តើលោក Michael Jordan អតីតតារាបាល់បោះអាមេរិករកចំណូលបាន ១០០ លានដុល្លារក្នុងមួយឆ្នាំដោយវិធីណា?
លោក Michael Jordan អតីតតារាបាល់បោះដ៏ល្បីល្បាញរបស់អាមេរិកបានជាប់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ទស្សនាវដ្តី Forbes កាលពីពេលថ្មីៗនេះ។ លោក មានទឹកប្រាក់សរុបប្រមាណ ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០១៥នេះ។ ចំនួនទឹកប្រាក់ដ៏ច្រើននេះ បានធ្វើឲ្យតារាបាល់បោះរូបនេះក្លាយជាកីឡាករម្នាក់ដែលរងចំណូលបានច្រើនជាងគេក្នុងមួយឆ្នាំៗ នាំមុខកីឡាករផ្សេងៗទៀតដែលធ្លាប់ប្រកបអាជីពបាល់បោះដូចគ្នា។
ក្នុងមួយឆ្នាំ អតីតកីឡាករបាល់បោះដ៏ល្បីល្បាញខាងលើអាចរកចំណូលបានប្រមាណ ១០០ លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុន Nike និងដៃគូសហការដទៃទៀតដែលលើសពីកីឡាករដែលចូលនិវត្តដទៃទៀត។ លោក បានសហការជាមួយនឹងក្រុមហ៊ុន Nike ដោយប្រើឈ្មោះលោកផ្ទាល់ទៅនឹងផលិតផលកីឡាមួយចំនួន ជាពិសេសស្បែកជើងម៉ាក់ Jordan ។
ការលក់ផលិតផលស្បែកជើងរបស់លោកបានកើនឡើង ១៧% កាលពីឆ្នាំទៅមិញដែលទទួលបានប្រាក់ចំណូលស្មើនឹង ២,៦ ពាន់លានដុល្លារ។ ក្នុងនោះទីផ្សារលក់ផលិតផលស្បែកជើងរបស់លោកនៅក្រៅស្រុកទទួលបាន ១ ពាន់លានដុល្លារ ខណៈដែលផលិតផលកីឡាម៉ាក Jordan មានចំណែកទីផ្សារប្រមាណ ៥៨% នៃទីផ្សារស្បែកជើងសរុបរបស់អាមេរិក ៤,២ ពាន់លានដុល្លារ ពោលគឺបានកើនឡើងពី ៥៤% កាលពីឆ្នាំ ២០១៣។
ផលិតផលស្បែកជើងម៉ាក Jordan (Jordan Brand ) របស់ក្រុមហ៊ុន Nike
ភាពល្បីល្បាញរបស់តារាបាល់បោះរូបនេះ ជួយឲ្យក្រុមហ៊ុន Nike បង្កើនការលក់បានកាន់តែច្រើនបន្ថែមទៀតជាមួយផលិតផលកីឡារបស់ខ្លួនដែលលក់ក្នុងតម្លៃជាមធ្យមចាប់ពី ១៨០ ដុល្លារឡើងទៅ។ គេនៅចាំបានថា ពេលដាក់លក់ស្បែកជើង “Legend Blue” នៅក្នុងសប្តាហ៍ដំបូង ក្រុមហ៊ុននេះបានរកប្រាក់ចំណូលប្រមាណ ៨០ លានដុល្លាររួចស្រេចទៅហើយ ស្របពេលដែលក្រុមហ៊ុនផ្សេងៗទៀតចំណាយពេលដល់ទៅជាង៣ សប្តាហ៍ទើបអាចរកប្រាក់ចំណូលក្នុងចំនួនដូចគ្នានេះ។
យ៉ាងណាមិញ តារាបាល់បោះវ័យ ៥២ ឆ្នាំរូបនេះបានចូលនិវត្តន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែប្រជាប្រិយភាពដ៏មានឥទ្ធិពលរបស់លោកនាកំឡុងទសវត្សទី ៩០ នៅតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនអាមេរិក ជាពិសេសអ្នកស្នេហាវិស័យកីឡាដដែល។ នេះបានធ្វើឲ្យអ្នកជំនួញ ឬ ក្រុមហ៊ុនល្បីៗជាច្រើនជាក់ស្តែងដូចជាក្រុមហ៊ុន Nike អន្ទងលោកឲ្យមកចុះកុងត្រាដើម្បីបង្កើតឈ្មោះម៉ាកផលិតផល (Brand Name) ជួយឲ្យកាន់តែល្បី និងវាយលុកទីផ្សារបានឆាប់រហ័ស។
ដោយសារតែប្រជាប្រិយភាពរបស់លោកនេះហើយ ដែលធ្វើឲ្យតារាបាល់បោះរូបនេះ និង ក្រុមហ៊ុន Nike កាក់កបក្នុងការស្វែងរកចំណូលគ្រាក់ៗនៅក្នុងមួយឆ្នាំៗ ក្តោបក្តាប់ទីផ្សារលក់ផលិតផលស្បែកជើងនៅជុំវិញពិភពលោក៕
ប្រែសម្រួល៖ រស្មី
ប្រភព ពី Thebnews
ប្រភព៖ www.forbes.com