ក្រុមហ៊ុន Archos ប្រកាស​ចេញ​កុំព្យូទ័របន្ទះស្ដើង​ Arnova 97 G4

4/23/2013 9 Comments A+ a-

Archos គឺ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ល្បី​មួយ​របស់​បារាំង​និង​ទទួល​បាន​ភាព​ល្បីល្បាញ​តាមរយៈ​ការ​ផលិត​កុំព្យូទ័របន្ទះស្ដើង​​ជា​ច្រើន​ម៉ូដែល​ ​មានគុណភាព​អាច​ប្រកួតប្រជែង​នឹង​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេងៗ​ ហើយ​ថែមទាំង​មាន​តម្លៃ​សមរម្យ​ទៀត​ផង ។
ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ២០១២ និង​ដើម​ឆ្នាំ២០១៣ នេះ​ គេ​សង្កេត​ឃើញ​ថា​ក្រុមហ៊ុន Archos បាន​ប្រកាស​ចេញ​នូវ​កុំព្យូទ័របន្ទះស្ដើង​របស់ខ្លួន​ជា​ច្រើន​ម៉ូដែល​ដូច​ជាៈ «ក្រុមហ៊ុន Archos ប្រកាស​ចេញ​កុំព្យូទ័រ​បន្ទះស្ដើង​ Archos 80 Cobalt ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android», «ក្រុមហ៊ុន ARCHOS ណែនាំ​កុំព្យូទ័របន្ទះស្ដើងម៉ាក FamilyPad», «ក្រុមហ៊ុន Archos នឹង​ប្រកាស​ចេញ​ទូរស័ព្ទទំនើប​ដែល​ដំណើរការ​ដោយ​ Android ក្នុង​ឆាប់ៗ​!», «ក្រុមហ៊ុន Archos ប្រកាស​ចេញ​កុំព្យូទ័របន្ទះស្ដើង​ FamilyPad 2 តម្លៃ​ប្រហែល $389 [វីឌីអូ]» និង​កុំព្យូទ័របន្ទះស្ដើង​មួយ​ចំនួន​ទៀត ។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​​កាល​ពី​សប្ដាហ៍​មុន​ក្រុមហ៊ុន​ដែល​ធ្លាប់​តែ​ជំនាញ​ខាង​ផលិត​កុំព្យូទ័របន្ទះស្ដើង​នេះបាន​ចាប់​អារម្មណ៍​លើ​ទីផ្សារ​ទូរស័ព្ទទំនើប និង​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទទំនើប​ដែល​មាន​តម្លៃ​​ទាប​​ចំនួន​បី​ម៉ូដែល​ ($100 – $250)​ ។ បើ​យោង​តាម​សេចក្ដីរាយការណ៍​របស់​គេហទំព័រ​ Androidauthority បាន​ឲ្យ​ដឹង​ថា​ម្សិលមិញ​ ក្រុមហ៊ុន Archos បាន​ប្រកាស​ជា​ផ្លូវការ​នូវ​កុំព្យូទ័របន្ទះស្ដើង​ដ៏​ថ្មី​សន្លាង​មួយ​ម៉ូដែល​​ទៀត​គឺ Archos Arnova 97 G4 ដែល​មក​ជា​មួយ​​នឹង​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖
  • អេក្រង់​ទំហំ 9.7-inch
  • កម្រិត​ភាព​ច្បាស់​នៃ​អេក្រង់ 1024 x 768pixels
  • CPU Dual-core  1.6 Ghz (Cortex-A9)
  • GPU Qual-core Mali 400
  • RAM 1GB
  • ទំហំ​អង្គផ្ទុកទិន្នន័យ​ជាប់​ម៉ាស៊ីន​គឺ 8 GB និង​អាច​បន្ថែម​ microSD card បាន​ទំហំ 32 GB
  • ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean
  • កាមេរ៉ា​មុខ​និង​ក្រោយ​មាន​ទំហំ​ដូច​គ្នា​គឺ 2 MP
  • មាន​ Bluetooth, Wi-Fi, អាច​ភ្ជាប់ទៅ​កាន់​ទូរទស្សន៍ មាន​រន្ធ​ដោត Mini HDMI និង​លក្ខណសម្បត្តិ​បច្ចេកទេស​មួយ​ចំនួន​ទៀត
​ក្រុមហ៊ុន​ Archos មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ទាក់ទង​នឹង​កាលបរិច្ឆេទ​​ចេញ​លក់​ និង​តម្លៃ​របស់​កុំព្យូទ័របន្ទះស្ដើង​នេះ​នៅ​ឡើយ​ទេ ដោយ​ចំពោះ​តម្លៃ​ប៉ាន់ស្មាន​សម្រាប់​ទីផ្សារ​អឺរ៉ុប​គឺ​ប្រហែល​ $326 ៕