បើ​លោក ​ពូទីន​គ្រប់គ្រង​គ្រប់​យ៉ាង​នៅ​រុស្ស៊ី ចុះ​ហេតុអ្វី​បាន​ជា​ មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​Forbes​ដែល​ទើប​នឹង​ចុះផ្សាយ?​

3/04/2015 0 Comments A+ a-

លោក ​ពូទីន​ ប្រធានាធិបតីប្រភព៖​ www.forbes.com
សារព័ត៌មាន Forbes ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ បញ្ជី​ឈ្មោះ​មហាសេដ្ឋី​នៅ​លើ​ពិភពលោក​ ដោយ​មាន​ចំនួន​សរុប​ ១ ៨២៦​នាក់។ ប៉ុន្តែ​អ្វី​ដែល​គេ​មាន​ការ​ងឿងឆ្ងល់​នោះ គឺ​មិន​មាន​ឈ្មោះ​ លោក Vladimir Putin​ ប្រធានាធិបតី​របស់​រុស្ស៊ី​នោះ​ទេ? 

Forbes ​បាន​ស្រាវជ្រាវ​លើ​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ជាច្រើន​ ទាំង​អ្នកជំនួញ សែ​រាជវង្ស និង ​មេដឹកនាំ​​នៅ​លើ​ពិភពលោក​យ៉ាង​ច្បាស់​លាស់​បំផុត​មុន​នឹង​ចេញ​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​។ ប៉ុន្តែ​ជុំវិញ​អវត្តមាន​​លោក Vladimir Putin​ ប្រធានាធិបតី​របស់​រុស្ស៊ី​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​​នោះ គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។

ជុំវិញ​បញ្ហា​នេះ ត្រូវ​បាន​ខាង​សារព័ត៌មាន​ Forbes បាន​បញ្ជាក់​ថា លោក Vladimir Putin ​មិន​ស្ថិត​ក្នុង​បញ្ជី​មហាសេដ្ឋី​របស់​ខ្លួន​នោះ គឺ​ដោយសារ​តែ​អ្នក​ជំនាញ​របស់ Forbes​ មិន​អាច​មានលទ្ធភាព​​សិក្សា​លំអិត​អំពី​ទ្រព្យសម្បតិ្ត​សរុប​របស់​បុរស​ខ្លាំង​រុស្ស៊ី​នេះ​បាន​ឡើយ​ ប៉ុន្តែ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា អ្វី​ជា​ឧបសគ្គ​​ក្នុង​ការ​សិក្សា​នោះ​ទេ​​​។

​វា​ពិត​ជា​មាន​ការ​លំបាក​ក្នុង​ការ​សិក្សា​ទៅ​លើ​ទ្រព្យសម្បតិ្ត លោក Vladimir Putin​ព្រោះថា នៅ​រុស្ស៊ី​លោក គ្រប់គ្រង​សឹង​ទាំង​អស់​ ដូច្នេះ​ហើយ​គ្មាន​នរណា​ហ៊ាន​ប្រឆាំង​នឹង​លោក ឬ ហ៊ាន​ស៊ើបអង្កេត​ឲ្យ​ស៊ី​ជម្រៅ​លើ​ទ្រព្យសម្បត្តិ​ឡើយ។

យ៉ាងណាក៏ដោយ​ បើ​តាម​អ្នក​ជំនាញ​មួយ​ចំនួន​បាន​អះអាង​ថា លោក Vladimir Putin​ មិនមែន​មាន​ទ្រព្យសម្បត្តិ​ត្រឹម ១ពាន់លានដុល្លារ​នោះ​ទេ ពោល​គឺ​ច្រើន​ជាង​នេះ​ឆ្ងាយណាស់ ព្រោះ​អ្វីៗ​ស្ថិត​ក្រោម​កណ្តាប់​ដៃ​ដែក​របស់​លោក ទាំង​នយោបាយ និង សេដ្ឋកិច្ច​​។ 

​កាលពី​ពីរ​សបា្តហ៍​មុន​ ​លោក Bill Browder ជា​ស្ថាបនិក​ និង ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលធន​ដ៏​ធំ​មួយ​របស់​អាមេរិក​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​CNN ថា ​លោក Vladimir Putin មាន​ទ្រព្យសម្បតិ្ត​សរុប​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ​​អាមេរិក​។ ដោយឡែក​ ​លោក Stanislav Belkovsky ជំនាញ​វិភាគ​នយោបាយ​របស់​រុស្ស៊ី​កាល​ពី​ឆ្នាំ ២០១២​ធ្លាប់​សន្និដ្ឋាន​ថា លោក ពូទីន​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រហែល ៧០ ពាន់​លាន​ដុល្លារ​អាមេរិក។


​សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ ២០១២ ​ការិយាល័យ​សារព័ត៌មាន​ស៊ើបអង្កេត (Bureau of Investigative Journalism) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ឯករាជ្យ​​មួយ​​មាន​មូលដ្ឋាន​​នៅ​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​ បាន​បង្ហាញ​របាយការណ៍ របស់​ខ្លួន​ថា ​លោក Vladimir Putin​ ទទួល​បាន​ប្រាក់​បៀវត្ស​ប្រមាណ ១៤០ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ www.newsweek.com