ក្រុមហ៊ុនផលិតហ្គេម Angry Birds តែងតាំងអនុប្រធានប្រតិបត្តិថ្មី ដែលជាអតីតបុគ្គលិក EA

4/20/2013 0 Comments A+ a-

Rovio ជាក្រុមហ៊ុនរបស់ប្រទេសហ្វាំងឡង់ ដែលបានផលិតហ្គេម Angry Birds ឡើង កាលពីថ្មីៗនេះ បានធ្វើការប្រកាសតែងតាំង នូវលោក Jami Laes ជាអនុប្រធានប្រតិបត្តិ ជាន់ខ្ពស់ទទួលបន្ទុកផ្នែកហ្គេម។
យោងតាមគេហទំព័រ The Next Web បានឲ្យដឹងថា លោក Laes គឺជាអតីតបុគ្គលិកជាន់ខ្ពស់ នៅក្នុងក្រុមហ៊ុនផលិតហ្គេម Electronic Arts (EA) ដែលនឹងត្រូវចូលមកកាន់តំណែង ជាអនុប្រធានប្រតិបត្តិជាន់ខ្ពស់ ទទួលបន្ទុកផ្នែកហ្គេមរបស់ Rovio ជំនួសលោក Petri Jarvilehto។
បើតាមការឲ្យដឹងនៅលើបណ្ដាញ LinkedIn និង Twitter បានឲ្យដឹងថា លោក Laes បានចូលបម្រើការងារ នៅក្នុងក្រុមហ៊ុន Rovio តាំងពីខែមីនា មកម្ល៉េះ តែទើបក្រុមហ៊ុន ប្រកាសឲ្យដឹងនៅពេលនេះ។
លោក Laes មានបទពិសោធន៍ចំនួន ១៥ឆ្នាំក្នុងស្ថានីយទូរទស្សន៍ និងក្នុងក្រុមហ៊ុន ផលិតហ្គេម ហើយគាត់ក៏ធ្លាប់ជាប្រធាន គ្រប់គ្រងស្ទួឌីយូផលិតហ្គេម នៅក្នុងទីក្រុងឡុងហ៍ ទីក្រុងប៉េកាំង និងជាច្រើនកន្លែងផ្សេងទៀត។
នាយកប្រតិបត្តិកក្រុមហ៊ុន Rovio លោក Mikael Hed បាននិយាយថា លោក Laes គឺជាមនុស្សម្នាក់ដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការកាន់តំណែង មួយនេះ ហើយជឿជាក់ថា លោក Laes នឹងកាន់តែធ្វើឲ្យហ្គេម Angry Birds កាន់តែល្បីថែមទៀត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតហ្គេមមួយនេះ បានឲ្យដឹងថា កាលពីឆ្នាំ ២០១២ ខ្លួនទទួលបានប្រាក់ចេញសុទ្ធចំនួន ៧១លានដុល្លារអាមេរិក ដែលប្រាក់ចំណូលមានចំនួន ១៩៥លានដុល្លារអាមេរិក៕