ISIS ចេះក្បួនរកស៊ីថ្មី យកគ្រឿងក្នុងមនុស្សលក់!!!!
ក្រុមជ្រុលនិយម ISIS បានសម្លាប់មនុស្សយកគ្រឿងក្នុងលក់ ដើម្បីយកលុយទៅចិញ្ចឹមចលនាប្រដាប់អាវុធរបស់គេ។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ប្រចាំអង្គការសហប្រជាជាតិ។ លោកបន្តទៀតថាជនរងគ្រោះដែលត្រូវ ISIS ចាប់ជាចំណាប់ខ្មាំង ត្រូវក្រុមនេះវះយកគ្រឿងក្នុង (human organs) ជាពិសេសតម្រងនោម។ គេនៅមិនទាន់មានឯកសារបង្ហាញថាគ្រឿងក្នុងទាំងនោះ ត្រូវក្រុមនេះយកទៅលក់នៅទីណាឲ្យពិតប្រាកដទេ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់ ប្រចាំអង្គការសហប្រជាជាតិ លោក Mohamed Alhakim បានឡើងរាយការណ៍ និងផ្ដល់សក្ខីកម្ម (testimony) ជូនអ្នកតំណាងអង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់។ អំពីបញ្ហានេះជាផ្លូវការ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN’s Security Council)។ លោកមានប្រសាសន៍ថា សាកសពដែលត្រូវក្រុម ISIS សម្លាប់ត្រូវអ្នកជំនាញគាស់ចេញពីរណ្ដៅសាកសពរួម (mass grave) ដើម្បីធ្វើកោសល្យវិច័យ (autopsy)។ សាកសពទាំងនោះ មានស្នាមម្ជុលដេររឆេតរឆូត ខ្លះបាត់ថ្លើម (liver) – ខ្លះបាត់តម្រងនោម (kidney)។
បន្ទាប់ពីស្ដាប់សក្ខីកម្មនោះរួចរាល់ហើយ លោកNikolay Mladenov បានធ្វើសេចក្ដីសន្និដ្ឋានរួមជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកថាសេចក្ដីអះអាងរបស់លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ាក់អំពីក្រុម ISIS វះកាត់មនុស្សយកគ្រឿងក្នុងលក់នេះ គឺមានប្រភព និងឯកសារភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថាពិតជាយ៉ាងដូច្នេះមែន។
កាលពីឆ្នាំ២០១៤ សារព័ត៌មាន Al-monitor ចុះផ្សាយថាគ្រូពេទ្យបានវះកាត់យកគ្រឿងក្នុងមនុស្សនៅទីក្រុង Mosul ប្រទេសអ៊ីរ៉ាក់។ វេជ្ជបណ្ឌិតម្នាក់ជាជនជាតិអ៊ីរ៉ាក់ ឈ្មោះ Siruwan al-Mosuli ដែលបានទម្លាយអាថ៌កំបាំងអំពីក្រុម ISIS វះកាត់យកគ្រឿងក្នុងមនុស្សទៅលក់។
លោកបានឲ្យដឹងថាសកម្មភាពគ្រូពេទ្យនៅតាមគ្លីនិកឯកជន នៅទីក្រុង Mosul ហាក់ដូចជាផុលផុស និងពុះកញ្ជ្រោលសម្បើមណាស់ មិនដឹងគេធ្វើស្អីខ្លះទេ នៅក្នុងហ្នុង។ គ្រូពេទ្យខាងវះកាត់ ទាំងគ្រូពេទ្យក្នុងស្រុក នៅតំបន់អារ៉ាប់ និងគ្រូពេទ្យមកពីស្រុកឆ្ងាយ ត្រូវគេជួលសម្រាប់វះកាត់មនុស្ស ប៉ុន្តែត្រូវគេហាមដាច់ខាត មិនឲ្យទាក់ទងជាមួយគ្រូពេទ្យទូទៅទេ។
សកម្មភាពនេះប្រព្រឹត្តទៅជាខ្សែសង្វាក់ និងមានរចនាសម្ព័ន្ធត្រឹមត្រូវរបស់គេ ព្រោះបន្ទាប់ពីវះយកគ្រឿងក្នុងរួចហើយ គេមានខ្សែបណ្ដាញរបស់គេចូលទៅដឹកជញ្ជូនយកចេញទៅក្រៅ ដើម្បីលក់បន្តលើទីផ្សារអន្តរជាតិ។ តាមព័ត៌មានចុងក្រោយ ដែលទើបតែទទួលបាន បានបង្ហាញថា អង្គការសហប្រជាជាតិបានជំរុញឲ្យពិនិត្យមើល និងស៊ើបអង្កេតករណីជួញដូរគ្រឿងក្នុងមនុស្សនេះ និងករណីដែលថាគ្រូពេទ្យជាច្រើនត្រូវក្រុម ISIS សម្លាប់ចោល ដោយសារតែគ្រូពេទ្យមិនធ្វើតាមបង្គាប់ និងការបញ្ជារបស់គេ៕
ប្រែសម្រួល ៖ អន សំអាង
ប្រភព៖ Russia Today , The Daily Mail , CNN , newsweek magazine