Tim Cook នៅ​​តែ​​​មិន​ភ្លេច​​​ Steve Jobs ដោយ​​​បង្ហោះ​រូបថត និង​​សំដី​​ដ៏​មាន​អត្ថន័យ​ក្នុង​ថ្ងៃ​ខួប​កំណើត ៦០ឆ្នាំ​របស់​​លោក Jobs

2/25/2015 0 Comments A+ a-

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០១៥ ម្សិលមិញ​នេះ ប្រសិន​បើ​លោក Steve Jobs មិន​ទាន់​ទទួល​អនិច្ចកម្ម​នោះ​ទេ គឺ​ជា​ថ្ងៃ​ខួប​កំណើត​អាយុ​បាន ៦០ឆ្នាំ​របស់​លោក​ហើយ។ នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​លោក Jobs កាលពី​ម្សិលមិញ​ លោក Tim Cook ដែល​ជា​នាយក​ប្រតិបត្តិ​ឡើង​កាន់​តំណែង​បន្ត​ពី​លោក Steve Jobs បាន​បញ្ចេញ​ក្ដី​អាឡោះអាល័យ នឹក​រលឹក​ចំពោះ​បុគ្គល​ដ៏​មាន​សមត្ថភាព​ម្នាក់​នេះ ដោយ​បាន​បង្ហោះ​សារ​ដែល​ជា​សំដី​ផ្ទាល់​ដ៏​មាន​អត្ថន័យ អម​ដោយ​រូបថត​របស់​លោក Steve Jobs នៅ​លើ​នៅ​លើ​បណ្ដាញ​សង្គម Twitter។

លោក Tim Cook បាន​បង្ហោះ​សារ​រួម​ជាមួយ​ឃ្លាំ​សំដី​ដែល​អតីត​នាយក​ក្រុមហ៊ុន Apple លោក Steve Jobs នៅ​រស់​បាន​លើកឡើង​ថា៖ «វិធី​តែមួយ​គត់​ដើម្បី​ធ្វើការ​ឱ្យ​បាន​ល្អ​បំផុត គឺ​ត្រូវ​ស្រលាញ់​ការងារ​ដែល​អ្នក​កំពុង​ធ្វើ»។ សម្រង់​សំដី​ផ្ទាល់​របស់​បិតា​បច្ចេកវិទ្យា​រូប​នេះ បាន​ទៅ​បំផុត​ស្មារតី​ដល់​បុគ្គលិក​តាម​បណ្ដាញ​ក្រុមហ៊ុន ស្ថាប័ន​ជាច្រើន​ឱ្យ​ដក​ជាប់​ក្នុង​ចិត្ត ហើយ​ខ្លះ​ក៏​បាន​អនុវត្ត​តាម​ថែមទៀត។

លោក Steve Jobs បាន​ទទួល​អនិច្ចកម្ម​នៅ​អាយុ ៥៦ឆ្នាំ នៅ​ក្នុង​ខែ​តុលា ឆ្នាំ​២០១១ ដោយសារ​ជំងឺ​មហារីក​លំពែង។ យ៉ាងណា​លោក​ក៏​បាន​សម្រេច​នូវ​ក្ដី​ស្រមៃ​ជាច្រើន ជាមួយ​សមិទ្ធផល​នានា​នៅ​ក្នុង​ក្រុមហ៊ុន Apple ទទួល​បាន​ការ​កោត​សរសើរ​ពី​មហាជន​ទាំង​ក្នុង​ស្រុក និង​សាធារណជន​នៅ​បណ្ដា​ប្រទេស​លើ​ពិភពលោក មុន​នឹង​លោក​ចែកឋាន។

ស្មារតី ព្រម​ទាំង​សមិទ្ធផល​ទាំងឡាយ​របស់​លោក Steve Jobs នៅ​ដក់ជាប់​ក្នុង​ទឹកចិត្ត​របស់​សាធារណជន​ទាំងឡាយ​លើ​ពិភពលោក។ អំឡុង​ពេល​ដឹកនាំ​ក្រុមហ៊ុន​ Apple លោក​បាន​កសាង​សមិទ្ធផល​ជាច្រើន​សម្រាប់​ក្រុមហ៊ុន បាន​លើក​ឡើងនូវ​​​គម្រោង​ពិសេសៗ​ជាច្រើន​ប្រកប​ដោយ​ភាព​ច្នៃ​បង្កើត​ថ្មី​ដ៏​អស្ចារ្យ ធ្វើ​ឱ្យ​បណ្ដា​សាធារណជន​មាន​ការ​កើត​ស្ញប់ស្ញែង​នឹង​ស្នាដៃ​របស់​លោក។

ក្រោយ​ពេល​លោក Steve Jobs ទទួល​មរណភាព​ទៅ មាន​ការ​សរសេរ​ចងក្រង​ជា​សៀវភៅ និង​ជីវប្រវត្តិ​របស់​លោក​ជាច្រើន ហើយ​ក៏​មាន​ការ​ផលិត​ជា​វីដេអូ​ឆ្លុះបញ្ចាំង​ពី​ខ្សែ​ជីវិត​របស់​អតីត​នាយក​ប្រតិបត្តិ​ដ៏​មាន​សមត្ថភាព​រូប​នេះ​ថែមទៀត៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ redmondpie, iphonehacks