ទាន់ហេតុការណ៍៖ ម៉ាស៊ីន​យន្តហោះ​ TransAsia ​​មិន​ដំណើរការ​​​​​មុន​ពេល​ធ្លាក់​​​ ពីឡុត​អាច​ចុច​បិទ​ម៉ាស៊ីន​​ច្រឡំ​​​

2/07/2015 0 Comments A+ a-

​ម៉ាស៊ីន​យន្តហោះ​ TransAsia ​​មិន​ដំណើរការ​​​ពី​មុន​ពេល​ធ្លាក់​​​ ​ពីឡុត​អាច​ចុច​បិទ​ម៉ាស៊ីន​​ច្រឡំ​​​ប្រភព៖​ www.straitstimes.com
បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ជំនាញ​​​ដែល​ស៊ើប​អង្កេត​ជុំ​វិញ​ការ​ធ្លាក់​យន្តហោះ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ ​ម៉ាស៊ីន​ទាំង​ពីរ​​នៅ​លើ​យន្តហោះ​របស់​ក្រុមហ៊ុន​ TransAsia ​ដែល​ធ្លាក់​នៅ​តៃវ៉ាន់​សប្ដាហ៍​នេះ​​ឈប់​ដំណើរការ​មុន​ពេល​ដែល​យន្តហោះ​នេះ​​ធ្លាក់​ទៅ​ក្នុង​ទឹក​ទន្លេ​​ Keelung​។ ​

​លោក​ Thomas Wang ​នាយក​ទីភ្នាក់ងារ​​​ដែល​ទទួល​បន្ទុក​ស៊ើប​អង្កេត​រក​មូលហេតុ​ដែល​បាន​បណ្ដាល​​ឱ្យ​យន្តហោះ​ខាង​លើ​ធ្លាក់​ បាន​ថ្លែង​ដូច្នេះ​ថា​ ៖«​ម៉ាស៊ីន​ខាង​ស្ដាំ​បាន​ឆេះ​ និង​បាន​ចេញ​សញ្ញា​​​​​ប្រកាស​អាសន្ន​ទៅ​ដល់​​បន្ទប់​អ្នក​បើក​បរ។ ​ម៉ាស៊ីន​​ខាង​ឆ្វេង​យន្តហោះ​​​​ត្រូវ​បាន​ចុច​​បញ្ឈប់​​​ដំណើរការ​ ហើយ​​អាកាសយានិក​ព្យាយាម​​​​បញ្ឆេះ​វា​ម្ដង​ទៀត​ប៉ុន្តែ​វា​នៅ​តែ​មិន​​​​ដំណើរការ»។ 
​​
​​ការ​ស្វែង​រក​មូលហេតុ​ពិត​ប្រាកដ​ដោយ​ពឹង​ផ្អែក​​​ទិន្នន័យ​​ក្នុង​​ប្រអប់​ខ្មៅ​ទាំង​ពីរ​​​​លើ​យន្តហោះ​​ ត្រូវ​បាន​​បញ្ចេញ​ឱ្យ​ដឹង​​​​​តាម​របាយការណ៍​​មួយ​​ ខណៈ​ដែល​សាកសព​​អាកាសយានិក​ត្រូវ​បាន​គេ​រក​ឃើញ​ ​​ដៃ​របស់​លោក​នៅ​​ជាប់​ចង្កូត​យន្តហោះ​​ក្នុង​ស្ថានការណ៍​ចុង​ក្រោយ​ ដែល​​លោក​​ខំ​បញ្ជា​យន្តហោះ​ឱ្យ​ធ្លាក់​ខុស​កន្លែង​ដែល​មាន​​មនុស្ស​ច្រើន។

​រដ្ឋបាល​អាកាសចរ​ស៊ីវិល​ (CAA) ​​តៃវ៉ាន់​បាន​​ឱ្យ​ដឹង​ដែរ​ថា​ យន្តហោះ​​របស់​ក្រុមហ៊ុន​ TransAsia Airways ​​មិន​​​​បាន​បំពេញ​លក្ខខណ្ឌ​តម្រូវ​​ ១​ភាគ​ ៣​របស់​អាជ្ញាធរ​នោះ​ទេ​ ​គិត​ចាប់​តាំង​ពី​ករណី​ធ្លាក់​យន្តហោះ​​កាល​ពី​លើក​ទី​មួយ​​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៤​ មក។

​បើ​តាម​អ្នក​ជំនាញ​ដដែល​​ ​នៅ​មិន​ទាន់​រក​ឃើញ​មូលហេតុ​ពិត​ប្រាកដ​ថា ​​ហេតុ​អ្វី​​បាន​ជា​​មាន​ការ​ចុច​​បិទ​ម៉ាស៊ីន​ខាង​ឆ្វេង​​ទេ។

​​ដោយ​ឡែក​ ​​គេហទំព័រ​​​អាកាសចរណ៍  Filghtradar24 ​បាន​ចេញ​​ផ្សាយ​ថា​ ​បញ្ហា​នេះ​ទំនង​ជា​អាកាសយានិក​​​​​ចុច​​បិទ​ម៉ាស៊ីន​ច្រឡំ។ ប្រភព​បញ្ជាក់​ដូច្នេះ​ថា​ ៖«​ទិន្នន័យ​ពី​ប្រអប់​ខ្មៅ​បង្ហាញ​ថា​ ​អាកាសយានិក​​អាច​ចុច​បិទ​ម៉ាស៊ីន​ខុស​ ​ហើយ​ម៉ាស៊ីន​លែង​ដំណើរការ​ទាំង​អស់​ក្នុង​រយៈ​ពេល​តែ​ ១​នាទី»។ កត្តា​នេះ​ ​នាំ​​ឱ្យ​យន្តហោះ​ធ្លាក់​តែ​ម្ដង៕​​​

​​​ដោយ៖ ឬទ្ធិ​
ប្រភព៖​ channel news asia