តួឯករឿង ”ស្ដេចស្វាវគ្គ២“ រលាកស្បែក ឯអ្នកផ្សេងរបួសដើរមិនរួច
លោក Aaron Kwok ដែលជាតួឯកក្នុងរឿង ”ស្ដេចស្វាវគ្គ២ ឬ The Monkey King 2” ជំនួស កុំកុំ បានកើតកន្ទួលរមាស់និងរលាកស្បែក ពេលតុបតែងមុខរយៈពេលច្រើនម៉ោង ចំណែកអ្នកផ្សេងរងរបួសដើរមិនរួច។
តារាសម្ដែង Aaron Kwok ពេលកំពុងបួងសួង
ក្នុងភាពយន្ត 3D នេះ Aaron ត្រូវតុបតែងមុខសំពីងសំពោងជាសត្វស្វា ដែលជាហេតុនាំឱ្យកើតកន្ទួល និងរលាកស្បែក ប៉ុន្តែលោកបានលេបថ្នាំប្រឆាំងប្រតិកម្មហើយ។ ទោះបីជាយ៉ាងណា តារាសម្ដែងរូបនេះមិនរាថយចំពោះអ្វីដែលលោកបានធ្វើឡើយ។
តារាហុងកុង Aaron ថ្លែងថា “នេះជាភាពយន្តដ៏អស្ចារ្យដែលខ្ញុំបានថត ចាប់តាំងពីប្រឡូកក្នុងឧស្សាហកម្មភាពយន្តមក។ ការតុបតែងមុខត្រូវចំណាយពេលច្រើន ហើយមានឈុតវាយប្រហារច្រើន។ បើទស្សនិកជនចូលចិត្ត វាពិតជាមានតម្លៃណាស់”។
មិនមែនតែតារាចម្រៀងវ័យ៤៩ឆ្នាំខាងលើទេដែលមានបញ្ហា ដោយឡែកតារាសម្ដែងវ័យ៣៦ឆ្នាំ William Feng ដើរមិនរួច បានត្រឹមអង្គុយលើរទេះរុញប៉ុណ្ណោះ ពេលទៅបួងសួងនៅវិហារក្នុងទីក្រុង Wuxi កាលពីម្សិលមិញ។ លោកបានរងរបួស អំឡុងពេលថត។
ភាពយន្ត ”The Monkey King 2 “ ពេលនេះកំពុងឆ្ពោះទៅថតដំណាក់កាលចុងក្រោយ ហើយថ្ងៃទី១ ខែមិនាម្សិលមិញ តារាសម្ដែងទាំងជាច្រើនរួមមាន Gong Li , Aaron Kwok, William Feng, Xiao Shengyang និង Him Law បាននាំគ្នាបួងសួងនៅវិហារក្នុងទីក្រុង Wuxi ដើម្បីសុំឱ្យភាពយន្តនេះ រកចំណូលបានច្រើនលើតារាង Box office នាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០១៦។
ក្រោយ“The Monkey King “ ទទួលជោគជ័យកាលពីឆ្នាំទៅ រឿងវគ្គបន្ទាប់ “The Monkey King 2“ ត្រូវបានថតបន្ត ដែលបានចំណាយដើមទុនអស់ ជាង៦៨លានដុល្លារអាមេរិក។ ក្នុងរឿងនេះ Aaron Kwok ជាតួអង្គ ស៊ុន អ៊ូខុង ជំនួសតារាក្បាច់គុន Donnie Yen (កុំកុំ) និងមានការចូលរួមសម្ដែង ដោយតារាស្រីល្បី Gong Li ផងដែរ៕
តារាសម្ដែងស្រី Gong Li
តារាសម្ដែងវ័យ៣៦ឆ្នាំ William Feng
តើរឿងនេះអាចរកចំណូលបានច្រើនដូចកាលវគ្គមួយដែលកុំកុំសម្ដែងឬអត់?