ហេតុអ្វីមនុស្សស្រមើស្រមៃ-អណ្ដែតអណ្ដូង?
នៅពេលខ្លះ លោកអ្នកខ្លះអាចនឹងឆ្ងល់ថាហេតុអ្វីបានជាមនុស្សស្រមើស្រមៃ – រវើរវាយ (fantasy) និងអណ្ដែតអណ្ដូង (daydreaming)? គេសង្កេតឃើញថាពេលខ្លះអ្នកខ្លះលង់ស្មារតីស្រមើស្រមៃ រហូតដល់ដំណាក់កាលភ្លឹកស្មារតី ដែលមិនអាចចាប់អារម្មណ៍ថាអ្នកនៅក្បែរខ្លួនកំពុងនិយាយអំពីអ្វី។ល។
អ្នកខ្លះប្រឈមនឹងស្ថានភាពរវើរវាយ និងអណ្ដែតអណ្ដូង ដោយមិនបានតាំងចិត្ត ឬដោយមិនអាចបញ្ជាចិត្ត និងអារម្មណ៍ខ្លួនឯង កុំឲ្យមានទម្លាប់រវើរវាយនិងអណ្ដែតអណ្ដូងបែបនេះបានទាល់តែសោះ។ ក្នុងករណីខ្លះ លោកអ្នកខ្លះអាចនឹងរវើរវាយខ្លាំងអំពីរឿងអស្ចារ្យ និងអច្ឆរិយរហូតដល់ព្រឺសម្បុរគីង្គក់ និងគ្រញែងខ្លួនទៀតផង។
ការអណ្ដែតអណ្ដូង និងស្រមើស្រមៃនេះហើយធ្វើឲ្យមនុស្សមានគំនិតច្នៃប្រឌិត (imagination) – នឹកឃើញគន្លឹះដោះស្រាយបញ្ហាប្រឈម និងបង្កើត «របកគំហើញ – breakthrough» ថ្មីៗ។ នៅពេលមនុស្សអណ្ដែតអណ្ដូង ដោយលើកជាឧទាហរណ៍អំពីព្រឹត្តិការណ៍អ្វីមួយ ហើយរិះរកវិធីដោះស្រាយបញ្ហានោះទុកឲ្យហើយ ប្រសើរជាងមិនបានស្រមើស្រមៃអ្វីសោះ។ ដូចនេះ ការស្រមើស្រមៃរបៀបនេះជួយបំណិនក្នុងការដោះស្រាយបញ្ហា (problem-solving ability)។ ការអណ្ដែតអណ្ដូងគឺជាការបណ្ដែតអារម្មណ៍។
អ្នកប្រាជ្ញមួយចំនួន ប្រសិនបើគេមើលប្រវត្តិអស់លោកទាំងនោះកាលពីដំបូងដៃ គឺអស់លោកមិនមានអ្វីអស្ចារ្យប៉ុន្មានទេ គឺសាមញ្ញៗដូចគេដូចឯង។ ប៉ុន្តែបន្ទាប់ពីលោកប្រើការស្រមៃ ក៏នាំឲ្យអស់លោករកឃើញគំនិតច្នៃប្រឌិត និងរបកគំហើញថ្មីៗគួរឲ្យកោតស្ញប់ស្ញែង។ លោកអែនស្តែន (Albert Einstein) ធ្លាប់ប្រាប់ថាលោកមិនមែនជាមនុស្សមានបញ្ញាឈ្លាសវៃអ្វីប៉ុន្មានទេ ប៉ុន្តែលោកប្រើក្ដីស្រមើស្រមៃច្រើនក្នុងមួយថ្ងៃៗ។
តាមពិត ញូតុន (Issac Newton) និងអែនស្តែន (Einstein) សុទ្ធតែរកឃើញអាថ៌កំបាំងធម្មជាតិ ចេញពីក្ដីស្រមៃ និងភាពចៃដន្យ។ សេចក្ដីផ្ដើមដែលនាំឲ្យលោកញូតុនស្រាវជ្រាវឃើញ និងបង្កើតទ្រឹស្ដីទំនាញសាកល គឺផ្ដើមចេញពីផ្លែប៉មជ្រុះពីទង ធ្លាក់លើដី ហើយលោកបានប្រើវិធីវិភាគ និងស្រមៃរហូតដល់បង្កើតបានទ្រឹស្ដីទំនាញសាកល (law of universal gravity)។
ដោយឡែក ការស្រមើស្រមៃ និងអណ្ដែតអណ្ដូងមួយរបៀបទៀត មានលក្ខណៈអវិជ្ជមានទៅវិញ ដូចជា៖ ពេលអង្គុយរៀននៅក្នុងថ្នាក់ សិស្សអណ្ដែតអណ្ដូង ស្រមើស្រមៃ ទៅរឿងណាផ្សេងក្រៅប្រធានបទ ឬបរិបទ។ ក្នុងករណីបែបនេះ មនុស្សរវើរវាយក្នុងមួយថ្ងៃៗច្រើនម៉ោងដោយមិនបានទទួលលទ្ធផលអ្វីទាំងអស់។
ការអណ្ដែតអណ្ដូង – ស្រមើស្រមៃ និងរវើរវាយរបៀបនេះនាំឲ្យខាតពេលវេលា។ ពេលខ្លះ មនុស្សដឹងថាខ្លួនកំពុងប្រឈមនឹងបញ្ហានេះ ប៉ុន្តែនៅតែមិនអាចបញ្ជាចិត្ត និងអារម្មណ៍ខ្លួនឯងបានដោយជោគជ័យទេ។ ប្រសិនបើជួបករណីបែបនេះ គួរប្រឹក្សាយោបល់ជាមួយអ្នកជំនាញខាងវិស័យចិត្តវិទ្យា (psychology) ឬវិកលវិទ្យា (psychiatry)៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ telegraph.co.uk , abc.net.au , nytimes.com , dailymail.co.uk