ទេព រិន្ទដារ៉ូ សារភាពថាមានកូនក្រមុំហើយ!!!
ទប់មិនជាប់នឹងរលកព័ត៌មានដែលបាន ទម្លាយចេញពាក់ព័ន្ធនឹងកូនស្រីបង្កើត លោកទេព រិន្ទដារ៉ូ បានទទួលស្គាល់ថា កញ្ញា ខេមា រីតា ដែលលោកហួងហែងបំផុតក្នុងសកម្មភាពដើរបង្ហាញម៉ូដនោះ គឺជាកូនស្រីបង្កើតរបស់ខ្លួន។ យ៉ាងណាក៏ដោយ លោកហាក់មិនចង់និយាយអ្វីពាក់ព័ន្ធនឹងរឿងនេះទេ ក្រៅពីលែងប្រកែកដូចមុនថានាងគ្រាន់តែជាក្មួយស្រី ។
គ្រប់ពេលមានការចុះផ្សាយពាក់ព័ន្ធនឹង កញ្ញា ខេមា រីតា ដែលជាតារាបង្ហាញម៉ូដម្នាក់ក្នុងក្រុមCambodia Super Model លោក ទេព រិន្ទដារ៉ូ មិនដែលទទួលស្គាល់ថា នាងគឺជាកូនស្រីបង្កើតនោះឡើយ បើទោះជាតារាសិល្បៈ និងអ្នកចេញចូលហាងកាហ្វេរបស់លោកនៅខេត្តសៀមរាប សុទ្ធតែអះអាងថាអ្នកទាំងពីរជាឪពុក និងកូនបង្កើត ។ លោក ទេព រិន្ទដារ៉ូ រមែងឆ្លើយថា កញ្ញាគ្រាន់តែជាក្មួយប៉ុណ្ណោះ ប៉ុន្តែមកពីលោកស្រឡាញ់ ទើបតាមឃ្វាលដូចកូន គ្រប់ពេលដែលនាងចេញដើរបង្ហាញម៉ូដ ឬចូលរួមក្នុងវេទិកាសិល្បៈនានា ។
តារាសិល្បៈក្នុងក្រុមCambodia Super Model បានអះអាងថា អ្នកទាំងពីរជាឪពុកកូនបង្កើត ដោយមិនមែនជាក្មួយដូចការអះអាងរបស់លោកនោះទេ។ អ្នកស្ថិតក្នុងរង្វង់សិល្បៈ និងអ្នកដឹងរឿងនៅខេត្តសៀមរាបបានហៅការប្រកែករបស់លោក ថាជាការបង្វែងដាន ដើម្បីបញ្ចប់ការចាប់អារម្មណ៍ និងដើម្បីកុំឲ្យមានការជជីកសួរណាមួយនាំឲ្យមានដំណឹងវែងឆ្ងាយ។ ក្នុងនោះ សូម្បីកញ្ញា ខេមា រីតា ខ្លួនឯង ក៏ឆ្លើយស្ទាក់ស្ទើរថានាងគ្រាន់តែជាក្មួយ ដែលរស់នៅជាមួយលោកប្រៀបដូចជាកូនម្នាក់នោះផងដែរ ។ ប្រភពពីតារាសិល្បៈ ក្នុងក្រុម Cambodia Super Model បានប្រាប់VODថា កញ្ញារីតា គឺជាកូនបង្កើតរបស់លោក ទេព រិន្ទដារ៉ូ ដោយលោករមែងហួងហែងបំផុត ព្រោះខ្លាចមានអ្នកមករញ៉េរញ៉ៃកូនស្រី ។ ជាមួយការទម្លាយជាថ្មីពាក់ព័ន្ធនឹងរឿងដដែលនេះ លោក ទេព រិន្ទដារ៉ូ បានព្រមទទួលស្គាល់ការពិត ។
នេះជាចម្លើយដ៏កម្ររបស់លោកតបនឹង សំណួររបស់VOD ដែលបានចោទសួរថា ហេតុអ្វីបានជាលោកមិនព្រមទទួលស្គាល់ខេម៉ា រីតា ថាជាកូនស្រីបង្កើត ដូចការអះអាងរបស់អ្នកសិល្បៈ និងអ្នករស់នៅសៀមរាប ដែលម្នាក់ៗទម្លាយចេញច្បាស់ដូចថ្ងៃ។ ទោះយ៉ាងណា នៅមិនទាន់មានព័ត៌មានថា នាងជាកូនស្រីរបស់លោកជាមួយភរិយាដើមដែលបានលះលែងគ្នា ឬជាមួយនារីកំណាន់ចិត្តណាម្នាក់ ដែលលោកមិនបានបើកទម្លាយនោះឡើយ ក្រោយពីមានការអះអាងថា នាងគឺជាកូនស្រីបង្កើត។
លោកនិយាយថា «អារីតា បើបណ្ដោយឲ្យចូលសម្ដែងមិនខ្វះទេការងារ ប៉ុន្តែអត់ទេ ឲ្យតែដើរម៉ូដប៉ុណ្ណោះព្រោះស្រឡាញ់ ហើយទាល់តែទុកចិត្តបំផុត បានខ្ញុំអត់ទៅមើលបើមិនអញ្ចឹងអត់ទេទៅណាក៏ខ្ញុំទៅតាមដែរ អត់ហ៊ានបណ្ដោយទេ»។ នេះជាលើកទី១ ដែលលោកទេព រិន្ទដារ៉ូ បញ្ជាក់ឲ្យដឹងថាខេមា រីតា គឺជាកូនស្រីបង្កើត ដោយលែងប្រកែកថាជាក្មួយធ្វើឲ្យមានការរិះគន់ពីអ្នកសិល្បៈដូចមុន។ យ៉ាងណាមិញចម្លើយសារភាពរបស់លោក ក៏ស្ថិតក្នុងន័យចាក់បណ្ដោយផងដែរ សម្រាប់អ្នកដែលបានជឿស៊ប់រួចទៅហើយ ថានាងជាក្មួយតាមការបញ្ជាក់នាពេលកន្លងមករបស់លោក។ ក្នុងវ័យ២២ឆ្នាំ ខេមា រីតា ជានារីដែលមានកម្ពស់១,៧៦ម៉ែត្រ មានរាងខ្ពស់ស្រឡះ និងជានិស្សិតផ្នែករចនាម៉ូដដែលមានជំនាញឌីហ្សាញសម្លៀកបំពាក់ យ៉ាងស្ទាត់ជំនាញ៕ ប្រភពៈ VOD