រក​ឃើញ​តំបន់​ផ្នូរ​បុរាណ​ដ៏​មហិមា​​នៅ​អេហ្ស៊ីប បញ្ចុះ Mummy ១ លាន​នាក់ (មាន​វីដេអូ​)

2/25/2015 0 Comments A+ a-


សព​​ព្រះ​ចៅ​រ៉ាមសេះ​ទីពីរ (Rameses II) ដែល​ត្រូវ​អប់​ឲ្យ​ក្លាយ​​ជា​ mummyប្រភព៖​ BBC
​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​តំបន់​ផ្នូរ​បុរាណ​ Fag el-Gamous នៅ​ប្រទេស​អេហ្ស៊ីប ដែល​បញ្ចុះ «សាកសព​អប់ ឬ​ម៉ាម់មី – Mummy» មិន​តិច​ជា​ង​មួយ​​លាន​នាក់​ឡើយ​។ ​ក្នុង​ចំណោម​សព​បុរាណ (mummy) ទាំង​នោះ អ្នក​បុរាណវិទ្យា​បាន​គាស់​កកាយ​បាន​ម៉ាម់មី​ចំនួន ១៧០០ ដែល​ត្រូវ​បាន​ជនជាតិ​អេហ្ស៊ីប​សម័យ​បុរាណ​ប្រើ​បច្ចេកទេស​អប់ (mummified) ហើយ​កប់​ទៅ​ក្នុង​ផ្នូរ។

តំបន់​នេះ​ស្ថិត​នៅ​ចម្ងាយ ៩៦ គីឡូម៉ែត្រ​ពី​រដ្ឋធានី​គែ (Cairo)។ គេ​វាយ​តម្លៃ​ថា​តំបន់​ផ្នូរ​បុរាណ​នេះ មាន​សាកសព​ជា​លក្ខណៈ​ម៉ាម់មី (mummy) រហូត​ដល់​ជាង​មួយ​លាន​ឯណោះ ហើយ​កប់​ក្នុង​ផ្នូរ​ធ្វើ​អំពី​ថ្ម​កំបោរ ក្នុង​ជំរៅ​ដល់​ជិត ៣០ ម៉ែត្រ​ទៅ​ក្រោម (កាលសម័យ​នោះ)។

​តាម​ការវិភាគ សាកសព​ម៉ាម់មី ទាំង​នេះ​ត្រូវ​គេ​យក​មក​បញ្ចុះ​នៅ​តំបន់​នេះ តាំង​ពី ១៥០០ ឆ្នាំ​មុន។ កាលណោះ ប្រទេស​អេហ្ស៊ីប​ត្រូវ​ចក្រភព​រ៉ូម (Roman Empire) និង​ក្រោយមក​ដោយ​ចក្រភព​ប៊ីហ្សង់ទីន (Byzantine) ចូល​ត្រួតត្រា។ ​ម៉ាម់មី​ទាំង​នេះ ជា​សាកសព​មនុស្ស​ធម្មតា មិន​មែន​ជា​ខ្សែ​រាជវង្ស ឬ​នាហ្មឺន​សព្វមុខ​មន្ត្រី​នោះ​ទេ។ គេ​រក​នឹក​មិន​យល់ មិន​ដឹង​ថា​គេ​ដឹក​ជញ្ជូន​សាកសព​ម៉ាម់មី​ដ៏​ច្រើន​លើស​លប់​មក​បញ្ចុះ​នៅ​ទី​នេះ ដោយ​វិធី​ណា​បើ​ច្រើន​ម្ល៉ឹងៗ ព្រោះ​កាលពី​សម័យ​បុរាណ នៅ​ម្ដុំ​នោះ​មាន​ភូមិតូច​មួយ​ប៉ុណ្ណោះ ​ចំណែក​បុរី Philadelphia ក៏​មាន​កន្លែង​បញ្ចុះ​សព​ផ្ទាល់​ខ្លួន​ដែរ មិន​ចាំបាច់​យក​ទៅ​បញ្ចុះ​នៅ​ទី​នោះ​ទេ។​


ទិដ្ឋភាព​នៅ​តំបន់​ផ្នូរ​បុរាណ Fag el-Gamous (ប្រភព៖ BBC)
ទិដ្ឋភាព​នៅ​តំបន់​ផ្នូរ​បុរាណ Fag el-Gamous (ប្រភព៖ BBC)

សាស្ត្រាចារ្យ​បណ្ឌិត Kerry Muhlestein ដែល​បង្រៀន​នៅ​សាកលវិទ្យាល័យ Brigham Young University (សហរដ្ឋ​អាមេរិក) ឲ្យ​ដឹង​ថា​សព​បុរាណ​ទាំង​នេះ ​ត្រូវ​គេ​បញ្ចុះ​ប្រជ្រៀត​គ្នា​ខ្លាំង​ ព្រោះ​គ្រាន់​តែ​ផ្ទៃ​ដី ៥ ម៉ែត្រ​គុណ​នឹង ៥ ម៉ែត្រ​ជំរៅ ២ ម៉ែត្រ គេ​បញ្ចុះ​សព​រហូតដល់ ៤០ នាក់។ លោក​វាយតម្លៃ​តាម​រូបមន្ត​គណិតវិទ្យា​ថា ​បើ​គុណ​នឹង​ផ្ទៃ​ដី​ផ្នូរ​បុរាណ​នេះ មាន​ម៉ាម់មី (mummy) មិន​តិច​ជាង​មួយ​លាន​នាក់​ទេ។សាកសព​ដែល​បញ្ចុះ​នៅ​តំបន់ Fag el-Gamous មិន​ត្រូវ​បាន​រៀបចំ​ហ៊ឹកហ៊ាក់​ខ្លាំង​ដូច​សព​អ្នក​មាន​បុណ្យ​ទេ។ សព​ខ្លះ​ត្រូវ​គេ​បញ្ចុះ​ផ្ទាល់​ដី មិន​ដាក់​មឈូស​ក៏​មាន។

តាម​ធម្មតា តាម​បច្ចេកទេស​របស់​អេហ្ស៊ីប​សម័យ​បុរាណ មុន​នឹង​គេ​ធ្វើ​ម៉ាម់មី គេ​វះ​កាត់​គ្រឿង​ក្នុង​នៃ​សាកសព​ចេញ​ពី​ខ្លួន​សព​សិន ទើប​គេ​អប់​តាម​បច្ចេកទេស​ទំនើប ឲ្យ​ក្លាយ​ជា​ម៉ាម់មី (mummy) ប៉ុន្តែ​សាកសព​ដែល​បញ្ចុះ​នៅ​តំបន់ Fag el-Gamous មិន​ដូច្នោះ​ទេ ព្រោះ​គ្រឿងក្នុង​នៅ​ទាំង​អស់។ អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ម៉ាម់មី​ទាំង​នេះ​អាច​ស្ថិតស្ថេរ​បាន​មក​ទល់​នឹង​ពេល​នេះ ដោយ​សារ​កត្តា​បរិស្ថាន និង​អាកាសធាតុ​ក្ដៅ​ដែល​រក្សា​គុណភាព​ឲ្យ​នៅ​បាន​យូរ។ សាស្ត្រាចារ្យ Muhlestein ឲ្យ​ដឹង​ថា​សាកសព​ម៉ាម់មី​ទាំង​នោះ ត្រូវ​គេ​អប់​ដោយ​ប្រើ​សារធាតុ​ពិសេសៗ​បំពោក​ពី​ក្រៅ ហើយ​គេ​យក​យក​ក្រណាត់​រុំ​ព័ទ្ធ​ជុំ​វិញ​ទាល់​តែ​ជិត​សាច់​ទាំង​អស់៕

ប្រែ​សម្រួល ៖ អន សំអាង
ប្រភព ៖ The Daily Mail