តើរាជរដ្ឋាភិបាលអាចបោះបង់មហិច្ឆតាសាងសង់ទំនប់វារីអគ្គិសនីអារ៉ែងឬទេ?
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង មិនកើតឡើងនៅអាណត្តិទី៥នេះទេ។ ចំណែកឯមន្ត្រីគណបក្សប្រជាជនកម្ពុជា ក៏បន្ទរតាមមេរបស់ខ្លួនដែរថា គ្មានឡើយការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នោះ និងថែមទាំងចុះទៅបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋនៅអារ៉ែង ស្ងប់ចិត្តទៀតផង។ តើរាជរដ្ឋាភិបាលអាចបោះបង់ចោលមហិច្ឆតាសាងសង់ទំនប់នេះដែរ ឬយ៉ាងណា?
គេមិនអាចទាយបានថា ទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង នឹងសាងសង់ពិតប្រាកដនៅឆ្នាំណានោះឡើយ។ ប៉ុន្តែមានសញ្ញាមួយចំនួនដែលបង្ហាញពីរបៀបដែលរាជរដ្ឋាភិបាលចាត់ វិធានការចំពោះគម្រោងអភិវឌ្ឍន៍ដ៏ចម្រូងចម្រាសនេះ។
គម្រោងទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង ជាគម្រោងចាស់ដែលកើតឡើងតាំងពីទសវត្សរ៍ទី៦០ មកម្ល៉េះ។ គម្រោងនេះត្រូវបានរាជរដ្ឋាភិបាលចាប់ផ្ដើមសិក្សាឡើងវិញកាលពី អាណត្តិទី៤។ ក្នុងអំឡុងឆ្នាំ២០០៧ មានក្រុមហ៊ុនពីរបានចុះសិក្សាស្រាវជ្រាវនៅតំបន់អារ៉ែង ដោយជីកយករ៉ែ ពិនិត្យស្ថានភាពទូទៅនៃកម្លាំងទឹក និងពិនិត្យសណ្ឋានដីជាដើម។
ប្រធានសហគមន៍ជំនាប់តំបន់អារ៉ែង លោក វ៉ែន វ៉ន មានប្រសាសន៍ថា អ្នកស្រាវជ្រាវទាំងនោះបានរកឃើញថា តំបន់អារ៉ែង មិនមានសក្ដានុពលគ្រប់គ្រាន់សម្រាប់សាងសង់ទំនប់វារីអគ្គិសនីទេ។ លោកបន្ថែមថា គម្រោងទំនប់វារីអគ្គិសនីស្ទឹងជាយអារ៉ែង ប្រហែលជាគម្រោងជីករ៉ែក្រោមដី និងប្រមូលកាប់ឈើកាប់យកទៅលក់៖ «បើសិនជាសាងសង់ទំនប់វារីអគ្គិសនីពិតមែន មិនមែនក្រុមហ៊ុនទី១ ក្រុមហ៊ុនទី២ ដកខ្លួនចេញទេ ច្បាស់ជាក្រុមហ៊ុនហ្នឹងសាងសង់ហើយ មិនចាំបាច់ដល់ក្រុមហ៊ុនទី៣ ទេ។ បើសិនជាសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់នេះ គឺត្រូវជម្លៀសពលរដ្ឋចេញពីតំបន់នេះទាំងអស់។ ខ្ញុំតែងឃើញពលរដ្ឋយំស្រែករហូត មិនដែលឃើញមានសំណងសមរម្យទេ»។
ឈ្មោះអារ៉ែង ត្រូវបានគេស្គាល់បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូ ហាយដ្រូ (Sino hydro) សិក្សាពីសក្ដានុពលនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនី ហើយសារព័ត៌មានចាប់ផ្ដើមផ្សព្វផ្សាយពីគម្រោងនេះ។ បន្ទាប់មកបុរសសញ្ជាតិអេស្ប៉ាញ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) បានចូលទៅក្នុងតំបន់អារ៉ែង និងផ្ដួចផ្ដើមប្រមូលការគាំទ្រពីពលរដ្ឋ ដើម្បីប្រឆាំងនឹងគ្រោងសាងសង់ទំនប់។
អ្នកភូមិបានរួមដៃគ្នាជាមួយលោក អាឡិក ដោយបិទច្រកចូលតំបន់អារ៉ែង អស់ជាច្រើនថ្ងៃមិនឲ្យក្រុមហ៊ុនដែលស្និទ្ធនឹងរដ្ឋាភិបាលចូលទៅ តំបន់អារ៉ែង។ ចលនាតវ៉ាចេះតែបន្ត តំបន់អារ៉ែង កាន់តែមានគេស្គាល់ច្រើន ជាមូលហេតុដែលនាំឲ្យអ្នកនយោបាយគណបក្សប្រឆាំងលូកដៃចូលស្នើឲ្យ រាជរដ្ឋាភិបាលលុបចោលគម្រោងនេះ។ ក្នុងជំនួបចរចារកដំណោះស្រាយនយោបាយរវាងបក្សកាន់អំណាចនិងបក្ស ប្រឆាំង លោក ហ៊ុន សែន សន្យាចំពោះមុខលោក សម រង្ស៉ី ថា ការសាងសង់ទំនប់វារីអគ្គិសនីនៅអារ៉ែង ជាការងាររបស់រដ្ឋាភិបាលអាណត្តិក្រោយៗប៉ុណ្ណោះ។
លោកក៏ប្រកាសបែបនេះជាសាធារណៈមួយដងជាពីរដងទៀតដែរ៖ «ហេតុ អីបានឮសូរអារ៉ែងៗ អីក៏សម្បើមម្ល៉េះអារ៉ែងហ្នឹង? បើចង់ដឹងថា អារ៉ែង យ៉ាងម៉េចទាល់តែសិក្សាសិន។ ដល់គេទៅសិក្សា ទៅព័ទ្ធចាប់គេទៀត។ ខ្ញុំបានប្រាប់ហើយ ហើយសរសេរទៅរដ្ឋសភាដើម្បីបញ្ជាក់ថាយ៉ាងម៉េច? គ្មានទាន់មានសេចក្ដីសម្រេចណាមួយអំពីអារ៉ែងទេ…។ ខ្មែរចេះដែរ មិនមែនចាំតែមានបរទេសប្រដៅបានខ្មែរចេះទេ»។
ទោះជាបែបណាក្តី ដំណើរការនៃគម្រោងការសាងសង់របស់រដ្ឋាភិបាលទំនងជាមិនដើរថយក្រោយទេ។ នៅដើមឆ្នាំនេះ រដ្ឋាភិបាលមិនបន្តទិដ្ឋាការឲ្យលោក អាឡិក បើទោះជាសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនទទូចឲ្យរដ្ឋាភិបាលគិតឡើងវិញពីបញ្ហានេះ ក៏ដោយចុះ។ អាជ្ញាធរបណ្ដេញ អាឡិក ចេញពីកម្ពុជា ក្រោមហេតុផលអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលទំនងថា គ្រាន់តែជាល្បិចមួយរបស់រដ្ឋាភិបាលប៉ុណ្ណោះ ខណៈដែលជនជាតិវៀតណាម ជាច្រើននាក់ ត្រូវគេជឿថា កំពុងរស់នៅដោយខុសច្បាប់ក្នុងស្រុកខ្មែរ។
ក្រុមយុវជននិងសង្គមស៊ីវិលចាប់ផ្ដើមទៅទស្សនាតំបន់អារ៉ែង កាន់តែច្រើនឡើងៗ ក្នុងបំណងការពារធនធានធម្មជាតិនៅតំបន់នោះ។ ប៉ុន្តែអាជ្ញាធរខេត្តកោះកុង បានបញ្ជាឲ្យមន្ត្រីនគរបាលស៊ើបអង្កេត និងព្យាយាមរារាំងអ្នកដែលចង់ចូលទៅតំបន់នោះទៀតផង។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ជាអ្នកដឹកនាំដំណើរទស្សនាចរណ៍តំបន់អារ៉ែង មានប្រសាសន៍ថា ទស្សនៈរបស់ក្រុមលោកគឺធ្វើឡើងដើម្បីការពារធម្មជាតិនៅអារ៉ែង ហើយលោកមិនប្រាកដថា រាជរដ្ឋាភិបាលនឹងកាប់ព្រៃស្រោងនៅទីនោះចោល ហើយសាងសង់ទំនប់ ឬអត់ទេ។
លោកបន្តថា អាជ្ញាធរខេត្តកោះកុង ចាប់ផ្ដើមឃ្លាំមើលអ្នកទេសចរទៅអារ៉ែង ដែលជាករណីពិសេសមិនធ្លាប់មាននៅពេលកន្លងទៅនោះឡើយ៖ «…ខ្ញុំគិតថាប្រហែលជាមានការណែនាំក្រៅផ្លូវការណាមួយដើម្បីឲ្យត្រួតពិនិត្យអ្នកធ្វើដំណើរទៅតំបន់អារ៉ែង»។
លើសពីនេះទៀត អាជ្ញាធរចាប់ផ្ដើមធ្វើស្ពាននៅតាមផ្លូវលំពីស្រុកថ្មបាំង ចូលទៅតំបន់អារ៉ែង អ្នកភូមិខ្លះសង្ស័យថា ស្ពានទាំងនោះធ្វើឡើងសម្រាប់ដឹកសម្ភារៈចូលទៅសិក្សានៅអារ៉ែង។ មិនតែប៉ុណ្ណោះ តំបន់អារ៉ែង ត្រូវអាជ្ញាធរខេត្តកោះកុង ទុកឲ្យក្លាយជាតំបន់ដាច់ស្រយាលមួយ ដែលមិនមានសេវាទូរស័ព្ទទាក់ទងចេញមកក្រៅនោះទេ។
ក្នុងជំនួបរវាងតំណាងរាស្ត្រខេត្តកោះកុង លោក អាយ ខន និងអ្នកភូមិនៅអារ៉ែង ប្រជាពលរដ្ឋមួយចំនួនថ្លែងថា អាជ្ញាធរមូលដ្ឋានផ្ដើមចោទថា អ្នកភូមិដែលប្រឆាំងគម្រោងសាងសង់ទំនប់ ចុះចូលជាមួយគណបក្សសង្គ្រោះជាតិ។
អ្នកភូមិខ្លះបានឡើងស្បថចំពោះមុខតំណាងរាស្ត្រគណបក្សកាន់អំណាច ថា ពួកគាត់គ្រាន់តែសន្យាស្រលាញ់ធម្មជាតិ ចង់រក្សាកេរអាករពីដូនតាប៉ុណ្ណោះ មិនមានបំណងប្រឆាំងរដ្ឋាភិបាល ឬបង្កើតតំបន់អបគមន៍ណាមួយនោះទេ។
ឆ្លើយតបនឹងការលើកឡើងនេះ តំណាងរាស្ត្រមណ្ឌលកោះកុង លោក អាយ ខន មានប្រសាសន៍ថា ពលរដ្ឋទាំងអស់ត្រូវសាមគ្គីគ្នាមិនត្រូវរើសអើងនយោបាយឡើយ។ លោកបានប្រើពេលជាងមួយម៉ោងពន្យល់អ្នកភូមិឲ្យជឿជាក់លើការសន្យា របស់លោក ហ៊ុន សែន ព្យាយាមបង្អាប់ អាឡិក និងបញ្ចុះបញ្ចូលឲ្យប្រជាពលរដ្ឋព្រមទទួលយកអ្នកសិក្សាស្រាវជ្រាវពី គម្រោងវារីអគ្គិសនីឲ្យចូលទៅក្នុងតំបន់អារ៉ែង។ លោកក៏លើកឡើងថា ពេលមានទំនប់វារីអគ្គិសនីនឹងនាំឲ្យត្រីសំបូរ សំបូរទឹកនិងសំបូរព្រៃឈើ នាំឲ្យជីវភាពអ្នកភូមិបានរីកចម្រើន។ ប៉ុន្តែលោកមិនបាននិយាយទាល់តែសោះពីផលប៉ះពាល់នៃគម្រោង និងពីកន្លែងតាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ក្រុមអាជ្ញាធរស្រុកថ្មបាំង ក៏គំរាមរំលាយសហគមន៍ជំនាប់ដែលជាកន្លែងទទួលភ្ញៀវទេសចរចោលដែរ ដោយចោទថា ប្រធានសហគមន៍ លោក វ៉ែន វ៉ន ទិញឈើសាងសង់សហគមន៍ដោយខុសច្បាប់។ អាជ្ញាធរគំរាមលោក វ៉ែន វ៉ន ឲ្យផ្ដិតមេដៃសារភាពកំហុស ហើយសង្កាត់រដ្ឋបាលព្រៃឈើក៏ប្ដឹងលោកទៅកាន់តុលាការទៀត។
លោក វ៉ែន វ៉ន យល់ថា៖ «មូលហេតុសំខាន់គឺខ្ញុំជាប្រធានសហគមន៍ផង ហើយក៏ជាសមាជិកក្រុមប្រឹក្សាឃុំ ខ្ញុំការពារប្រជាពលរដ្ឋ តស៊ូមតិជាមួយនឹងការសាងសង់ទំនប់វារីអគ្គិសនី…»។
អ្នកភូមិជំនាប់ ក៏ជឿដែរថា បណ្ដឹងប្រឆាំងប្រធានសហគមន៍ លោក វ៉ែន វ៉ន ជាចេតនាបំបាក់អ្នកជំទាស់គម្រោងសាងសង់ទំនប់វារីអគ្គិសនី៖ «អ្នក ខ្លះគេមិនចង់បាន។ ខ្ញុំមិនចង់ចាកចេញពីទីនេះទេ ខ្ញុំចង់រស់នៅកន្លែងកេរជីដូនជីតា ថ្វីត្បិតខ្ញុំមិនកើតនៅទីនេះមែន»។
ទោះជាយ៉ាងណាក៏ដោយ អ្នកភូមិខ្លះក៏គាំទ្រនឹងគម្រោងរបស់រដ្ឋាភិបាលដែរ ប៉ុន្តែអ្នកនោះមិនហ៊ានគាំទ្ររដ្ឋាភិបាលជាចំហទេ។
តំបន់អារ៉ែង ជាផ្នែកមួយនៃជួរភ្នំក្រវាញ មានផ្ទៃដីជិត ១០ម៉ឺនហិកតារ គ្របដណ្ដប់ដោយព្រៃស្រោង ព្រៃរបោះ ដីចំការ ដីស្រែ និងដងស្ទឹង។ ឃុំចំនួនបីនៃស្រុកថ្មបាំង ខេត្តកោះកុង រួមមានឃុំថ្មដូនពៅ ឃុំជំនាប់ និងឃុំប្រឡាយ ត្រូវបានគេរាប់បញ្ចូលក្នុងតំបន់អារ៉ែង ទាំងមូល។ តំបន់នេះស្ថិតនៅជាប់ខេត្តកំពង់ស្ពឺ និងពោធិ៍សាត់។ តំបន់នេះធ្លាប់ជាកន្លែងដែលឈ្មួញចុះប្រមូលទិញឈើប្រណីតៗ កាលពីពីរបីឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនចិន សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃ ដែលមានចម្ងាយជាង ៧០គីឡូម៉ែត្រពីតំបន់អារ៉ែង។
កាលពីថ្ងៃទី៦ ខែមីនា មានរថយន្តទំនើបជាច្រើនគ្រឿងបានចុះទៅប្រមូលទិញឈើប្រណីតនៅជាយ អារ៉ែង។ ក្រុមឈ្មួញបានបណ្ដាក់គ្នាឃ្លាំមើលគ្រប់សកម្មភាពរបស់អ្នកយក ព័ត៌មានវិទ្យុអាស៊ីសេរី ទៀតផង។
រដ្ឋាភិបាលធ្លាប់បញ្ជាក់ថា គម្រោងវារីអគ្គិសនីស្ទឹងឆាយអារ៉ែង មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់កម្លាំង ១០៨មេហ្គាវ៉ាត់ ហើយវារីអគ្គិសនីនោះអាចដំណើរការបានពេញមួយឆ្នាំថែមទៀត។ ប៉ុន្តែនៅខែមីនា នេះ ស្ទឹងជាយអារ៉ែង គោករាក់ស្ទើរគ្រប់កន្លែង។ ពលរដ្ឋនៅអារ៉ែង ជឿថា រាជរដ្ឋាភិបាលទំនងជាមិនអាចបោះបង់មហិច្ឆតាសាងសង់ទំនប់វារីអគ្គិសនី ស្ទឹងជាយអារ៉ែង នោះទេ៕ ប្រភពៈ RFA