តួឯកស្រីរឿង”សង្សារខ្ញុំជាបុរសភពផ្កាយ” គឺសេដ្ឋីនីកូរ៉េម្ចាស់អចលនទ្រព្យតម្លៃរាប់លានដុល្លារ
បើតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានក្នុងស្រុកមួយរបស់កូរ៉េកាលពីថ្ងៃព្រហស្បត្តិ៍ទី៥ មិនាកន្លងមកបានឱ្យដឹងថា Jun Ji Hyun តួឯកស្រីរឿង “សង្សារខ្ញុំជាបុរសភពផ្កាយ” “My Love From The Star” ត្រូវបានគេចាត់ទុកថាជាតារាស្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពសិល្បៈ ព្រោះនាងជាម្ចាស់អគារដែលមានតម្លៃ១៤ពាន់លានវ៉ុន (ប្រមាណ១២លានដុល្លារ) នៅកាំងណាំតំបន់ដែលមានតម្លៃដីថ្លៃបំផុតនៅក្រុងសេអ៊ូល។
ដោយសារតែនាងទទួលបានការស្រលាញ់ចូលចិត្តនៅក្នុងផ្នែកថតផ្សាយពាណិជ្ជកម្ម ធ្វើឱ្យតារាដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំរូបនេះបានប្រឡូកក្នុងពិភពថតពាណិជ្ជកម្មផ្សេងៗគ្នាជាយូរអង្វែងមកហើយ។ មិនតែប៉ុណ្ណោះ Jun Ji Hyun ក៏មានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងពិភពភាពយន្តផងដែរព្រោះភាពយន្តខ្នាតធំ My Sassy Girl និង My Thieves ជោគជ័យខ្លាំងបំផុត ម្យ៉ាងវិញទៀតស្នាដៃភាពយន្តទូរទស្សន៍រឿង “My Love From The Star” របស់នាងក៏ជោគជ័យនិងល្បីល្បាញទូទាំងទ្វីបអាស៊ីផងដែរ។
សម្រាប់តម្លៃអគារនោះកាលពីឆ្នាំ២០០៧ដែលនាងទិញចូលគឺមានតម្លៃត្រឹមតែ៩.២ពាន់លានវ៉ុន ប៉ុន្តែបច្ចុប្បន្នតម្លៃបានហក់ឡើងដល់១៤ពាន់លានវ៉ុនដែលចាត់ទុកថាជាតម្លៃដែលកើនឡើងយ៉ាងមហាសាល។
ក្រៅពីតារាស្រីល្បីរូបនេះក៏មានតារាសម្ដែងល្បីៗជាច្រើនរូបដែរដែលជាម្ចាស់អចលនទ្រព្យអគារដែលមានតម្លៃ១១ពាន់លានវ៉ុននោះគឺតារាសម្ដែងរូបស្អាត Jang Keun Suk បន្ទាប់មកគឺ Lee Jung Jae ដែលមានអគារតម្លៃ៦ពានលានវ៉ុនផងដែរ៕
ប្រែសម្រួល៖ សុខា នីកា
ប្រភព៖ kpopbuddy.com