អាជ្ញាធរខេត្ត​ព្រះសីហនុ ព្រមាន​ចាត់វិធានការ ចំពោះ​ការប្រគំ​តន្ត្រី អាសអាភាស របស់​ក្រុមហ៊ុន Kazantip

2/03/2015 0 Comments A+ a-

ភ្នំពេញ: អាជ្ញាធរខេត្ត​ព្រះសីហនុ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​ភាព​រឹងរូស នៃ​ការដែល​មិន​អនុវត្ត តាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាលខេត្ត ដោយ​ក្រុមហ៊ុន Kazantip Asia Co,Ltd. ដែលមាន​គម្រោង​រៀបចំ ការប្រគំ​តន្ត្រី និង​ល្បែង​កម្សាន្ត អាសអាភាស ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅលើ​កោះពស់ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។​
​យោងតាម​សេចក្តីជូនដំណឹង របស់​សាលា​ខេ​តុ្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​លើកឡើងថា អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ជម្រាបជូន​លោក នាយក​ក្រុមហ៊ុន Kazantip Asia Co,Ltd.  ដោយ​ធ្វើការ​ផ្អាក​នូវ​សកម្មភាព រៀបចំ​ដំណើរ​កម្សាន្ត របស់​ក្រុមហ៊ុន Kazantip Co,Ltd. នៅលើ​កោះពស់ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​
​សាលា​ខេ​តុ្ត​ព្រះសីហនុ បាន​លើកឡើងថា ក្រោយពី​សាលាខេត្ត បានចេញ​លិខិត អនុញ្ញាត ឲ្យ​ក្រុមហ៊ុន​រួចមក រដ្ឋបាលខេត្ត ពិនិត្យឃើញថា ដោយ​ផ្អែកលើ​គេហទំព័រ របស់​ក្រុមហ៊ុន សកម្មភាព​ប្រគំ​តន្ត្រី​ខាងលើ មាន​លក្ខណៈ​ប្រាសចាក ពី​ប្រពៃណី វប្បធម៌ និង​កិត្តិយស​ជាតិខ្មែរ ពិសេស​ផ្ទុយ​ពី​កម្មវត្ថុ នៃ​ការស្នើសុំ រដ្ឋបាលខេត្ត​ព្រះសីហនុ សម្រេច​ផ្អាក​ជាបន្ទាន់ នូវ​សកម្មភាព​រៀបចំ​ផ្សេងៗ ដែល​ទាក់ទង​នឹង​គម្រោង នៃ​ការប្រគំ​តន្ត្រី និង​ល្បែង​កម្សាន្ត របស់​ក្រុមហ៊ុន Kazantip Asia Co,Ltd. នៅលើ​កោះពស់ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ តទៅ​។ ករណី​មិន​អនុវត្តតាម​សេចក្តីជូន ដំណឹង​នេះ រដ្ឋបាលខេត្ត នឹង​ចាត់វិធានការ តាមផ្លូវ​ច្បាប់​។​
​សូមបញ្ជាក់ថា  Kazantip គឺជា​ពិធី​នៃ​ការប្រគំ​តន្ត្រី អមដោយ​ភ្លើងពណ៌ លំដាប់​ពិភពលោក ដោយមាន​ឌី​ជេ (DJ) ល្បីៗ នៅលើ​ពិភពលោក និង​មាន​ភ្ញៀវ​លំដាប់​អ្នកមាន ចូលរួម​កម្សាន្ត​សប្បាយ​។ ការប្រគំ​តន្ត្រី Kazantip បានចាប់ផ្តើម​ឡើង តាំងពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ​២០១៣ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​តំបន់​គ្រី​មៀ ហើយ​នៅ​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០១៣ ក្រុម​តន្ត្រី Kazantip បាន​ប្រគំ​តន្ត្រី នៅ​ភូមិ Popvka នៅ​ជិត​ទីក្រុង Myrnyi ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ ការប្រគំ​តន្ត្រី​នេះ ភាគច្រើន គេ​ប្រកាន់យក​ស្លៀកពាក់ ពណ៌​ទឹកក្រូច និង​ខោអាវ​ពណ៌​លឿង​។​
​យោងតាម​គេហទំព័រ Kazantip ដែល​ចេញផ្សាយ បាន​ឲ្យ​ដឹងថា ពិធី​ប្រគំ​តន្ត្រី ដែល​លាយឡំ​ដោយ​ការដើរ​ស្រាត និង​ខ្លះៗ រួមភេទ​គ្នា​នោះ ដែល​គេ​ហៅថា Kazantip នៅក្នុង​ឆ្នាំ​២០១៤ បានចាប់ផ្តើម​ប្រគំ នៅក្រៅ​ប្រទេស​អ៊ុយ​ក្រែ​ន ជា​លើកដំបូង ក្នុង​ទីក្រុង​តូច​មួយ ឈ្មោះថា Anaklia ក្នុង​រដ្ឋ Georgia ហើយ​សម្រាប់​ឆ្នាំ​២០១៥​នេះ ពួកគេ​នឹង​មក​ប្រគំ​តន្ត្រី នៅលើ​កោះពស់ ស្ថិតក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ​២០១៥៕ ប្រភពៈ CEN