ទូរស័ព្ទបត់ (flip-phone)កំពុងត្រូវប៉ាន់នៅប្រទេេសជប៉ុន
ខណៈប្រជាជននៅតាមបណ្ដាប្រទេសជាច្រើន កំពុងពេញនិយមទូរស័ព្ទស្មាតហ្វូនអេក្រង់ឆ្លាតវៃ (touchscreen) នោះ ចំណែកឯការចរាចរលក់ទូរស័ព្ទប្រភេទបត់នៅក្នុងប្រទេសជប៉ុនវិញ នៅតែមានសកម្មភាពខ្លាំងដដែល។
នេះសបញ្ជាក់ឱ្យឃើញពីប្រជាប្រិយភាពនៃទូរស័ព្ទប្រភេទបត់មិនទាន់សាបរលាបនៅឡើយ ខណៈទូរស័ព្ទប្រភេទនេះហាក់ដូចជាហួសសម័យនៅតាមបណ្ដាប្រទេសជាច្រើនទៅហើយក៏ដោយ។
ការចែកចាយលក់ទូរស័ព្ទប្រភេទបត់ក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០១៤ គឺបានបន្តកើន ៥,៧% ស្មើនឹង ១០,៥៨លានគ្រឿង។ នេះបើតាមរបាយការណ៍ឱ្យដឹងរបស់ស្ថាប័នស្រាវជ្រាវ MM។ រីឯការចែកចាយលក់ស្មាតហ្វូន (Smartphone) វិញ គឺមានការថយចុះ ៥,៣% គិតជាតួលេខមាន ២៧,៧លានគ្រឿងធៀបនឹងឆ្នាំ២០១៣។
បើតាមក្រសួងទូរគមនាគមន៍ឱ្យដឹងថា អ្នកប្រើទូរស័ព្ទក្នុងប្រទេសជប៉ុនគឺ មានការចំណាយប្រាក់ច្រើនលើការប្រើប្រាស់ស្មាតហ្វូន មិនចាញ់បណ្ដាប្រទេសអភិវឌ្ឍផ្សេងនានានោះទេ ហើយក្នុងនោះទូរស័ព្ទប្រភេទបត់គឺមានតម្លៃធូរថ្លៃ។ ប្រជាជនជប៉ុនជាច្រើននៅតែនិយមប្រើទូរស័ព្ទស៊េរីចាស់ប្រភេទបត់អេក្រង់បាន ដែលមានមុខងារ ខលទូរស័ព្ទ ផ្ញើអ៊ីមែល និងប្រើអ៊ីនធឺណិតបាន។
ទោះបីក្រុមហ៊ុនជប៉ុនដូចជា Panasonic និង NEC ជាដើមបានព្យាយាមត្រួសត្រាយជំនួញស្មាតហ្វូនក្ដី ប៉ុន្តែនៅតែមិនអាចប្រកួតប្រជែងជាមួយទូរស័ព្ទម៉ាក Apple និង Samsung បាន។ ក៏ប៉ុន្តែ Panasonic និង NEC បែរជាត្រូវប៉ាន់ទៅលើទូរស័ព្ទធូរថ្លៃប្រភេទបត់ (flip-phone) ទៅវិញ។ បច្ចុប្បន្នក្រុមហ៊ុនក្នុងស្រុក (ជប៉ុន) ដែលកំពុងប្រកួតប្រជែងទីផ្សារទូរស័ព្ទបត់ក្រៅពី Panasnoic និង NEC ក៏មាន Fujitsu និង Sharp ផងដែរ៕
ប្រែសម្រួល៖ លី ឈៀន
ប្រភព៖ businessinsider