នៅ​ក្នុង​ទី​អវកាស​​លោក​អ្នក​នឹង​ជួប​គ្រោះថ្នាក់​ចំនួន ៨ នេះ​ប្រសិន​បើ​គ្មាន​​អ្វី​ការពារ

3/15/2015 0 Comments A+ a-

រូប​តំណាង​ប្រភព៖​ fr.forwallpaper.com
ដែន​អវកាស (outer space) ​សំដៅ​លើ​ជា​ដែន​គ្មាន​ខ្យល់​ដង្ហើម ឬ​ដែល​ពោរពេញ​ទៅ​ដោយ​សម្ពាធ​បរិយាកាស​ក្រាស់ឃ្មឹក។ អាកាសធាតុ​នៅ​ក្នុង​ទី​អវកាស ប្រសិនបើ​មិន​ត្រជាក់​ខ្លាំង​ដល់​កម្រិត​កក​ទេ ក៏​ក្ដៅ​ខ្លាំង​ដល់​ចំណុច​រំពុះ (boiling point)។ ​កាំរស្មី​ពណ៌ស្វាយ (ultraviolet) ជា​គ្រោះ​គម្រាម​កំហែង​ដ៏​ធំ​សម្រាប់​ជីវិត​សត្វលោក​នៅ​ក្នុង​ពិភព​ចក្រវាឡ ហើយ​កាំរស្មី​នេះ​ជះ​ចេញ​ពី​ហ្វូង​តារានិករ​ ដែល​អណ្ដែតត្រសែត​ក្នុង​ស្រទាប់​បរិយាកាស។ សាក​ស្រមៃ​ទៅ​មើល​ថា ប្រសិនបើ​មនុស្ស​អណ្ដែត​ក្នុង​ទី​អវកាស​ដោយ​ប្រការ​ណាមួយ តើ​មាន​អ្វី​កើត​ឡើង? ខាងក្រោម​នេះ​ជា​ចំណុច​ប្រាំបី​យ៉ាង ដែល​លោក​អ្នក​គួរ​ស្វែង​យល់។

១- ​ខ្វះ​អុកស៊ីហ្សែន (Oxygen)
​ប្រសិនបើ​លោក​អ្នក​ហោះ​ចេញ​ពី​យាន​អវកាស (space shuttle) ​ដោយ​មិន​ពាក់​សម្លៀកបំពាក់​សម្រាប់​អ្នក​អវកាស អ្នក​ប្រាកដ​ជា​ជួប​នឹង​អាសន្ន​ធំ​មិន​ខាន។ អាវ​សម្រាប់​អ្នក​អវកាស (spacesuit) ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​សម្រិតសម្រាំង ដែល​​គ្រប​តាំង​ពី​ចុង​សក់​ដល់​ចុងជើង ហើយ​អាច​ការពារ​មនុស្ស និង​ទប់ទល់​នឹង​សីតុណ្ហភាព និង​ហានិភ័យ​ច្រើន​ប្រភេទ​ដែល​កើត​មាន​ជា​យថាហេតុ​ចំពោះ​មនុស្ស។ ដូច្នេះ បើ​គ្មាន​សម្លៀកបំពាក់​នេះ គឺ​ត្រូវ​ចប់​ហើយ។ ​នៅ​ក្នុង​ដែន​អវកាស គ្មាន​ឡើយ​សម្ពាធ។ ដូចនេះ ខ្យល់​រីក​សាយភាយ​ និង​ធ្វើ​ឲ្យ​ជញ្ជាំង​ជាលិកា (tissue) រហែក​ជា​ចម្រៀកៗ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ចុកចាប់​ពេញ​ខ្លួន។ ជាពិសេស សួត​ទទួល​រង​ឈឺចាប់​ជាងគេ។


២- ​បញ្ហា​ចំពោះ​ការ​គ្រប់គ្រង​កាកសំណល់​ក្នុង​ពោះវៀនធំ
ប្រសិនបើ​គ្មាន​អុកស៊ីហ្សែន​គ្រប់គ្រាន់​នៅ​ក្នុង​សព៌ាង្គកាយ​ទេ ពេល​ស្ថិត​នៅ​ក្នុង​ទី​អវកាស លោក​អ្នក​នឹង​ប្រឈម​នឹង​ការ​ពិបាក​គ្រប់គ្រង​កាកសំណល់​នៅ​ក្នុង​ពោះ​វៀន។ មានន័យ​ថា​លោក​អ្នក​អាច​នឹង​លេច​លាមក ឬ​រាក​ដាក់​ខោ ដោយ​មិន​អាច​ទប់​ឈ្នះ​ទេ។ គេ​ធ្លាប់​ពិសោធ​ឃើញ​បែប​នេះ​កាលពី​ឆ្នាំ១៩៦៥ ដោយ​គេ​យក​ឆ្កែ ១០០ ក្បាល​ដាក់​ក្នុង​ស្រទាប់​បរិយាកាស ដែល​ប្រហាក់ប្រហែល​នឹង​ទី​អវកាស។ គេ​ពិសោធ​ឃើញ​ថា​សត្វ​ឆ្កែ​ទាំង​នោះ មិន​ត្រឹម​តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ចំពោះ​សួត​ប៉ុណ្ណឹង​ទេ ថែមទាំង​លេច​លាមក​ចេញ​មក​កណ្ដាល​វាល​តែ​ម្ដង។

៣- ឈាម​ឡើង​កម្ដៅ​ខ្លាំង​ដល់​ចំណុច​រំពុះ
​ត្រូវ​ចាំ​ថា​នៅ​ពេល​ដែល​សម្ពាធ​បរិយាកាស​កាន់​តែ​ចុះ​ត្រជាក់​កាលណា វត្ថុរាវ​សរីរៈ​កាន់​តែ​ចុះ​ត្រជាក់​កាលនោះ។ នៅ​​ក្នុង​ដែន​អវកាស គ្មាន​សម្ពាធ​បរិយាកាស​ទាល់​តែ​សោះ។ ដូចនេះ សព៌ាង្គកាយ​របស់​មនុស្ស​ងាយ​នឹង​ឡើង​កម្ដៅ​ដល់​ចំណុច​រំពុះ។

៤- ប្រព័ន្ធ​ឈាម​រត់ លែង​ដំណើរ​ការ ធ្វើ​ឲ្យ​សរសៃ​ឈាម​ត្រូវ​ផ្ទុះ​បែក
នៅ​ពេល​ឈាម​ឡើង​ក្ដៅ​ខ្លាំង​ដល់​ចំណុច​រំពុះ ធ្វើ​ឲ្យ​ឈាម​មិន​អាច​រត់​ចូល​គ្រឿង​ក្នុង​សំខាន់ៗ​បំផុត​សម្រាប់​មនុស្ស​បន្ត​ជីវិត​រស់​បាន។ នៅ​ពេល​នោះ ធ្វើ​ឲ្យ​ខ្លួន​របស់​លោក​អ្នក​ឡើង​ស្នាម​ដោរ​ពេញ​ខ្លួន​ឡើង​សុសសាច់។


៥- សារពាង្គកាយ​ហើម
នៅ​ពេល​ដែល​វត្ថុរាវ​នៅ​ក្នុង​សរសៃ​ឈាម​ចាប់​ផ្ដើម​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ឡើងៗ ឈាន​ដល់​ចំណុច​រំពុះ វត្ថុរាវ​ទាំង​នោះ រួម​ទាំង​ឈាម​ផង នឹង​ក្លាយ​ជា​ឧស្ម័ន ហួត​ចេញ​ពី​សរសៃ​ឈាម ហើយ​បណ្ដាល​ឲ្យ​រាងកាយ​ទាំង​មូល​ហើម​កំពីង​។

៦- ត្រូវ​កម្ដៅ​ថ្ងៃ​ដុត​កម្លោច
នៅ​ពេល​ដែល​អណ្ដែត​កណ្ដាល​អាកាស ហើយ​ផុត​ដង្ហើម​លែង​កម្រើក​កើត​ហើយ​នោះ ក៏​មិន​ទាន​បញ្ចប់​បញ្ហា​ត្រឹម​ប៉ុណ្ណឹង​ដែរ។ សាកសព​នឹង​ប្រឈម​នឹង​ការ​ដុត​កម្លោច​ពី​កម្ដៅ​ព្រះអាទិត្យ​ដ៏​សែន​ក្ដៅ​រហូត​ដល់ ១២០ អង្សា (ភ្លើង​ធម្មតា ត្រឹម​១០០អង្សា ឬ​ក្រោម​នេះ)។

៧- ​កោសិកា​ប្រែប្រួល
សារធាតុ​វិទ្យុសកម្ម​ក្នុង​ដែន​អវកាស​នឹង​ជ្រាប​ចូល​ក្នុង​សរសៃ​សាច់ឈាម​របស់​មនុស្ស ៖ កាំរស្មី​ពណ៌ស្វាយ (អ៊ុលត្រាវីយូឡេត – ultraviolet) – កាំរស្មី​វិទ្យុសកម្ម​កម្រិត​ខ្ពស់​បំផុត (gamma rays) និង​កាំរស្មី​អ៊ិក (x-rays) ​អាច​បំផ្លាញ​កោសិកា​របស់​មនុស្ស​គ្មាន​សល់។ បើ​ទុក​ជា​អាច​មិន​ស្លាប់​ពេល​នោះ ក៏​គង់​ស្លាប់​ពេល​ក្រោយ​ទៀត ព្រោះ​កាំរស្មី​វិទ្យុសកម្ម​គ្រោះថ្នាក់​ណាស់ ហើយ​បង្ក​ជាតិ​ពុល និង​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក។


៨- សព៌ាង្គកាយ​ទាំងមូល​ត្រូវ​កក​ក្លាយ​ដុំ​ទឹកកក
​ប្រសិនបើ​មនុស្ស​អណ្ដែត​ក្នុង​ទី​អវកាស​ឆ្ងាយ​ពី​កម្ដៅ​ព្រះអាទិត្យ ក៏​ប្រឈម​នឹង​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​រហូត​ដល់​ដក ២៦០ អង្សា​ក្រោម​សូន្យ​ (អុកស៊ីហ្សែន​ឡើង​ពណ៌​ខៀវ)។ សីតុណ្ហភាព​ដល់​កម្រិត​នេះ វា​ហួស​ពី​កក​ទៅ​ទៀត ព្រោះ​ត្រឹម​សូន្យ​អង្សា វត្ថុរាវ​ត្រូវ​កក​រួចជាស្រេច៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ Business Insider