Town ព្រមានប្តឹងទារជំងឺចិត្ត ជាងកន្លះលានដុល្លារ លើជនលួចចម្លងស្នាដៃចម្រៀងរបស់ខ្លួន
ភ្នំពេញ៖ ផលិតកម្ម Town បន្ទាប់ពីថតបញ្ចប់បទចម្រៀង សម្រាប់ត្រៀម អបអរក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីខ្មែររួចមក មិនទាន់បាន ចេញលក់ ជាផ្លូវការផង ស្រាប់តែថ្មីៗនេះ ម្ចាស់ផលិតកម្មមួយនេះ បានចេញមុខព្រមានប្តឹងទារជំងឺចិត្ត ទៅលើជនណា ដែលលួចចម្លង ស្នាដៃបទចម្រៀងរបស់ខ្លួន លក់លើទីផ្សារខុសច្បាប់ ដោយក្នុងនោះផលិតកម្មនឹងប្ដឹងទារជំងឺចិត្តដល់ជនខិលខូចទាំងនោះ ប្រមាណជាង ៥០ម៉ឺនដុល្លារ ។
ផលិតកម្ម Town បានចេញសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៥ ម្សិលមិញនេះថា ខាងផលិតកម្ម បានថតបញ្ចប់ បទចម្រៀង សម្រាប់ត្រៀមអបអរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នាភូមិវប្បធម៌ ខេត្តសៀមរាប ដែលមានតារាចម្រៀង និងតារាសម្តែងល្បីៗ ចំនួនជាង៣០០នាក់ចូលរួម ។
បើតាមសេចក្តីប្រកាសខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ផលិតកម្ម មានត្រៀម ចេញលក់ CD, VCD,DVD ដែលមានបទចម្រៀងពីរោះៗជាច្រើន និងច្រើនចង្វាក់ផងដែរ ហើយនៅក្នុងនោះ មុនពេលដែលចេញលក់ បទចម្រៀងនេះ ខាងផលិតកម្ម បានត្រៀមសហការ ជាមួយនឹងគណៈកម្មការអន្តរក្រសួង បង្ក្រាបបទល្មើសភាពយន្ត និងវីឌីអូ រួមជាមួយស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីចុះបង្ក្រាបជនខិលខូច ដែលកំពុងរំលោភ លើកម្មសិទ្ធិបញ្ញាយ៉ាងធ្ងន់ធ្ងរ ។
សេចក្តីប្រកាស បានរៀបរាប់ទៀតថា ការលួចចម្លងស្នាដៃទាំងនោះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ផលិតកម្ម Town បង្កឲ្យមានការ ខាតបង់ថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឲ្យផលិតករបាក់ទឹកចិត្ត ក្នុងការផលិត និងប្រឈម នឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ។ ដោយសារតែបែបនេះហើយ ទើបខាងផលិតកម្មសម្រេចចិត្ត ចេញសេចក្តីប្រកាសព្រមានថា នឹងប្តឹងទារសងជំងឺចិត្ត មិនតិចជាង៥០ម៉ឺនដុល្លារ ចំពោះជនណាដែលល្មើស លួចចម្លងស្នាដៃបទចម្រៀង របស់ផលិតកម្ម យកទៅធ្វើអាជីវកម្មបន្តដោយខុសច្បាប់៕