Sony អាច​នឹង​ដក​ខ្លួន​ចេញ​ពី​ជំនួញ​ស្មាតហ្វូន​​ ដោយ​សារ​រក​​​ចំណេញ​មិន​បាន​

2/20/2015 0 Comments A+ a-


Sony អាច​នឹង​ដក​ខ្លួន​ចេញ​ពី​ជំនួញ​ស្មាតហ្វូន​​ដោយ​សារ​រក​ប្រាក់​​ចំណេញ​មិន​ឃើញប្រភព៖​ iwebguyblog
ក្រុមហ៊ុន Sony ប្រហែល​​អាច​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ស្មាតហ្វូន​ដោយសារ​រក​ចំណូល​មិន​បាន​ដូច​ការ​រំពឹង​ទុក ក្នុង​រយៈពេល​ប៉ុន្មាន​ត្រីមាស​ជាប់ៗ​គ្នា​កន្លង​ទៅ។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​ជប៉ុន លោក Kazuo Hirai បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា Sony នឹង​លែង​មាន​កំណើន​លក់​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​ទូរស័ព្ទដៃ​ត​ទៅទៀត​ហើយ។

នៅ​ក្នុង​របាយការណ៍​មុន លោក Hirai បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្រុមហ៊ុន Sony កំពុង​ពិចារណា​លក់​ជំនួញ​ទូរទស្សន៍ និង​ស្មាតហ្វូន​ដែល​កំពុង​ត្រដរ​ខ្យល់​នេះ​បាន ដោយសារ​ជំនួញ​នេះ​មិន​សូវ​ជោគជ័យ​ដូច​ពេល​មុនៗ។ ទោះជា​យ៉ាងណា ពេល​នេះ​ពុំ​ទាន់​មាន​កិច្ចព្រមព្រៀង​ទិញ​លក់​ណាមួយ​ធ្វើឡើង​នៅ​ឡើយ។


ខណៈ​កំពុង​មាន​ការ​អភិវឌ្ឍ​គុណភាព​ស្មាតហ្វូន Android ខ្លាំង​ឡើងៗ​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន Sony ក៏​មាន​គូ​ប្រកួតប្រជែង​ជាច្រើន​ដូច​គ្នា។ ដៃគូ​ដ៏​ធំ​របស់ Sony ក្រៅពី​ស្មាតហ្វូន​ស៊េរី​ខ្ពស់ៗ​របស់ Apple និង Samsung ក៏​នៅ​មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​មួយ​ចំនួន​កំពុង​អភិវឌ្ឍ​ខ្លួន​យ៉ាង​មាន​សន្ទុះ​ជាមួយ​ស្មាតហ្វូន​តម្លៃ​មធ្យម តែ​លក្ខណៈ សម្បត្តិ​ល្មម​ប្រើ​អាច​ទទួល​យក​បាន។

ក្រុមហ៊ុន Sony បញ្ចេញ​ក្ដី​រំពឹង​ទុក​ថា ប្រាក់​ចំណេញ​លើ​ប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​នឹង​ចំណេញ ៤,២ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ២០១៨ ខាង​មុខ ដែល​ជា​តួលេខ​កើន​ឡើង​ប្រៀបធៀប​នឹង​របាយការណ៍​ហិរញ្ញវត្ថុ​ក្នុង​ពេល​បច្ចុប្បន្ន។ Sony មាន​គម្រោង​រក​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​លើ​ផ្នែក​នៃ​ជំនួញ​របស់​ខ្លួន ដូច​មាន​ដូច​ជា​ការ​អភិវឌ្ឍ Image sensor និង​ជំនួញ Sony PlayStation ជាដើម៕


ប្រែ​សម្រួល៖ លី ឈៀន
ប្រភព៖​ wsj