កូនស្រីមេបក្សប្រឆាំងម៉ាឡេស៊ីត្រូវបានចាប់ខ្លួនពីបទប្រមាថតុលាការ
កូនស្រីរបស់មេដឹកនាំបក្សប្រឆាំង អាន់វ៉ាអ៊ីប្រាហ៊ីម ត្រូវបានចាប់ខ្លួនពីបទប្រមាថតុលាការដែលករណីនេះធ្វើឲ្យមាន ការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃសេរីភាពសម្តែងមតិរបស់ អ្នកតំណាងរាស្ដ្រនៃប្រទេសម៉ាឡេស៊ី។
លោកស្រី Nurul Izzah Anwar គឺជាអនុប្រធានគណបក្ស PKR ដែលឪពុករបស់លោកស្រី គឺលោក អាន់វ៉ាហ៊ីប្រាហ៊ីម ជាប្រធាន ហើយត្រូវបានឃុំខ្លួនពីបទសេពសន្ថវៈជាមួយនឹងមនុស្សប្រុសដូចគ្នាដែល ខុស និងច្បាប់ឥស្លាមសារីយ៉ះ។
លោកស្រី Nurul Izzah គឺជាអ្នកតំណាងរាស្ដ្រ។ លោកស្រីបានថ្លែងនៅក្នុងសភាកាលពីសប្ដាហ៍មុនដោយនិយាយរិះគន់ ប្រព័ន្ធតុលាការរបស់ប្រទេសម៉ាឡេស៊ីថា ជាឧបករណ៍នយោបាយ ហើយទាមទារឲ្យដោះលែងឪពុករបស់ខ្លួនឡើងវិញ។ លោកស្រីបាននិយាយទៀតថា ចំណាត់ការរបស់តុលាការទៅលើឪពុកខ្លួនគ្រាន់តែជាការបំបិទសម្លេង ប្រឆាំង។
អំឡុងពេលសភាកំពុងប្រជុំលោកស្រីបានអានលិខិតរបស់ឪពុកខ្លួនដែល បានថ្កោលទោសតុលាការថា ជាស្ថាប័នមិនមានឯករាជ្យភាព និង ជាឧបករណ៍នយោបាយ។
លោកស្រី Nurul Izzah ត្រូវគេរំពឹងថានឹងក្លាយជាមេដឹកនាំបក្សប្រឆាំងស្នងតំណែងឲ្យឪពុក របស់ខ្លួន។ លោកស្រីប្រកាសថា លោកស្រីមិនចុះញ៉មដាច់ខាតចំពោះអំណាចរបស់តុលាការនេះ។
ក្រុមអង្គការសិទ្ធិមនុស្សដូចជាអង្គការ Human Right Wacth និង អង្គការលើកលែងទោសអន្ដរជាតិ Amnesty International បានហៅវិធានការរបស់តុលាការថា ជាឧបករណ៍បំបិទសម្លេង និងសេរីភាពរបស់អ្នករិះគន់ ហើយបានទាមទារឲ្យទម្លាក់ចោលបទចោទប្រឆាំងនឹងកូនស្រីរបស់លោក អាន់វ៉ាអ៊ីប្រាហ៊ីម៕ ប្រភពៈ VOD