បេសកកម្មរុករក MH370 រាប់ម៉ឺនគីឡូម៉ែត្រអត់មានតម្រុយ អតីតបុគ្គលិកអណ្ដូងប្រេងម្នាក់ទើបបង្ហើបថា ឃើញយន្តហោះមួយគ្រឿងឆេះ
អតីតបុគ្គលិកអណ្ដូងប្រេងក្រុមហ៊ុននូវែលហ្សេឡង់ (New Zealand) ម្នាក់បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានអង់គ្លេស Dailymail នៅថ្ងៃម្សិលមិញថា លោកបានឃើញយន្តហោះ MH370 ឆេះនិងធ្លាក់ ហើយថែមទាំងអះអាងទៀតថា ការរុករកយន្តហោះនាពេលកន្លងមក គឺខុសទីតាំង។
លោក Mike McKay មានវ័យ ៥៧ឆ្នាំជាអតីតបុគ្គលិកអណ្ដូងប្រេងក្រុមហ៊ុននូវែលហ្សេឡង់មានមូលដ្ឋាននៅវៀតណាម ត្រូវបានគេបញ្ឈប់ដោយសារតែប្រើកុំព្យូទ័រក្រុមហ៊ុន ផ្ញើសារអេឡិចត្រូនិក (email) ទៅកាន់មន្ត្រីវៀតណាម និងឥណ្ឌូណេស៊ីអំពីហេតុការណ៍ដែលលោកបានឃើញ និងជឿជាក់ថា ជាយន្តហោះ Boeing ៧៧៧ របស់ក្រុមហ៊ុន Malaysia Airlines ដែលបាត់ដំណឹងសូន្យឈឹងនោះ ប៉ុន្តែគ្មានមន្ត្រីណាម្នាក់ជឿលោកឡើយ។
ក្នុងបទសម្ភាសន៍ផ្ដាច់មុខ ជាមួយសារព័ត៌មាន Dailymail លោក McKay បង្ហើបថា ៖ «ជាងមួយឆ្នាំមកហើយដែលយន្តហោះបាត់ខ្លួន តែខ្ញុំនៅតែប្រកាន់ជំហរជឿលើភ្នែករបស់ខ្ញុំថា ពិតជាយន្តហោះ MH370»។
លោកបានរៀបរាប់បន្ថែមទៀតថា ៖«ខ្ញុំបានគិតហើយគិតទៀត ម្ដងហើយម្ដងទៀត ខណៈដែលខ្ញុំមិនអាចនិយាយឱ្យប្រាកដមួយរយភាគរយថាវត្ថុដែលឆេះនៅលើអាកាសនោះគឺជាយន្តហោះ MH370 ប៉ុន្តែពេលវេលាគឺវាពិតជាត្រូវគ្នាគឺអ្វីដែលខ្ញុំឃើញ ចំពេលដែលយន្តហោះ MH370 បាត់ការទាក់ទងដែរ»។
បច្ចុប្បន្នបុរសខាងលើកំពុងស្នាក់នៅក្នុងផ្ទះរបស់លោកនៅទីក្រុង Auckland បន្ទាប់ពីបាត់បង់ការងារដោយសារតែរឿងប្រើប្រាស់កុំព្យូទ័រក្រុមហ៊ុនផ្ញើសារអេឡិចត្រូនិកអំពីរឿងយន្តហោះ MH370 ពីកោះមួយនៅភាគខាងត្បូងប្រទេសវៀតណាម។ លោកជឿជាក់ថា យន្តហោះ MH370 ប្រាកដជាធ្លាក់នៅក្នុងសមុទ្រចិនខាងត្បូងជាមិនខាន។
ការអះអាងរបស់លោក McKay ធ្វើឡើងបន្ទាប់ពីក្រុមសាច់ញាតិអ្នកដំណើរលើយន្តហោះ MH370 លើកគ្នាធ្វើដំណើរពីទីក្រុងប៉េកាំងមកម៉ាឡេស៊ីដើម្បីទាមទារចម្លើយអំពីដំណោះស្រាយពីក្រុមហ៊ុន Malaysia Airlines និងរដ្ឋាភិបាលម៉ាឡេស៊ី។
លោក McKay បានរៀបរាប់បន្តថា លោកបានឃើញយន្តហោះដែលធ្លាក់នោះគឺអំឡុងម៉ោងប្រហែលជា ១យប់ (ម៉ោងនៅប្រទេសម៉ាឡេស៊ី ត្រូវនឹងម៉ោង ១២អាធ្រាត្រ ម៉ោងនៅកម្ពុជា) នៅអណ្ដូងប្រេង ឆ្នេរក្រុង វ៉ុងតាវ ប្រទេសវៀតណាម។ ដូចសព្វដង នៅថ្ងៃនោះ លោកបានចូលគេងនៅម៉ោងប្រហែល ៧យប់ ហើយលោកក្រោកឡើងជក់បារី ផឹកកាហ្វេនៅពាក់កណ្ដាលអធ្រាត្រ គយគន់មើលទេសភាពព្រោះថា ថ្ងៃនោះមានអាកាសធាតុល្អដោយសារទើបនឹងមានភ្លៀងបន្តិច។
លោកបានឃើញវត្ថុធំមួយនៅលើអាកាសកំពុងឆាបឆេះ ហើយធ្លាក់មកលើសមុទ្រប៉ុន្តែភ្លាមៗនោះលោកមិនដឹងថាជាយន្តហោះនោះទេ។ ក្រោយពីបានដឹងថា យន្តហោះ MH370 បាត់ខ្លួន លោកក៏បានព្យាយាមទាក់ទងទៅកាន់មន្ត្រីវៀតណាម និងម៉ាឡេស៊ី ប៉ុន្តែមិនទទួលបានចម្លើយអ្វីទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារថែមទៀតផង។
សូមបញ្ជាក់ថា លោក McKay មានបទពិសោធន៍បម្រើការងារក្នុងអណ្ដូងប្រេងអស់រយៈពេលជាង ៣០ឆ្នាំ ប៉ុន្តែលោកត្រូវបានក្រុមហ៊ុនបញ្ឈប់បន្ទាប់ពីបានប្រើប្រាស់កុំព្យូទ័រក្រុមហ៊ុនផ្ញើសារអំពីព្រឹត្តិការណ៍ដែលលោកបានឃើញ និងសង្ស័យថា យន្តហោះ MH370 ឆេះនិងធ្លាក់ទៅកាន់មន្ត្រីម៉ាឡេស៊ី និងវៀតណាម៕