រុស្ស៊ីគ្រោងគ្រឿងផលិតយន្តហោះខ្នាតយក្សដែលអាចដឹករថក្រោះបាន ៤០០ គ្រឿង ដើម្បីនាំមុខអាមេរិក (វីដេអូ)
រុស្ស៊ីគ្រោងផលិតយន្តហោះខ្នាតយក្សPAK TA ដើម្បីងាយស្រួលដឹកជញ្ជូនគ្រឿងសព្វាវុធបានច្រើន និង ងាយស្រួលក្នុងការបញ្ជូនទៅដល់គោលដៅឆាប់រហ័ស ក្នុងពេលធ្វើសឹកសង្គ្រាម និង បេសកកម្មផ្សេងៗនៅលើពិភពលោក។
បើតាមគម្រោង រដ្ឋាភិបាលរុស្ស៊ីនឹងចាប់ផ្តើមផលិតយន្តហោះដ៏អស្ចារ្យនេះចំនួន ៨០ គ្រឿងនៅមុនឆ្នាំ ២០២៤ ក្នុងទិសដៅពង្រឹងវិស័យយោធារបស់ខ្លួនឲ្យកាន់តែរឹងមាំ ខណៈកំពុងមានបញ្ហាតានតឹងជាមួយនឹងអង្គការNATO និង អាមេរិកជុំវិញវិបត្តិនៅ ប្រទេសអ៊ុយក្រែន។
យន្តហោះខ្នាតយក្សPAK TA គឺអាចផ្ទុកគ្រឿងសព្វាវុធរហូតដល់ ២០០ តោន ហើយមានល្បឿន ២ ០០០គីឡូម៉ែត្រក្នុងមួយម៉ោង (ប្រភេទយន្តហោះលឿនជាងសម្លេង) ដែលអាចដឹករថក្រោះនឹង គ្រឿងសព្វាវុធជាច្រើនទៀតទៅកាន់តំបន់ជាច្រើននៅលើពិភពលោកយ៉ាងងាយបំផុត ចំណាយពេលត្រឹមតែ ៧ម៉ោងប៉ុណ្ណោះ។ បើតាមអ្នកជំនាញយន្តហោះនេះ អាចដឹករថក្រោះប្រភេទ T-14 បានចំនួន ៤០០គ្រឿង។
ប្រសិនបើ គម្រោងនេះទទួលជោគជ័យមែន នោះរុស្ស៊ីនឹងកាន់តែខ្លាំងក្លាថែមទៀតលើវិស័យយោធា ដែលប្រទេសផ្សេងៗពិបាកយកប្រៀបលើ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញមួយចំនួនបានអះអាងថា ការផលិតយន្តហោះយក្សនេះមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាត្រូវការពេលវេលាយូរ ហើយក៏ត្រូវការបច្ចេកទេសខ្ពស់ និង ទីតាំងធំដើម្បីផលិត និង សាកល្បងផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ រស្មី
ប្រភព ពី thebnews
ប្រភព៖ www.businessinsider.com & rt.com