សាលារាជធានី ប្រាប់គណបក្សសង្រ្គោះជាតិ ឱ្យទៅសុំក្រសួងមហាផ្ទៃ

4/22/2013 0 Comments A+ a-

ភ្នំពេញ៖ មន្រ្តីបានថ្លែងឱ្យដឹងថា សាលារាជធានីភ្នំពេញ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៣នេះ បានស្នើឱ្យ គណបក្សសង្រ្គោះជាតិ ដាក់ពាក្យស្នើសុំ ទៅក្រសួងមហាផ្ទៃ ចំពោះសំណើ ធ្វើបាតុកម្មអហិង្សា ដែលមានចំនួន រាប់ពាន់នាក់ និងការដង្ហែក្បួន ដោយសារតែ ចំនួននេះ ហួសសមត្ថភាព គ្រប់គ្រងរបស់សាលារាជធានី។
លោក ចូ គឹមស៊ អភិបាលរងខណ្ឌចំការមន ដែលចូលរួមកិច្ចប្រជុំ ស្តីពីការស្នើសុំ របស់គណបក្ស សង្រ្គោះជាតិ នៅ សាលារាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈម ណ្ឌលព័ត៌មាន ដើមអម្ពិល ឱ្យដឹងថា យោងតាមច្បាប់ ស្តីពី បាតុកម្ម សាលារាជធានី មានសមត្ថិកិច្ចអនុញ្ញាតិ ឱ្យមានការធ្វើបាតុកម្ម ត្រឹមតែ២០០នាក់ តែប៉ុណ្ណោះ ហើយថា បើច្រើន រាប់ពាន់នាក់ ដូចការស្នើសុំ របស់គណបក្សសង្រ្គោះជាតិ នោះ ទាល់តែសុំការអនុញ្ញាតិ ដោយផ្ទាល់ពី ក្រសួង មហាផ្ទៃ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួល បាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងថា ពួកខ្លួននឹង ធ្វើមហាបាតុកម្មនេះ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ហើយថា ការធ្វើនេះគឺដើម្បីឲ្យ គ.ជ.ប ទទួលយក ការធ្វើ សវនកម្ម បញ្ជីបោះឆ្នោត និងបញ្ជីឈ្មោះ បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី៥ ឆ្នាំ២០១៣ របស់វិទ្យាស្ថានជាតិសម្រាប់ កិច្ចការ អន្តរជាតិ(NDI) និងអង្គការNICFEC ហើយនិងអង្គការ COMFRELជាដើម។
សេចក្តីប្រកាសដដែល បានបន្តថា ពួកគេចង់ឲ្យ គ.ជ.ប រៀបចំធ្វើការ «ចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីឈ្មោះ អ្នក បោះឆ្នោតសាឡើងវិញ ព្រមទាំង ចាត់វិធានការគ្រប់ បែបយ៉ាង ធានាអំពីយន្តការ និងនីតិវិធីសំរាប់ បម្រើការ ងារបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងដោយស្មើភាព និង ស្របបទដ្ឋានអន្តរជាតិ»។
សេក្តីប្រកាសបានបន្តទៀតថា មហាបាតុកម្មនេះ ក៏នឹងដង្ហែញត្តិផងដែរ ដើម្បីនាំយកទៅជូន ថ្នាក់ដឹកនាំ របស់គណៈកម្មការជាតិ រៀបចំ ការបោះឆ្នោត នៅឯក្រសួងមហាផ្ទៃ ៕