គន្លឹះ ៩យ៉ាងជួយឱ្យលោកអ្នកប្រើ Google Maps កាន់តែមានអត្ថប្រយោជន៍
កម្មវិធីស្វែងរកទីតាំងបច្ចុប្បន្នកំពុងពេញនិយមនៅលើស្មាតហ្វូន ហើយត្រូវបានចាត់ទុកជាកម្មវិធីមានប្រយោជន៍មួយ។ ជាក់ស្ដែង Google Maps កំពុងត្រូវបានប្រជាជនលើពិភពលោកជាច្រើនប្រើប្រាស់នៅលើឧបករណ៍ឆ្លាតវៃ (Smartphone, Tablet …)។ នៅលើ Google Maps ត្រូវបានភ្ជាប់មកជាមួយមុខងារពិសេសៗ ផ្ដល់អត្ថប្រយោជន៍ ងាយស្រួលស្វែងរកទីតាំងដល់អ្នកប្រើ។ យ៉ាងណា ប្រហែលលោកអ្នកមួយចំនួន នៅពុំទាន់ស្វែងយល់មុខងារនៅលើ Google Maps អស់នៅឡើយ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេស ៩យ៉ាងមាននៅលើ Google Maps។
១) ប្រើ Google Maps ក្នុងទម្រង់ Offline នៅលើទូរស័ព្ទ
ប្រសិនលោកអ្នកចង់សន្សំសំចៃទៅលើការបើកផែនទីមើលនៅលើកក្រោយៗ ម្យ៉ាងខ្លាចពុំមានសេវាអ៊ីនធឺណិតខ្លាំងពិបាកបើកមើល Google Maps បានភ្ជាប់មកជាមួយមុខងារអាចឱ្យអ្នកប្រើធ្វើការរក្សាទុក (save) នូវផែនទី (maps) ដើម្បីបើកមើលក្នុងទម្រង់ offline បាន។ ដើម្បី save អ្នកត្រូវស្វែងរកទីតាំងណាមួយជាមុនសិន (ដំបូងត្រូវមានអ៊ីនធឺណិត) រួចហើយបើកចូលទៅទីតាំងនោះ។ បន្ទាប់មក សូមចុចលើ icon ‘Menu’ នៅផ្នែកខាងស្ដាំ និងខាងលើ រួចរើសយកពាក្យ Save offline map ជាការស្រេច។
២) រក្សាទុក (save) ទីតាំងណាមួយសម្រាប់ធ្វើដំណើរការទៅនៅពេលក្រោយ
ប្រសិនកន្លែងណាមួយដែលជាទីតាំងអ្នកត្រូវទៅដដែលៗ ឬចង់ស្វែងរកផ្លូវឆ្ពោះទៅកាន់ទីតាំងនោះដដែលៗ ដូច្នេះយល់ល្អ អ្នកគួរតែប្រើមុខងារ Save Place នេះ។ អ្នកអាចបើកមើល (view) នូវទីតាំងដែល save ទុកមុនៗបានរហ័ស ហើយអាចបើកបង្ហាញផ្លូវឆ្ពោះទៅកាន់ទីតាំងនោះ ពីគ្រប់ទីតាំងដែលអ្នកកំពុងស្ថិតនៅ បានងាយស្រួល។ មុខងារនេះ មានលក្ខណៈ ស្រដៀងនឹងទីតាំង Home និង Work ដែល save ទៅកាន់គណនី Google ដែរ។
៣) ស្វែងរកទីតាំងដោយកំណត់ជាមួយមធ្យោបាយធ្វើដំណើរ ដូចជាការដើរ ឬជិះកង់ ឬជិះរថយន្ត
អ្នកប្រើ Google Maps ភាគច្រើនប្រើប្រាស់សេវាកម្មស្វែងរកទីតាំងនេះ ភ្ជាប់ទៅនឹងការធ្វើដំណើរផ្សេងៗ។ នៅក្នុង Google Maps មាននូវការកំណត់មធ្យោបាយដើម្បីទៅកាន់គោលដៅដូចជា ការដើរ (Walking) ឬជិះកង់ (Biking) ជាដើម។ ចលនាធ្វើដំណើរដោយផ្ទាល់នៅលើដងផ្លូវ ក៏នឹងគណនាមានបម្លាស់ទីនៅលើផែនទីដូចគ្នា។
៤) បង្កើតផែនទីសម្រាប់ខ្លួនឯង
តើអ្នកដឹងទេថា អ្នកក៏អាចបង្កើតផែនទីផ្ទាល់ខ្លួនបានតាម Google Maps? ដោយប្រើមុខងារកំណត់ផែនទីចង់បាន (custom map) អ្នកអាចធ្វើបាន។ ក្នុងការប្រើមុខងារនេះ អ្នកនឹងអាចបន្ថែម place, shape និង location រួមជាមួយព័ត៌មានលំអិត ដើម្បីកំណត់ចំណាំទីតាំងបានរឹតតែជាក់លាក់ ដើម្បីងាយស្រួល share ឱ្យអ្នកដទៃងាយស្រួលស្វែងរក។ ដូច្នេះលោកអ្នកនឹងកាន់តែផ្ដល់ព័ត៌មានទីតាំងរឹតតែសុក្រឹតត្រឹមត្រូវថែមទៀតដល់មិត្តភ័ក្ដិងាយស្រួលស្វែងរក។
៥) បង្កើតទីតាំង multi-stop នៅលើផ្លូវ
មុខងារនេះក៏មានអត្ថប្រយោជន៍សម្រាប់អ្នកប្រើផងដែរ ព្រោះអាចបង្កើតស្តុបបានច្រើន (multi stop) នៅតាមដងផ្លូវដែលអ្នកមិនស្គាល់ក្នុងទីក្រុង។ ធ្វើដូចនេះ ជាការកត់ចំណាំងាយស្រួលដឹងជាមុន ដើម្បីជៀសវាងបើកតាមផ្លូវដដែល។
៦) ស្វែងរកទីតាំងម៉ាស៊ីន ATM
សម្រាប់លោកអ្នកដែលចង់ស្វែងរកទីតាំងម៉ាស៊ីន ATM នៅជិតបំផុតងាយស្រួលដកប្រាក់នោះ អ្នកអាចស្វែងរកនៅក្នុង Google Maps បាន ហើយលោកអ្នកក៏អាចស្វែងរក ស្ថានីយប្រេងឥន្ធនៈ ហាងលក់គ្រឿងទេស ឱសថស្ថាន កន្លែងលាងរថយន្ត និងអគារពាណិជ្ជកម្មផ្សេងៗ។
៧) ស្វែងរកអាសយដ្ឋានប្រៃសណីយ៍ (Post Address)
ល្បិចដ៏តូចនេះ គឺមានលក្ខណៈសាមញ្ញ ងាយស្រួលអនុវត្ត និងមានអត្ថប្រយោជន៍ផងដែរ។ តាមពិតនៅពេលដែលអ្នកកំពុងស្វែងរកទីតាំងអគារណាមួយ អ្នកអាចចុចលើទីតាំងនោះដើម្បីបង្ហាញនូវអាសយដ្ឋានប្រៃសណីយ៍ (Post Address) រួមទាំងអាសយដ្ឋាន ទីក្រុង រដ្ឋ និងលេខ zip ជាដើម។ លក្ខណៈនេះ អាចមានប្រយោជន៍សម្រាប់លោកអ្នកដែលត្រូវការព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មនោះ ព្រមជាមួយអាសយដ្ឋានដើម្បីងាយស្រួលទាក់ទងគ្នា។
៨) ឆែកមើលម៉ោងចេញដំណើរការរថភ្លើង និងរថយន្តក្រុងនៅតាមស្ថានីយផ្សេងៗ
មានកម្មវិធីមួយចំនួនមានមុខងារអាចឆែកមើលពីម៉ោងពេលរថយន្តក្រុងចេញដំណើរ និងរថភ្លើងផងដែរ។ ចំណែក Google Maps ក៏មានមុខងារនេះដែរ។
៩) Share ទីតាំងដែលអ្នកកំពុងស្ថិតនៅ ដើម្បីឱ្យមិត្តភ័ក្ដិបានដឹង
ប្រសិនលោកអ្នកមិនចង់ប្រាប់ទីតាំងរបស់អ្នកដោយការផ្ញើសារប្រាប់មិត្តភ័ក្ដិ អ្នកក៏អាចប្រើវិធីងាយស្រួលដោយគ្រាន់តែចុច Share ទីតាំងពីកម្មវិធី Google Maps បានដែរ។ ក្នុងការ Share នេះ អ្នកអាច share តាមទូរស័ព្ទ តាមអ៊ីមែល ឬបណ្ដាញសង្គមក៏បាន៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ lifehack, time