តើរុស្ស៊ីពិតជាបារម្ភខ្លាំងចំពោះឥទ្ធិពលរបស់ចិនមែនឬ បើប្រទេសទាំងពីរជាដៃគូសំខាន់នៅឆាកអន្តរជាតិ?
រុស្ស៊ីនៅពេលបច្ចុប្បន្ននេះ កំពុងប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរពីសំណាក់ អាមេរិក និង ប្រទេសលោកខាងលិចផ្សេងទៀត ជុំវិញបញ្ហាវិបត្តិក្នុងប្រទេសអ៊ុយក្រែន។ ដោយសារតែបែបនេះ ហើយធ្វើឲ្យសេដ្ឋកិច្ចរបស់ រុស្ស៊ីជួបវិបត្តិ ដែលត្រូវតែរកដំណោះស្រាយបន្ទាន់។ ក្នុងស្ថានភាពដ៏លំបាកនេះ រុស្ស៊ីមិនព្រងើយកន្តើយអំពីទំនាក់ទំនងជាមួយចិនបានឡើយ ព្រោះចិនក៏ជាប្រទេសដែល គ្មានទំនាក់ទំនងល្អផ្នែកនយោបាយជាមួយនឹងប្រទេស លោកខាងលិចផងដែរ។
មិនត្រឹមតែជាដៃគូផ្នែកនយោបាយអន្តរជាតិទេ ចិនក៏ជា ដៃគូពាណិជ្ជកម្មដ៏ធំរបស់រុស្ស៊ី។ រុស្ស៊ី និង ចិនក៏រៀបចំធ្វើសមយុទ្ធយោធាជាមួយគ្នាច្រើនដង ហើយម្យ៉ាងវិញទៀត ចិនក៏បានទិញឧស្ម័នជាច្រើនពីរុស្ស៊ីដើម្បីបម្រើសេដ្ឋកិច្ចរបស់ខ្លួន។
បើតាមក្រុមអ្នកវិភាគឲ្យដឹងថា យុទ្ធសាស្ត្ររបស់រុស្ស៊ីនៅពេលនេះ មានពីរសំខាន់ ពោលគឺទី ១ ត្រូវស្វែងរកទីផ្សារថ្មី ខណៈកំពុងរងទណ្ឌកម្មពីអឺរ៉ុប។ ទី២ ព្យាយាមបង្កើតដៃគូឲ្យបានច្រើន ដើម្បីកាត់បន្ថយការពឹងផ្អែកខ្លាំងពេកលើចិន។ លោក Vladimir Putin ទើបតែបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេស អេហ្ស៊ីប ដោយបានព្រមព្រៀងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ។
កាលពីថ្ងៃ អង្គារ ប្រធានាធិបតីរូបនេះក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី ដែលជាសមាជិករបស់សហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីវិស័យថាមពល។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថា គឺ រុស្ស៊ី គឺមិនឯកោនោះទេ បើទោះបីជាអាមេរិក និង ប្រទេសលោកខាងលិចមួយចំនួនព្យាយាមដាក់សម្ពាធលើខ្លួនក៏ដោយ។
យ៉ាងណាក៏ដោយ បើទោះបីជា រុស្ស៊ីបច្ចុប្បន្នត្រូវការចិនជាចាំបាច់ដើម្បី ទប់ទល់នឹងពួកលោកខាងលិច ប៉ុន្តែលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ព្យាយាមស្វែងរកដៃគូផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនខ្លាំងពេក។
យោងតាមការអះអាងអ្នកស្រាវជ្រាវមួយចំនួន បញ្ជាក់ថា រុស្ស៊ីពិតជាមានការបារម្ភចំពោះឥទ្ធិពលរបស់ចិន ថ្វីបើនៅលើឆាកអន្តរជាតិ ប្រទេសទាំងពីរគឺជាដៃគូសំខាន់ក្តី ព្រោះ បើមិនកាត់បន្ថយ ឥទ្ធិពលចិនទេ ឬ បើនៅតែបន្តពឹងផ្អែកលើចិនខ្លាំងពេក រុស្ស៊ីអាចនឹងខាតបង់នៅពេលអនាគត ហើយចិនក៏អាចគំរាមកំហែងដល់ខ្លួនផងដែរនៅថ្ងៃណាមួយ។ ដូច្នេះហើយបានជារុស្ស៊ីព្យាយាម សហការជាមួយប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី ក្នុងនោះក៏មានប្រទេសដែលជា មានបញ្ហាមួយចិនផងដែរ ដូចជា ឥណ្ឌា វៀតណាម និងជប៉ុនជាដើម។
កាលពីចុងឆ្នាំ២០១៤ លោក Putin ប្រធានាធិបតីរុស្ស៊ីបានជួបពិភាក្សាជាមួយ នឹងអគ្គលេខាធិការបក្សកុម្មុយនិស្ដវៀតណាម លោក Nguyen Phu Trong ដោយកាលនោះភាគីទាំងពីរក៏បានព្រមព្រៀងពង្រឹងទំនាក់ទំនងជាមួយគ្នា ជាពិសេសនោះគឺវិស័យយោធា។
រុស្ស៊ីបានផ្គត់ផ្គង់ វៀតណាមនូវ យន្តហោះចម្បាំង និង នាវាមុជទឹក ដែលជួយឲ្យវៀតណាមមានកម្លាំងយោធាខ្លាំងជាងមុន ដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងរបស់ចិន។ សូមបញ្ជាក់ថា វៀតណាម និង ចិនតែងមានជម្លោះជាមួយគ្នា ជាពិសេសនៅសមុទ្រចិនខាងត្បូង។
នាពេលកន្លងទៅ លោក Putin ក៏បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ក្នុងបំណងដើម្បីពង្រឹងចំណងមិត្តភាពជាមួយនឹង រដ្ឋាភិបាលទីក្រុង ញូដេលី ( New Delhi)។ ក្នុងនោះ ប្រធានាធិបតីរុស្ស៊ីក៏បានសន្យា ផ្គត់ផ្គង់ប្រេង គ្រឿងសព្វាវុធ និង ថាមពលរ៉េអាក់ទ័រនុយក្លេអ៊ែរទៅកាន់ ឥណ្ឌាផងដែរ។ សូមបញ្ជាក់ថា ឥណ្ឌា និង ចិន មិនសូវមានទំនាក់ទំនងល្អនោះឡើយ ព្រោះប្រទេសជិតខាងទាំងពីរតែងប្រឈមភាពតានតឹងជាមួយគ្នា ដូច្នេះហើយ ការដែលរុស្ស៊ីព្យាយាមជួយពង្រឹងសមត្ថភាពយោធារបស់ឥណ្ឌា ក៏មានន័យថា ចង់បន្ថយឥទ្ធិពលរបស់ចិនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីក៏ព្យាយាមពង្រឹងទំនាក់ទំនងជាមួយជប៉ុន ដែលប្រទេសនេះគឺជា សត្រូវភ្លេចមិនបានរបស់ចិនតាំងពីសម័យដើមមកម្ល៉េះ។ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ កន្លងទៅ លោក Shinzo Abe នាយករដ្ឋមន្ត្រីរបស់ជប៉ុន បានថ្លែងប្រាប់ទៅកាន់សភាជាតិរបស់ខ្លួនថា លោក ចង់ឲ្យ ប្រធានាធិបតី រុស្ស៊ី Vladimir Putin មកបំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុននៅឆ្នាំ ២០១៥ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែប្រសើរ៕
ប្រែសម្រួល៖ រស្មី
ប្រភព៖ www.Bloomberg.com