ក្រុមហ៊ុន Archos ប្រកាសចេញទូរស័ព្ទទំនើបចំនួនបីម៉ូដែល តម្លៃចាប់ពី $100 ដល់ $250
Archos គឺជាក្រុមហ៊ុនដែលធ្លាប់តែផលិតកុំព្យូទ័របន្ទះស្ដើង ប៉ុន្តែពេលនេះក្រុមហ៊ុនបានចូលខ្លួនមកប្រកួតប្រជែងក្នុងទីផ្សារ ទូរស័ព្ទទំនើបដែរហើយ ព្រោះថាកាលពីថ្ងៃម្សិលមិញនេះ Archos បានប្រកាសចេញទូរស័ព្ទទំនើបចំនួនបីម៉ូដែលដ៏ថ្មីសន្លាង ។ ទូរស័ព្ទទំនើបទាំងបីនោះគឺ Archos 35 Carbon, Archos 50 Platinum និង Archos 53 Platinum ដែលមានតម្លៃ $100, $220 និង $250 រៀងគ្នា ។ ទូរស័ព្ទទំនើបចម្បងជាងគេក្នុងចំណោមទូរស័ព្ទទាំងនេះគឺ Archos 50 Platinum ដែលមានអេក្រង់ទំហំ 5-inch, បច្ចេកវិទ្យាអេក្រង់ IPS, CPU Quad-core 1.2GHz (Snapdragon S4), RAM 1 GB កាមេរ៉ាមុខទំហំ 2 MP និងកាមេរ៉ាក្រោយទំហំ 8 MP និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Jelly Bean ។ចំណែក Archos 35 Carbon វិញគឺមានអេក្រង់ទំហំ 3.5-inch, CPU single-core 1GHz (Snapdragon S1), RAM 512 MB, មាន HVGA, កាមេរ៉ាកម្រិត VGA និងដំណើរការដោយ Android 4.0 Ice Cream Sandwich ។ រីឯម៉ូដែលចុងក្រោយគេនោះគឺ Archos 53 Platinum មានលក្ខណសម្បត្តិបច្ចេកទេសដូចគ្នាទៅនឹង Archos 50 Platinum ប៉ុន្តែវាមានអេក្រង់ធំជាង ។ បញ្ជាក់៖ ទូរស័ព្ទទាំងបីមានបំពាក់ដោយ៖ 7.2Mbps HSPA 3G អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 4 GB និងមានរន្ធសម្រាប់បន្ថែម microSD card និងមានស៊ីមពីរដូចៗគ្នា ។
សូមបញ្ជាក់ថាក្រុមហ៊ុន Archos នឹងចាប់ផ្ដើមបញ្ចេញទូរស័ព្ទទំនើបទាំងបីម៉ូដែលនេះទៅលើទីផ្សារ អឺរ៉ុបនាចុងខែឧសភាខាងមុខនេះ ដោយលក់ក្នុងតម្លៃដូចបានរៀបរាប់ខាងលើ ។ សម្រាប់កាលបរិច្ឆេទទាក់ទងនឹងការចេញលក់ទៅកាន់ទីផ្សារផ្សេងៗនិង តម្លៃនោះមិនទាន់មានប្រភពណាបញ្ជាក់នៅឡើយទេ ។ សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ឬរង់ចាំសាកសួរតាមហាងលក់ទូរស័ព្ទនានាក្នុងរាជធានីភ្នំពេញ ៕