លោក ទេព នីថា៖ គ្មានការពន្យារពេលបោះឆ្នោតទេ
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីម្តងទៀត តបទៅនឹងការទាមទាររបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលស្នើឲ្យពន្យារពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ទៅពេលផ្សេងនោះ គឺពុំអាចធ្វើបានទេ។
ថ្នាក់ដឹកនាំគ.ជ.ប. ក្នុងកិច្ចប្រជុំកន្លងមក
លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ថា ការសម្រេចពន្យារពេលបោះឆ្នោត មិនមែនជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទេ។
លោកបានបន្តថា លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ គួរតែអនុវត្តទៅតាមច្បាប់ ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ។
លោកបានមានប្រសាសន៍បញ្ជាក់ទៀតថា អង្គការខុមហ្វ្រែល និង NDI ក្តី គ្រាន់តែជាអង្គការមួយ ឬអង្គការពីរ ដែលធ្វើការងារតាមសមត្ថកិច្ចរបស់ខ្លួន។ ចំពោះបញ្ជីបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសំរេចហើយ។ ឯការងារ ផ្សេងៗទៀត គ.ជ.ប បានអនុវត្តតាមច្បាប់ទាំងអស់ ដោយពុំមានពាក់ព័ន្ធនឹងសន្ទរកថា ឬព័ត៌មាននយោបាយណាមួយទេ។
លោក មាន សាទិ សមាជិកគ.ជ.ប. អមដោយលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. ក្នុងកិច្ចប្រជុំ កន្លងមក
លោក ទេព នីថា បញ្ជាក់បន្ថែមថា “ខ្ញុំសូមជំរាបជូនបងប្អូនប្រជាពលរដ្ឋថា រហូតមកដល់ពេលនេះ ដំណើការរៀបចំការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៣ នៃនីតិកាលទី៥ នោះ យើងដំណើរការទៅជាធម្មតា។ គ្មានការលើកពេល ឬពន្យារពេលបោះឆ្នោតឡើយ”។
លោកអគ្គលេខាធិការ គជប បានមានប្រសាសន៍បញ្ជាក់ទៀតថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដំណើការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនចុះឈ្មោះបោះឆ្នោត នៅពេលខាងមុខ។ ដូច្នេះគណបក្សនយោបាយ ដែលមានបំណងចុះឈ្មោះចូលរួម ប្រកួតប្រជែងបោះឆ្នោត ត្រូវរួសរាន់បញ្ជូនឈ្មោះ គណបក្ស និងបញ្ជីបេក្ខភាបឈរឈ្មោះ មក គ.ជ.ប. ឲ្យបានទាន់ពេលវេលា។
ចំពោះប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះ បោះឆ្នោត ត្រូវទៅពិនិត្យបញ្ជីឈ្មោះ នៅតាមប័ណ្ណព័ត៌មាន ឬតាមបញ្ជី ដែលបិទនៅភូមិឃុំ ឬតាមគេហទំព័រ គ.ជ.ប. និងត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ចូលរួមក្នុងការបោះឆ្នោត៕

.jpg)