Xiaomi ទំនងនឹងចេញទ្រនាប់ជើងឆ្លាតវៃ SmartShoe
យោងតាមបណ្ដាញព័ត៌មាន Reuter ឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងកាក់កបលើជំនួញទីផ្សារ Xiaomi បានចងសម្ព័ន្ធមិត្តជាមួយក្រុមហ៊ុនចិន Li Ning ដើម្បីសហការគ្នាផលិតទ្រនាប់ជើងរត់ប្រណាំងឆ្លាតវៃ (Smart Running Shoes) ហើយអាចនឹងត្រូវបានប្រកាសចេញអំឡុងឆ្នាំ២០១៥នេះ។
ទ្រនាប់ជើងសម្រាត់រត់ចម្ងាយឆ្លាតវៃនេះ មានលក្ខណៈពិសេសនៅត្រង់ វាមានសមត្ថភាពអាចតាមដាននូវសកម្មភាពរបស់អ្នកពាក់ ដោយការបង្កប់ឈីបនៅក្នុងនោះ។ Smart Shoe នេះអាចឱ្យអ្នកពាក់ភ្ជាប់ដោយប្រើកម្មវិធីនៅលើស្មាតហ្វូន ដើម្បីតាមដានព័ត៌មានផ្សេងៗដូចដំណើរផ្លូវ គោលដៅ នៅចំណុចដៅផ្សេងៗបាន។
ទ្រនាប់ជើងរបស់ Li Ning នឹងប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huami Technology ហើយក្នុងនោះក៏មានការចូលរួមសហការជាមួយ Xiaomi ក្នុងការផលិតខ្សែដៃ Mi band ផងដែរ។ យ៉ាងណាពេលនេះ ពុំមានព័ត៌មានអះអាងអំពីតម្លៃទ្រនាប់ជើងឆ្លាតវៃនេះនៅឡើយ។ Li Ning សន្យាថា ក្រុមហ៊ុននឹងចេញលក់ក្នុងតម្លៃមួយសមរម្យ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ reuters, engadget