តុលាការក្រុងភ្នំពេញ នឹងបើកសវនាការសកម្មជនបក្សប្រឆាំងឡើងវិញនៅថ្ងៃទី២៣ ខែនេះ
តុលាការសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងបើកសវនាការលើសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប ឡើងវិញ នៅថ្ងៃទី២៣ កុម្ភៈខាងមុខនេះ បន្ទាប់ពីផ្អាកទាំងកណ្តាលទីម្តងរួចមកហើយកាលពីថ្ងៃទី៨ មករា កន្លងទៅ។ នេះបើតាមលោកសំ សុគង់ មេធាវីមួយរូបក្នុងចំណោមសហមេធាវីការពារក្តីឲ្យសកម្មជនគណបក្ស សង្គ្រោះជាតិដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលនេះ។
ដំណឹងនៃការបើកសវនាការជាថ្មីលើសកម្មជនគណបក្សសង្គ្រោះជាតិនេះ ត្រូវបានលោកតាំង ស៊ុនឡាយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រាប់ ផ្ទាល់មាត់ទៅកាន់លោកសំ សុគង់ មេធាវីការពារក្តីរបស់សកម្មជនគណបក្សសង្គ្រោះជាតិ។ ទោះជាបែបនេះក្តី លោកសំ សុគង់ បានបញ្ជាក់ថា មកដល់ពេលនេះ តុលាការមិនទាន់បានចេញលិខិតផ្លូវការណាមួយក្នុងការបើកសវនាការនេះ ឡើងវិញនៅឡើយទេ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ មករា កន្លងទៅ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសកម្មជនគណបក្សសង្គ្រោះជាតិទាំង១១នាក់ ម្តងរួចមកហើយ។ ក៏ប៉ុន្តែកាលណោះសវនាការបានផ្អាកទាំងកណ្តាលទី ដោយសារក្រុមមេធាវីការពារក្តីជនជាប់ចោទបានធ្វើពហិកាដើរចេញពីបន្ទប់ សវនាការ។ មូលហេតុនៃពហិកានៅពេលនោះ គឺ ព្រោះតែប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកតាំង ស៊ុនឡាយ បានសម្រេចស្នើឲ្យតំណាងរាស្ត្រ៧រូបរបស់គណបក្សសង្គ្រោះជាតិដែលជាប់ ពាក់ព័ន្ធនឹងសំណុំរឿងនេះ ឲ្យចាកចេញពីបន្ទប់សវនាការតាមការស្នើសុំរបស់ក្រុមមេធាវីការពារ ដើមបណ្តឹង។ ចំពោះសវនាការជាថ្មីនេះ លោកមេធាវី សំ សុគង់ មិនបានដឹងមុនទេ ថាតើចៅក្រមអនុញ្ញាតឲ្យតំណាងរាស្ត្រទាំងនោះ ចូលរួមស្ដាប់សវនាការ ឫយ៉ាងណានោះទេ។
សកម្មជនគណបក្សសង្គ្រោះជាតិទាំង១១រូប ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពីបទ ចោទ ដឹកនាំកុបកម្ម និង អំពើចូលរួមក្នុងចលនាកុបកម្ម ដែលបង្កឲ្យកើតមានអំពើហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃ១៥ កក្កដា ឆ្នាំ២០១៤ កន្លងទៅ។ សកម្មជនទាំង១១នាក់នោះ ៦នាក់ត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំ ហើយចំណែក ៥ នាក់ទៀតក្នុងនោះរួមទាំងលោកមាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិផងត្រូវបានតុលាការសម្រេច ឃុំខ្លួននៅក្នុងពន្ធនាគារព្រៃស។
បើតាមលោកមេធាវី សំ សុគង់ សវនាការនៅថ្ងៃទី២៣ កុម្ភៈខាងមុខនេះ ជាសវនាការបន្តសួរដេញដោលលើជនជាប់ចោទទាំង១១នាក់ និងសាក្សី ។ យ៉ាងណាក៏ដោយ មេធាវីរូបនេះ សង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោកប្រសិនបើចៅក្រម កាត់សេចក្តីដោយឈលើមូលដ្ឋានច្បាប់ និង ប្រកាន់ជំហរឯករាជ្យមិនលម្អៀងនោះ ៕ ប្រភពៈ RFI
