អ្នកស្រលាញ់ និងការពារអារ៉ែង ពេលនេះ មានកាន់តែច្រើន
រហូតដល់ពេលនេះ អ្នកស្រលាញ់ និងការពារតំបន់អារ៉ែង ក្នុងខេត្តកោះកុង មានកាន់តែច្រើនឡើង។ ក្រុមយុវជន អង្គការសង្គមស៊ីវិល និងព្រះសង្ឃ បានធ្វើដំណើរទៅកាន់តំបន់អារ៉ែងជាបន្តបន្ទាប់ គឺនៅក្រោយពីអវត្តមានរបស់អាឡិច ជនជាតិអេស្ប៉ាញ និងជាសកម្មជនការពារតំបន់អារ៉ែង។ បន្ទាប់ពីដឹកនាំយុវជន ព្រះសង្ឃ អាជីវករ និងមន្ត្រីរាជការ ចុះទៅកាន់តំបន់ព្រៃភ្នំ នៅអារ៉ែង រួចមក លោកព្រាប កុល បានបង្កើត Page Facebook មួយ ដែលមានឈ្មោះថា We Love Nature ដើម្បីបំផុសឲ្យមហាជន ស្រឡាញ់ធម្មជាតិ។
Page លើទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា “We Love Nature” ត្រូវបានបង្កើតឡើង ដើម្បីឲ្យពលរដ្ឋ ដែលស្រឡាញ់ធម្មជាតិ អាចទទួលបានព័ត៌មាន និងរូបភាពទាក់ទងនឹងតំបន់អារ៉ែង ក៏ដូចជារូបភាពពីតំបន់ព្រៃភ្នំឯទៀត នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមលោកព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា។ ការបង្កើត Page នោះ អនុវត្តតាមការសម្រេចរបស់សមាជិកក្រុម ទៅទស្សនកិច្ចនៅតំបន់អារ៉ែង។
ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី៩មីនាត្រូវបានលោក ព្រាប កុល ដឹកនាំទៅកាន់តំបន់អារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានព្រះសង្ឃ សង្គមស៊ីវិល អាជីវករ មន្ត្រីរាជការ និងយុវជន សរុបប្រមាណ ៤០ នាក់។ ទំព័រហ្វេសប៊ុក We Love Nature មកដល់ថ្ងៃអាទិត្យ ទី១៥មីនា គឺបង្កើតបាន ៣ ថ្ងៃ មានអ្នកចុច Like ជាង ៤០០០ នាក់។
លោក ព្រាប កុល បានលើកឡើងថា ពលរដ្ឋគ្រប់រូប អាចបង្ហោះរូបភាពទាក់ទងនឹងធម្មជាតិ ឬការបំផ្លាញធម្មជាតិ ឬក៏គំនិតយោបល់ផ្សេងៗ នៅក្នុង Page នេះ។ ប៉ុន្តែសូមជៀសវាងការបង្ហោះរូបភាព ឬមានយោបល់អសីលធម៌ ឬបែបប្រមាថ។ ការធ្វើដូច្នេះ ត្រូវបានលោក ព្រាបកុល អះអាងថា ជាការចូលរួមចំណែក ក្នុងការថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថាន។
ធនធានធម្មជាតិ និងបរិស្ថាន នៅតំបន់អារ៉ែង ត្រូវបានលោកព្រាបកុល អះអាងថា ស្អាតប្រណិត ប្លែកខុសពីខេត្តមួយចំនួន។ នៅអារ៉ែង មានព្រៃភ្នំ ទឹកជ្រោះ ស្ទឹង និងសត្វកម្រ ជាដើម។ ធនធានធម្មជាតិនោះ ជាសក្កានុពល សម្រាប់ប្រែក្លាយតំបន់អារ៉ែង ឲ្យទៅជាតំបន់អេកូទេសចរណ៍ ជាជាងការធ្វើវារីអគ្គិសនី។
គម្រោងសាងសង់វារីអគ្គិសនី នៅតំបន់អារ៉ែង ត្រូវបានពលរដ្ឋ សង្គមស៊ីវិល និងមហាជនមួយចំនួន ព្រមទាំងអាឡិច ជាជនជាតិអេស្ប៉ាញ បានជំទាស់។ ថ្មីៗនេះ ប្រមុខរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល ព្រមទាំងអគ្គិសនីកម្ពុជា ក៏បានប្រកាសពីការសម្រេចផ្អាកគម្រោង ហើយថា យ៉ាងហោចណាស់ ក្នុងអាណត្តិទី៥ គឺដល់ឆ្នាំ២០១៨ នឹងមិនអនុវត្តន៍គម្រោងសាងសង់វារីអគ្គិសនី នៅអារ៉ែង នោះឡើយ។
យ៉ាងណាក៏ដោយ ក្រុមរបស់លោកព្រាបកុល នឹងធ្វើដំណើរទៅកាន់តំបន់អារ៉ែង ទៀងទាត់ រៀងរាល់ ៣ ខែម្តង។ លោកព្រាបកុល នឹងដឹកនាំដំណើរទៅកាន់តំបន់អារ៉ែង ម្តងទៀត នៅក្រោយបុណ្យចូលឆ្នាំខ្មែរ៕ ប្រភពៈ RFI