VAIO ចេញស្មាតហ្វូនដំបូង ប៉ុន្តែគ្រាន់តែកែម៉ាកពីទូរស័ព្ទ Panasonic ម៉ូដែល Eluga U2 ទេ!
ថ្មីៗនេះ ក្រុមហ៊ុន Vaio បានប្រកាសចេញស្មាតហ្វូនដំបូងរបស់ខ្លួន ដែលនឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុនក្នុងថ្ងៃទី២០ ខែមីនាខាងមុខក្នុងតម្លៃ ៤២០ដុល្លារអាមេរិក។ យ៉ាងណាទូរស័ព្ទទី១ របស់ក្រុមហ៊ុនដែលធ្លាប់មានឈ្មោះដើមថា Sony Corporation នេះ គឺពុំមែនជា Smartphone ត្រូវបានផលិតថ្មីសន្លាងនោះឡើយ ពោលគឺគ្រាន់តែកែម៉ាកពីម៉ូដែល Panasonic Eluga U2 ប៉ុណ្ណោះ។
ស្មាតហ្វូន Eluga U2 នេះទើបតែត្រូវប្រកាសចេញដោយក្រុមហ៊ុន Panasonic កាលពីខែមុននៅលើទីផ្សារតៃវ៉ាន់ក្នុងតម្លៃ ២៥៥ដុល្លារអាមេរិក។ រូបរាងឌីហ្សាញនៅលើស្មាតហ្វូន VAIO និងនៅលើ Eluga U2 គឺមានលក្ខណៈដូចគ្នាបេះបិទ ចំណែកលក្ខណៈសម្បត្តិក៏មិនខុសគ្នាដែរ។ ទូរស័ព្ទ VAIO ដំបូងនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop បំពាក់ឈីបអង្គប្រតិបត្តិ Qualcomm 64-bit Quad-core Snapdragon 410 មានអេក្រង់ទំហំ ៥អ៊ីញជាមួយ resolution 720x1280px កាមេរ៉ាទំហំ 13MP និងមាន RAM 2GB។
VAIO គឺជាក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុន ឯកទេសផលិតកុំព្យូទ័រ PC និង Laptop ហើយកាលពីឆ្នាំមុន ត្រូវបាន Sony លក់ទៅឱ្យក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយ Japan Industrial Partner។ រីឯ Panasonic ក៏ជាក្រុមហ៊ុនអេឡិចត្រូនិករបស់ជប៉ុនដែរ ហើយស្មាតហ្វូនរបស់ក្រុមហ៊ុនទាំងពីរ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Quanta របស់តៃវ៉ាន់ដូចគ្នា (Quanta ផលិតឧបករណ៍អេឡិចត្រូនិកឱ្យក្រុមហ៊ុនធំៗ ក្នុងនោះក៏មាន Apple ផងដែរ)។ ស្មាតហ្វូនដំបូងរបស់ VAIO នឹងមិនមានលក់នៅក្រៅទីផ្សាររបស់ប្រទេសជប៉ុននោះទេ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ phonearena