Apple មានជំនឿចិត្តថា ជោគជ័យខ្លាំងជាមួយនាឡិកា Apple Watch ដំបូងដែលបង្ហាញយប់នេះ
ទន្ទឹមចំណែកទីផ្សារស្មាតហ្វូនកំពុងឡើងស្រឺតៗនោះ ក្រុមហ៊ុន Apple ក៏មានបំណងប្រឡូកចូលជំនួញនាឡិកាដៃឆ្លាតវៃ ដោយត្រៀមវាយលុកទីផ្សារតាមរយៈនាឡិកា Applw Watch របស់ខ្លួននៅយប់នេះ។
ក្រុមហ៊ុន Apple កំពុងមានក្ដីសង្ឃឹម ក្នុងការដែលអាចគ្រប់គ្រងទីផ្សារ SmartWatch ដោយនឹងចេញលក់នាឡិកាទំនើប Apple Watch ដំបូងរបស់ខ្លួន។ Apple Watch នឹងជាក្រុមផលិតផលថ្មីដំបូងស្ថិតក្រោមការដឹកនាំក្រុមហ៊ុនដោយលោក Tim Cook ចាប់តាំងពី Apple បានបង្កើតក្រុមផលិតផលចុងក្រោយគឺ iPad នៅក្នុងឆ្នាំ២០១០។
នាឡិកា Apple Watch នឹងភ្ជាប់មកជាមួយមុខងារ និងលក្ខណៈ សម្បត្តិពិសេសៗដូចជា៖ អាចឆែកមើលអ៊ីមែល បង់ប្រាក់នៅតាមហាងលក់ទំនិញ និងអាចត្រួតពិនិត្យព័ត៌មានអំពីសុខភាពផ្ទាល់ខ្លួនរបស់អ្នកពាក់បាន ដោយប្រើតែនាឡិកាដៃប៉ុណ្ណោះ។ ផ្អែកតាមសេចក្ដីរាយការណ៍ពីគេហទំព័ររ៉យទ័រ (Reuters) ឱ្យដឹងថា Apple Watch នឹងមានតម្លៃចាប់ពី ៣៤៩ដុល្លារអាមេរិកឡើងទៅ។ និពន្ធនាយក Lindsey Turrentine របស់គេហទំព័រ CNET បាននិយាយថា គោលដៅរបស់ក្រុមហ៊ុន Apple គឺផ្ដល់ទំនុកចិត្ត និងភាពងាយស្រួលក្នុងការប្រើប្រាស់មុខងារបានច្រើនតាមរយៈនាឡិកាឆ្លាតវៃ។
យ៉ាងណា Apple Watch ហាក់ដូចជាផលិតផលនៅខ្ចីបន្តិច មានន័យថា មនុស្សម្នានឹងមិនទាន់ស្វែងយល់ និងដឹងច្បាស់អំពីមុខងារ ហើយពួកគេ ប្រហែលជាមិនទាន់ដឹងអំពីគោលបំណងច្បាស់លាស់ក្នុងការប្រើ Apple Watch នៅឡើយ ក៏ថាបាន។ ដូច្នេះគេរំពឹងថា នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៩មីនា វេលាម៉ោង ១០ព្រឹកនៅអាមេរិក ឬស្មើនឹងម៉ោង ១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១០ មីនា(ម៉ោងនៅកម្ពុជា) នេះ ក្រុមហ៊ុន Apple នឹងធ្វើបទបង្ហាញ ព្រមទាំងបញ្ជាក់លក្ខណៈសម្បត្តិពិស្ដារជុំវិញ Apple Watch។
នាឡិកាដៃឆ្លាតវៃរបស់ Apple នឹងមានត្រូវគេធ្វើតេស្តនៅខែមេសា ហើយក៏អាចចេញលក់នៅអំឡុងពេលនោះផងដែរ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ reuters