គេនិងប្រើយន្តហោះគ្មានមនុស្សបើក(Drone) សម្រាប់ដឹកអ្នកជំងឺ
ក្រុមហ៊ុនរចនាមួយដែលមូលដ្ឋាននៅរដ្ឋ Texas បានគូរប្លង់យន្តហោះពេទ្យគ្មានមនុស្សបើក (drone ambulance) ដែលគេសង្ឃឹមថា នឹងអាចជួយសង្គ្រោះអ្នកជំងឺ ឬជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅតំបន់ដាច់ស្រយាលបានទាន់ពេលវេលា។
ក្រុមហ៊ុន Argodesign ដែលជាក្រុមហ៊ុនតែងសហការជាមួយក្រុមហ៊ុន Software មួយចំនួនបានចេញគំរូយន្តហោះពេទ្យគ្មានមនុស្សបើកដែលទំនងជាអាចចូលរោងចក្រផលិតបានពិតប្រាកដនៅថ្ងៃណាមួយបើសិនជាមានការសហការពីក្រុមហ៊ុនដទៃ។
លោក Mark Rolston ស្ថាបនិក និងជានាយកផ្នែកខាងរចនានៅក្រុមហ៊ុនខាងលើ បានប្រាប់សារព័ត៌មាន Business Insider ថា ក្រុមហ៊ុន Argodesign បានចរចា និងជជែកពិភាក្សាជាមួយក្រុមហ៊ុនជាច្រើនអំពីគម្រោងផលិតយន្តហោះគ្មានមនុស្សបើកបម្រើឱ្យវិស័យវេជ្ជសាស្ត្រនេះ ប៉ុន្តែក្រុមហ៊ុនភាគច្រើន បែរជាចាប់អារម្មណ៍ចំពោះការផលិតយន្តហោះប្រភេទតូច បម្រើឱ្យវិស័យពាណិជ្ជកម្មទៅវិញ ជាក់ស្ដែងដូចជាក្រុមហ៊ុន Amazon ជាដើម។
យន្តហោះនេះត្រូវបានរចនាឡើងមានរូបរាងតូចល្មម ទំហំប៉ុនរថយន្តដែលអាចហោះនៅទីខ្ពស់នៅតាមតំបន់ជនបទដែលមានឧបសគ្គច្រើន និងមានល្បឿនលឿន អាចជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា៕