ឥណ្ឌាៈ កូនកំលោះលាក់កូនក្រមុំរឿងជំងឺឆ្កូតជ្រូក ចៃដន្យពេលរៀបការក៏ប្រកាច់ កូនក្រមុំផ្ទុះកំហឹងជ្រើសយកភ្ញៀវម្នាក់ធ្វើជាស្វាមី
ផ្ទុះកំហឹងក្រេវក្រោធ ដោយសារតែកូនកំលោះបានលាក់បាំងខ្លួនពីរឿងមានជំងឺឆ្កួតជ្រូកនោះ កូនក្រមុំឥណ្ឌាឈ្មោះ Indira បានសម្រេចជ្រើសយកភ្ញៀវម្នាក់មកធ្វើជាប្តី ក្នុងពិធីមង្គលការភ្លាមៗ ។
តាមនោះ កូនកំលោះឈ្មោះ Jugal Kishore ពុំបានឲ្យកូនក្រមុំ និងក្រុមគ្រួសារដឹងពីរឿងដែលខ្លួនមានជំងឺនេះទេ ។ ដូច្នេះ ពេលដែលពិធីមង្គលការកំពុងប្រព្រឹត្តទៅ ស្រាប់តែកូនកំលោះដួលប្រកាច់សន្លប់នោះ នាងក៏សម្រេចចិត្តជ្រើសយកបុរសម្នាក់ជាភ្ញៀវមករៀបការនឹងខ្លួនតែម្តង ។
តាម The Times of India លោក Kishore អាយុ ២៥ ឆ្នាំ បានដួលគ្រឹបមុនពេលដែលរៀបពាក់កម្រងផ្កាឲ្យកូនក្រមុំ ។ ខណៈពេលដែល Kishore ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅទីប្រជុំជន Rampur រដ្ឋ Uttar Pradesh ភាគខាងជើងឥណ្ឌា នោះនាង Indira ជាកូនក្រមុំក៏បានសម្រេចចិត្តប្តូរកូនកំលោះក្នុង១ប៉ប្រិចភ្នែក ។
នាងបានសំណូមពរដល់ភ្ញៀវឈ្មោះ Harpal Singh រៀបការនឹងខ្លួន ។ បុរសកំពុងស្លៀកខោខៅប៊យ និងអាវធំ ពិតជាស្រឡាំងកាំង១សន្ទុះ រួចក៏ប្រកាសថា សុខចិត្តរៀបការនឹង Indira ។ ដោយចៃដន្យ Singh ជាប្អូនថ្លៃរបស់បងស្រីនាង Indira ។
ហេតុការណ៍កាន់តែពុះកញ្ជ្រោល ពេល Kishore ដឹងខ្លួន វិលមកពីមន្ទីរពេទ្យវិញ ។ គាត់បានអង្វរករ Indira ប្តូរចិត្តវិញ ប៉ុន្តែ ទោះបីមានភាពតានតឹងរហូត ចាន កែវ ហើរពេញលំហរក្តី ក៏នាងពុំប្តូរចិត្តដែរ ។
ក្រុមគ្រួសាររបស់ Kishore ក្តៅស្លឹកត្រចៀក ក៏ដាក់ពាក្យបណ្តឹងទៅប៉ូលីសអន្តរាគមន៍ ។ ប៉ុន្តែ មន្ត្រីប៉ូលីសប្រចាំតំបន់នោះ លោក Ram Khiladi Solanki បានប្រាប់ BBC ថាៈ នាងបានយកប្តីហើយ នៅមានអ្នកណាធ្វើអ្វីបានទៀតទៅ! ។
ចុងក្រោយ ក្រុមគ្រួសារកូនកំលោះបង្ខំចិត្តដកពាក្យបណ្តឹងវិញ ៕
(តាមឥណ្ឌា នោះកូនក្រមុំ គឺជាអ្នកដណ្តឹងស្វាមី)