ដាំបាយ​ក្នុង​ព្រលាន​ចាំ​យន្តហោះ មាន​ពិត​នៅ​ប្រទេស​ចិន

3/10/2015 0 Comments A+ a-

បុរស​ម្នាក់​មក​ពី​ខេត្ត​សានទុង ប្រទេស​ចិន បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ក្រោម​ក្រសែ​ភ្នែក​មនុស្ស​ជា​ច្រើន ក្រោយ​បញ្ចេញ​សកម្មភាព​មិន​នឹក​ស្មាន​ដល់ គឺ​ដាំ​បាយ​ដើម្បី​ទទួល​ទាន​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ​ហុងកុង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

1

បន្ទាប់​ពី​សកម្មភាព​នេះ ត្រូវ​បង្ហោះ​ចូល​ក្នុង​អ៊ីនធឺណិត មនុស្ស​ជា​ច្រើន​បាន​ចែក​ចាយ​ត​គ្នា និង​បញ្ចេញ​មតិ​យោបល់​យ៉ាង​ក្ដៅ​គគុក​ផង​ដែរ។ ក្នុង​ចំណោម​នោះ មាន​ម្នាក់​បាន​សរសេរ​ថា មាន​តែ​ចិន​ដី​គោក​ប៉ុណ្ណោះ​ដែល​ហ៊ាន​ធ្វើ​បែប​នេះ ហើយ​គួរ​តែ​ទទួល​បាន​ការ​កោត​សរសើរ។ ​

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ អ្នក​យក​ព័ត៌មាន​របស់ Apple Daily បាន​រក​ឃើញ​ថា បុរស​ម្នាក់​នោះ​ខក​ជើង​យន្តហោះ​ទៅ​ខេត្ត​សានទុង​វិញ បន្ទាប់​ពី​ត្រលប់​មក​ពី​ប្រទេស​សិង្ហបុរី​ក្រោយ​បំពេញ​ការងារ​សំណង់​ចប់។ ​

ក្រោយ​ពេល​ទិញ​សំបុត្រ​យន្តហោះ និង​ផ្ញើ​ប្រាក់ ៧៥០០​យាន់ (ប្រហែល ១២០០​ដុល្លារ) ដែល​រក​បាន​ទៅ​ឲ្យ​ក្រុម​គ្រួសារ លោក​នៅ​សល់​ប្រាក់​ត្រឹម​ជាង ២០០​យាន់ (ប្រហែល ៣២​ដុល្លារ) ​ប៉ុណ្ណោះ។ ពេល​រង់ចាំ​ជើង​ហោះហើរ​បន្ត​នៅ​ហុងកុង លោក​បាន​សម្រាក​នៅ​លើ​កៅអី រួច​ក៏​ភ្លេច​ខ្លួន​លង់​លក់​ក្នុង​ដំណេក រហូត​ខក​ជើង​យន្តហោះ។

បុរស​កម្សត់ ត្រូវ​ចំណាយ​ប្រាក់ ២០០​ដុល្លារ​ហុងកុង (ប្រហែល ២៦​ដុល្លារ) ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​នៅ​ថ្ងៃ​អង្គារ​នេះ។ ដោយសារ​នៅ​សល់​លុយ​តិច​ពេក ទើប​មិន​អាច​ទទួល​ទាន​អាហារ​នៅ​ក្នុង​ព្រលាន​យន្តហោះ​បាន និង​សម្រេច​ចិត្ត​ដាំ​បាយ​ដោយ​ខ្លួន​ឯង​តែ​ម្ដង​ទៅ។

2

យ៉ាង​ណា​មិញ សកម្មភាព​នេះ​អាច​ទទួល​រង​ការ​ពិន័យ​ជា​ប្រាក់ ១០០០០​ដុល្លារ​ហុងកុង (ប្រហែល ១៣០០​ដុល្លារ) និង​ជាប់​ពន្ធនាគារ ៣​ខែ ប្រសិន​បើ​ខាង​ព្រលាន​យន្តហោះ​ធ្វើ​ការ​ចោទ​ប្រកាន់​នោះ៕

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ shanghaiist ​