែមទៀត របស់លោកនៅពេលនេះ វាមិនច្រើនពេកទេ សម្រាប់ចំនួនសកលវិទ្យាល័យ និងវិទ្យាស្ថានអប់រំ ដែលមានស្រាប់ ជាង១០០ទៅហើយនោះ?លោក Kenneth Dunnk ៖ ខ្ញុំដឹងហើយថា ប្រទេសកម្ពុជាមានវិទ្យាស្ថាន និងសកលវិទ្យាល័យច្រើន។ ប៉ុន្តែសកលវិទ្យាល័យដែលមានកម្រិតបទដ្ឋាន អន្តរជាតិ ដូចជា សកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ ដែលគ្រោងនឹងបង្កើត នៅចុងឆ្នាំ២០១៣ខាងមុខនេះ ខ្ញុំគិតថា វានៅមិនទាន់មាន នៅឡើយ។
លោក សេង ចំណារ ៖ តើសកលវិទ្យាល័យ របស់លោកមាន លក្ខណៈពិសេសអ្វីខ្លះខុសប្លែកពី សកលវិទ្យាល័យ ដទៃនោះ?
លោក Kenneth Dunnk ៖ សម្រាប់សកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ មុខវិជ្ជាបង្រៀន ត្រូវធ្វើឡើងស្របទៅតាម មុខវិជ្ជាដែលបង្រៀន នៅសហរដ្ឋ អាមេរិក គ្រូបង្រៀនមក ពីសហរដ្ឋអាមេរិក វិធីសាស្រ្ត បង្រៀនយកតាម របៀបសហរដ្ឋអាមេរិក ទាំងអស់ ហើយរាល់ការ បង្រៀនធ្វើឡើងជាភាសាអង់គ្លេស។
លោក សេង ចំណារ ៖ អ៊ីចឹង និសិ្សតដែលមានបំណង ចង់រៀននៅក្នុង សកលវិទ្យាល័យ របស់លោកត្រូវមានចំណេះដឹង ភាសាអង់គ្លេសខ្ពស់? លោក Kenneth Dunnk ៖ ជាការពិត កម្រិតភាសាអង់គ្លេស របស់និស្សិតម្នាក់ ត្រូវតែខ្ពស់ទើបអនុញ្ញាតឲ្យចូលរៀន នៅទីនេះបាន។ ការដាក់អោយ ដំណើរការសាលា របស់យើងមានគោលដៅ បីធំៗ។ ទីមួយ បណ្តុះបណ្តាល តែនិសិ្សតឆ្នើមៗ។ ទីពីរ ចង់ធ្វើអោយសកលវិទ្យាល័យ របស់យើងដើរតួនាទី ជាសកលវិទ្យាល័យគំរូក្នុងផ្នែកគុណភាព និងទីបី មានបំណងរុញច្រាន អោយ វិស័យអប់រំកម្ពុជាមានកម្រិតកាន់តែខ្ពស់ឡើងៗ។
លោក សេង ចំណារ ៖ អ្វីដែលលោកលើកឡើង មានន័យថា វិស័យអប់រំកម្ពុជានៅ ទន់ខ្សោយមែនឬទេ?
លោក Kenneth Dunnk ៖ បើនិយាយពីចំនួនសាលារៀនមានការកើនឡើង ចំនួនសិស្ស និស្សិតចូលរៀនមានចំនួនកាន់តែច្រើនជាងមុន។ ប្រព័ន្ធអប់រំ ទាំងមូលមានការអភិវឌ្ឍក្នុងផ្លូវវិជ្ជមាន។ ប៉ុន្តែ នៅក្នុងកម្រិតសកវិទ្យាល័យវិញ ខ្ញុំសង្កេតឃើញថា ចំនួននិស្សិតមានចំនួនច្រើនពេក រីឯគុណភាពនៅចោទជាបញ្ហា។
លោក សេង ចំណារ ៖ លោកបានមានប្រសាសន៍ពីខាងដើមថា មុខវិជ្ជា បង្រៀននៅក្នុង សកលវិទ្យាល័យរបស់លោកនៅទី ក្រុងភ្នំពេញមានកម្រិតស្មើនឹងសកលវិទ្យាល័យនៅអាមេរិក។ តើនិស្សិតរៀននៅទីក្រុងភ្នំពេញ អាច ផ្លាស់ទៅរៀននៅសហរដ្ឋអាមេរិក ហើយ និស្សិតនៅសហរដ្ឋអាមេរិកអាចផ្លាស់មករៀននៅ ក្នុងប្រទេសកម្ពុជាបានដែរឬទេ?
លោក Kenneth Dunnk ៖ និស្សិតខ្មែរអាចធ្វើការផ្លាស់ប្តូរទៅរៀននៅសហរដ្ឋ អាមេរិក ក៏បាន រីឯនិស្សិតអាមេរិក អាចមករៀននៅក្នុងប្រទេសខ្មែរក៏បានពីព្រោះកម្មវិធីសិក្សាគឺដូចគ្នាតែម្តង។
លោក សេង ចំណារ ៖ តើការសិក្សានៅក្នុងសកលវិទ្យាល័យរបស់លោកមានរយៈពេលប៉ុន្មាន និងត្រូវបង់ថវិកាប៉ុន្មានដែរក្នុងមួយឆ្នាំៗ?
លោក Kenneth Dunnk ៖ ការសិក្សានៅក្នុងសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ មានរយៈពេល៤ឆ្នាំ។ ការសិក្សានៅទីនេះមានតម្លៃ៩ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នៅទីនេះ យើងមានបង្រៀនមុខវិជ្ជា ច្បាប់ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច និងវិទ្យាសាស្រ្តនយោបាយនិងការទូត។
លោក សេង ចំណារ ៖ តើតម្លៃសិក្សាមិនថ្លៃពេកទេឬសម្រាប់កម្រិតជីវភាពប្រជាជនខ្មែរនោះ?
លោក Kenneth Dunnk ៖ យើងសម្រេចបង្កើតសកលវិទ្យាល័យនេះឡើង គឺមិន មែនចង់ចំណេញប្រាក់ប៉ុន្មានទេ។ ប៉ុន្តែចង់បង្កើតធនធានមនុស្សឆ្នើមច្រើនជាង។ និស្សិតដែលមករៀននៅក្នុងសកលវិទ្យាល័យរបស់យើងអាចកម្រិតក្រោម១០០នាក់ពីព្រោះយើងចង់បណ្តុះបណ្តាលតែនិស្សិតឆ្នើមប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ យើងចង់រុញច្រានអោយវិស័យអប់រំខ្មែរមានកម្រិតកាន់តែខ្ពស់ដើម្បីត្រៀមប្រកួតប្រជែងសហគមអាស៊ានក្រោយឆ្នាំ២០១៥។
សូមទំនាក់ទំនង ៖
1. Professor Kenneth Dunn (Esq.) at his email: DUNNK@middlesex.mass.edu">DUNNK@middlesex.mass.edu
2. Ms. Hean Polyne, (MA) Tel: 088 4444 068
3. Mr. Hak Sok Heng (LLM), Tel: 077 588 511 or 012 90 88 40

