វៀតណាមប្រកាសតម្លៃអគ្គិសនីថ្មី ទាបបំផុតមិនដល់ ៣០០រៀល
សារព័ត៌មាន Tuoitrenews បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម បានបញ្ចេញគម្រោងកំណត់តម្លៃអគ្គិសនីថ្មីសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៦ ខែមីនាតទៅ។
នេះគឺការបើកភ្លើងខៀវរបស់នាយករដ្ឋមន្ត្រី ឲ្យក្រុមហ៊ុនថាមពលរដ្ឋ (EVN) បង្កើនតម្លៃអគ្គិសនី ៧,៥ភាគរយបន្ថែមនៅឆ្នាំនេះ។ បើទោះមានការឡើងថ្លៃបែបនេះក្ដី ក៏តម្លៃអគ្គិសនីរបស់ប្រទេសវៀតណាមនៅទាបនៅឡើយ ពោលគឺប្រើត្រឹម ៥០គីឡូវ៉ាត់ម៉ោងចុះក្រោមក្នុងមួយខែ អស់ត្រឹម ២៨០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់។
នៅក្នុងប្រទេសវៀតណាម អគ្គិសនីសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ មានតម្លៃខុសៗគ្នា។ បើតាមការកំណត់ថ្មីនេះ ប្រសិនបើប្រើប្រាស់ចាប់ពី ៥០គីឡូវ៉ាត់ម៉ោងចុះក្រោមក្នុងមួយខែ អគ្គិសនីមានតម្លៃ ១៤៨៤ដុង (ប្រហែល ២៨០រៀល) ក្នុងមួយគីឡូវ៉ាត់។ ចាប់ពី ៥១គីឡូវ៉ាត់ម៉ោង ដល់ ៤០០គីឡូវ៉ាត់ម៉ោង មានតម្លៃ ១៥៣៣ដុង (ប្រហែល ២៨៩រៀល) ក្នុងមួយគីឡូវ៉ាត់។ ចំពោះការប្រើប្រាស់លើសពី ៤០០គីឡូវ៉ាត់ម៉ោង មានតម្លៃ ២៥៨៧ដុង (ប្រហែល ៤៨៨រៀល) ក្នុងមួយគីឡូវ៉ាត់។
កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានទទួលយកសំណើ របស់ក្រុមហ៊ុនថាមពលរដ្ឋ (EVN) ក្នុងការដំឡើងថ្លៃអគ្គិសនី ៧,៥ភាគរយ ដែលជាមធ្យមស្មើនឹង ១៦២២ដុង (ប្រហែល ៣០៦រៀល) ក្នុងមួយគីឡូវ៉ាត់ម៉ោង។ EVN បាននិយាយថា បើមិនដំឡើងថ្លៃអគ្គិសនីទេ ក្នុងឆ្នាំ ២០១៥នេះ ខ្លួននឹងបាត់បង់ប្រាក់ ១២០០០ពាន់លានដុង (ប្រហែល ៥៧៧លានដុល្លារ)។
គេរំពឹងថា ការហក់ឡើងតម្លៃអគ្គិសនីរបស់ក្រុមហ៊ុនថាមពលរដ្ឋ (EVN) អាចជួយកាត់បន្ថយការខាតបង់នៅប៉ុន្មានឆ្នាំចុងក្រោយ ដែលធានាឲ្យ GDP កើនឡើង ៦,២ភាគរយ និងគ្រប់គ្រងកម្រិតអតិផរណាបាន ៥ភាគរយ នៅឆ្នាំនេះ៕