ជន​ជាតិ​ស្បែក​ខ្មៅ ២​នាក់ ប្រើ​កាត ATM លួច​ដក​ប្រាក់​ពី​ធនា​គារ SBC ជាង ១០​ម៉ឺន​ដុល្លារ

4/17/2013 0 Comments A+ a-

ភ្នំពេញៈ កម្លាំងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញប្រតិបត្តិការស៊ើបអង្កេត និងស្រាវជ្រាវឃាត់ខ្លួន ជនជាតិស្បែកខ្មៅ ២នាក់ ដែលមានបច្ចេកទេសខ្ពស់ប្រើកាត ATM លួចដកប្រាក់ពីម៉ាស៊ីន ដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារ SBC ជាង ១០ម៉ឺនដុល្លារ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣។
ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌ លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានបញ្ជា ពីនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំង អ.ហ លើផ្ទៃប្រទេស បានសហការជាមួយធនាគារ សិង្ហបូរីចំកាត់ (SBC) ចុះស្រាវជ្រាវរកជនដែលបានប្រើកាត ATM ក្លែងក្លាយលួចដកប្រាក់ ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារនៅតាមទីសាធារណៈ រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នេះតែម្តង។
យោងតាមពាក្យបណ្តឹងរបស់ធនាគារ SBC លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ រៀបរាប់ឲ្យដឹងថា កាលពីខែមីនា ឆ្នាំ២០១៣ មានសកម្មភាពដកប្រាក់ ខុសប្រក្រតី ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារ SBC ខាងធនាគារក៏ចាត់បុគ្គលិក ចុះត្រួតពិនិត្យតាមម៉ាស៊ីន ATM មួយចំនួនក្នុងរាជធានីភ្នំពេញ ក៏បានឃើញកាត ATM ក្លែងក្លាយជាច្រើន ជាប់ក្នុងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ។
តាមពាក្យបណ្តឹងរបស់ ធនាគារបន្តរៀបរាប់ថា ក្រោយពីកើតមានករណីបែបនេះ ធនាគារក៏បានឆែកមើលកាមេរ៉ា តាមម៉ាស៊ីន ក៏បានឃើញជនបរទេស មានគ្នា ៣នាក់ បានធ្វើសកម្មភាពដកប្រាក់ពីម៉ាស៊ីន ATM ក្នុងមួយលើក ប្រើរយៈពេលចាប់ពី១០ ទៅ២០នាទី ហើយផ្លាស់ប្ដូរគ្នា និងផ្លាស់ប្ដូរទីកន្លែងដកប្រាក់។
បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរួមនឹងតម្រុយ ជាភស្តុតាងជាប់នឹងកាមេរា សុវត្ថិភាពហើយនោះ កម្លាំងការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ អ.ហ.ផ.ទ សហការជាមួយធនាគារ បានចាត់ឲ្យកម្លាំងឃ្លាំមើល។ លុះដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ម៉ោងប្រហែល ១០និង៣០នាទី ក៏បានប្រទះឃើញជនសង្ស័យ ២នាក់ មកដកប្រាក់ពីម៉ាស៊ីន ATM ពេលនោះកម្លាំង អ.ហ ក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរ ខាងលើនោះតែម្ដង។
យោងតាមព័ត៌មានពីកម្លាំង អ.ហ បានឲ្យដឹងផងដែរថា ចំនួនទឹកប្រាក់ដែលជនសង្ស័យ បានលួចដកចេញពីម៉ាស៊ីន ATM រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១៣ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ សរុបចំនួន ១៣៣.១៩៨ដុល្លាសហរដ្ឋអាមេរិក។ ក្នុង ១ថ្ងៃម្នាក់អាចដកប្រាក់បានពី ២.០០០ ទៅ ៧.០០០ដុល្លារសហរដ្ឋអាមេរិក ។
លោកវរសេនីយ៍ឯក គង់ សត្ថារិន នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យទាំង២នេះ ទី១. ឈ្មោះ Delvin Joseph ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ លេខ៥០៧ សណ្ឋាគារ ម៉ូណែតភ្នំពេញ ផ្លូវព្រះមុនី្នវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅចំណុចម៉ាស៊ីន ដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារសិង្ហបូរីចំកាត់ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទី២. ឈ្មោះ Aruna Salam Vinoraj ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិស្រីលង្កា មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅចំណុចម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារសិង្ហបូរីចំកាត់ ផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក គង់ សត្ថារិន បានបញ្ជាក់បន្ថែមថា ជនទាំងពីរនាក់នេះ មានមេក្លោងនៅពីក្រោយខ្នង មានឈ្មោះ Mal ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិសិង្ហបូរី និងឈ្មោះ Rej  ភេទប្រុសអាយុប្រហែល ៣០ឆ្នាំ ជាជនជាតិឥណ្ឌា ជាអ្នកបង្ហាត់បង្រៀន និងប្រគល់កាត ATM ក្លែងក្លាយ ដើម្បីលួចដកប្រាក់ពី ម៉ាស៊ីនស្វ័យប្រវត្តិនៅតាមទីសាធារណ:។
លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិ បានមានប្រសាសន៍ថា ប្រតិបត្តិការនេះ គឺមានការដឹកនាំសម្របសម្រួលការ ងារ ដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ទាំងពីរខាងលើ ត្រូវបានការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំពោះថវិកាដែលដកហូតបាន ពីជនសង្ស័យទាំងពីរខាងលើ ត្រូវបានកម្លាំង អ.ហ ប្រគល់ឲ្យតំណាងធនាគារសិង្ហបូរីវិញ៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS