ទំនាក់ទំនង​របស់​​លោក​អ្នក​បរាជ័យ​ បណ្តាល​មក​ពី​កំហុស​ ៧​យ៉ាង​នេះ

2/19/2015 0 Comments A+ a-


រូបតំណាង​ប្រភព៖​ interviewsuccessformula

ក្នុង​ទំនាក់ទំនង​របស់​អ្នក​ ទោះបី​ជា​ស្ថិត​នៅ​ក្នុង​ជីវិត​គូស្នេហ៍ ឬ គ្រួសារ​ជា​ដើម​​ ទាមទារ​ឲ្យ​អ្នក​មាន​ការ​សិក្សា​ពី​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​​រក្សា​ឲ្យ​​ទំនាក់ទំនង​នោះ​មាន​ភាព​ស្ថិតស្ថេរ​យូរអង្វែង។ ការ​ឲ្យ​តម្លៃ​គ្នា ឬ ការ​យកចិត្តទុកដាក់​គ្នា​ទៅ​វិញ​ទៅ​មក​គឺ​ជា​សុទ្ធតែ​ជា​រឿង​ចាំបាច់​ដែល​អ្នក​ត្រូវ​ធ្វើ​ផង​ដែរ។

យ៉ាង​ណាមិញ បើ​​អ្នក​បណ្តាល​ឲ្យ​សកម្មភាព ៧ យ៉ាង​ខាងក្រោម​នេះ​កើត​ឡើង​​​​ហើយ​នោះ ​ជីវិត​​ទំនាក់ទំនង​របស់​អ្នក​ពិត​ជា​ត្រូវ​​បញ្ចប់​​ជា​មិន​ខាន៖ ​​​​

១) មិន​ចូលចិត្ត​ស្តាប់​ហេតុផល
ការ​មិន​ចូលចិត្ត​ស្តាប់​ហេតុផល​របស់​ភាគី​ណាមួយ​​ទាំង​នៅ​ក្នុង​ការងារ ក៏​ដូច​​ជា​ទំនាក់ទំនង​​គូស្នេហ៍​ក្តី គឺ​ជា​ដើមចម​នាំ​មក​នូវ​ការ​បែកបាក់​ទំនាក់ទំនង​របស់​អ្នក។ ​រូបភាព​នេះ​កើត​ឡើង​ដោយ​ការ​វាយតម្លៃ​ស្មាន​ជាជាង​ការ​ស្តាប់​ការ​បកស្រាយ ឬ​ក៏​​ចេះ​តែ​​អារកាត់​ដោយ​មិន​មាន​ការ​​​​យោគយល់​គ្នា​ជា​ដើម។

២) ចូលចិត្ត​រិះគន់​ជាជាង​ការ​កែលំអ
ការ​រិះគន់ ជា​ពិសេស​កើត​មាន​នៅ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​​រវាង​​គូស្នេហ៍​មួយ​គូ​ ក៏​ជា​មេរោគ​ទី២ បញ្ចប់​ជីវិត​ទំនាក់ទំនង​របស់​ពួកគេ​ដែរ​។  ការ​រិះគន់​នេះ​អាច​ស្តែង​ចេញ​ជា​​ការ​ស្តី​បន្ទោស​ដោយ​គ្មាន​ហេតុផល គិត​តែ​ពី​ដាក់​បន្ទុក គ្មាន​ការ​កែលំអ និង អប់រំ​គ្នា​​ជា​ដើម​នៅ​ពេល​មាន​កំហុស​កើត​ឡើង។​

៣) ​​ដាក់​ការ​រំពឹង​ទុក​​ហួស​ពី​ការ​ពិត​
នៅ​ក្នុង​ទំនាក់ទំនង​ជា​ពិសេស​ក្នុង​ជីវិត​ស្នេហា​ នៅ​ពេល​ដែល​ភាគី​ម្ខាង​​ដាក់​ការ​រំពឹង​ទុក​មួយ​ហួស​ពី​ការ​ពិត​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ហើយ​នោះ​មិន​យូរ​មិនឆាប់​ ចំណង​ទំនាក់ទំនង​រវាង​មនុស្ស​ពីរ​នាក់​នោះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ណាមួយ​ជា​មិនខាន។ ភាគី​មួយ​អាច​ត្រូវ​ការ​លុយ ត្រូវ​ការ​ផ្ទះ ត្រូវ​ការ​រស់​នៅ​បែប​ស៊ីវិល័យ ឬ ​របស់​ប្រើប្រាស់​ទំនើបៗ​​​ផ្សេង​ទៀត​​ទាំង​ភាគី​ម្ខាង​ទៀត​មិន​អាច​ធ្វើ​បាន​ នៅ​ទី​នោះ​ហើយ​ដែល​ដង្ហើម​ចុងក្រោយ​នៃ​ការ​​ទំនាក់ទំនង​​​របស់​អ្នក​អាច​​ចូល​មក​ដល់​។


៤) យកឈ្នះ​តែ​រៀង​ខ្លួន​ ឬ ឃុំគ្រង​គ្នា
យកឈ្នះ​តែ​រៀង​ខ្លួន​ ឬ ឃុំគ្រង​គ្នា មិនមែន​​ជា​គ្រឹះ​មួយ​នាំ​មក​នូវ​ទំនាក់ទំនង​ជា​អមតៈ​នោះ​ឡើយ។ នៅ​ក្នុង​ទំនាក់​ទំនង​ជា​ទូទៅ មនុស្ស​ត្រូវ​ការ​ឲ្យ​តម្លៃ​គ្នា យល់​អធ្យាស្រ័យ​គ្នា ​ ការ​ស្វែង​យល់​ពី​ចិត្ត ឬ អារម្មណ៍​​​​នៃ​ការ​យកចិត្ត​ទុកដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង សេរីភាព​​ជា​ដើម។ ប៉ុន្តែ​បើ​ភាគី​ម្ខាង​គិត​តែ​ពី​គាបសង្កត់ គ្រប់គ្រង​គ្រប់​បែប​យ៉ាង​ទាំង​សេរីភាព​ដើរហើរ​ជា​លក្ខណៈ​ផ្ដាច់ការ​នោះ ក៏​មិន​ត្រូវ​រំពឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​​​មក​វិញ​នោះ​ដែរ។ ​

៥) ចូលចិត្ត​ប្រៀបធៀប​ជា​មួយ​អ្នកដទៃ
ហេតុផល​មួយ​ទៀត​ដែល​ជា​​ចក្រ​ផ្លូវ​នាំ​ទៅ​រក​ការ​បញ្ចប់​នៃ​ការ​ទំនាក់ទំនង គឺ​ការ​យក​មនុស្ស​ដែល​​ខ្លួន​រាប់​អាន ឬ ស្រលាញ់​ទៅ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ផ្សេង​ទៀត។ នៅ​ក្នុង​ជីវិត​ទំនាក់ទំនង​របស់​អ្នក បើ​អ្នក​យក​ការ​ប្រៀបធៀប​ទៅ​នឹង​អ្នកដទៃ​កាន់តែ​ច្រើន​​​ អ្នក​នឹង​សង្កេត​ឃើញ​ថា មនុស្ស​ដែល​អ្នក​រាប់អាន ឬ មនុស្ស​ដែល​អ្នក​ស្រលាញ់​​​ពិត​ជា​មាន​​ចំណុច​ខ្វះខាត ​មិន​ល្អ ឬ អសមត្ថភាព​ជាង​អ្នក​ផ្សេង​ជា​មិន​ខាន។ ​ត្រង់​នេះ​ហើយ​ដែល​ ​ការ​ឲ្យ​តម្លៃ​ ឬ យកចិត្ត​ទុកដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ត្រូវ​រលាយ​សាបសូន្យ​។

៦) មាន​ភាព​មានៈ និង មិន​ជម្រុះ​ចោល​ទម្លាប់​អាក្រក់​ចោល
ដើម្បី​ឲ្យ​ទំនាក់ទំនង​មួយ​អាច​រលាយ​បញ្ចូល​គ្នា​ទៅ​បាន ​អ្នក​ត្រូវ​ប្រាកដ​ថា សកម្មភាព ឬ ទម្លាប់​មិន​ល្អ​​របស់​អ្នក​ដែល​មាន​ពី​មុន​មក​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ ដើម្បី​ឲ្យ​មាន​ភាព​ស៊ីចង្វាក់​គ្នា។ បើ​​​អ្នក​ចូលចិត្ត​ដើរ​កម្សាន្ត តែ​ដៃគូ​របស់​អ្នក​ចូលចិត្ត អ្នក​ក៏​គួរតែ​តម្រូវ​ចិត្ត​ខ្លះ។ បើ​អ្នក​មាន​ចរិត​រឹងរូស អ្នក​ក៏​គួរតែ​ប្រកាន់​ចរិត​ទន់ភ្លន់​ជាង​មុន​ដែរ។ ទាំង​នេះ​ជា​ការ​ផ្លាស់ប្ដូរ​ដើម្បី​នាំ​មក​នូវ​ភាព​ល្អ​ប្រសើរ។ ប៉ុន្តែ​បើ​អ្នក​ប្រកាន់​ជំហរ​មានៈ​ច្រើន​គិត​​ថា អ្វី​ដែល​ខ្លួន​ធ្វើ​សុទ្ធតែ​ត្រឹមត្រូវ គ្មាន​ការ​លះបង់​ខ្លះ​នោះ ទំនាក់ទំនង​របស់​អ្នក​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​បន្ត​ទៅ​ទៀត​ដែរ។

៧) មាន​ការ​លាក់បាំង​ច្រើន
ការ​លាក់បាំង​ គឺ​ជា​វីរុស​ដ៏​សាហាវ​មួយ​ទៀត​ដែល​គេ​ទទួល​ស្គាល់​ថា ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ឈាន​ទៅ​រក​ផ្លូវ​បំបែក។ នៅ​ពេល​ដែល​​អ្នក​​ព្យាយាម​លាក់​បាំង​ដៃគូ​របស់​អ្នក​​ ជា​ពិសេស​ទង្វើ​មិន​ល្អ​របស់​អ្នក​​​ ទំនុកចិត្ត​​ក្នុង​ទំនាក់ទំនង​របស់​អ្នក​​ក៏​ត្រូវ​​បាត់បង់​ដែរ។ សកម្មភាព​នេះ​វា​បង្ហាញ​នូវ​ភាព​មិន​ស្មោះត្រង់​យ៉ាង​ច្បាស់ក្រឡែត​ ហើយ​​ទី​បំផុត​នឹង​​មាន​ការ​អាក់អន់​ចិត្ត​​ជា​មិន​ខាន។ នៅ​ពេល​នេះ​ហើយ​ដែល​ការ​ទំនាក់ទំនង​ចាប់​ផ្តើម​ប្រេះស្រាំ​បន្តិចម្ដងៗ រហូតដល់​រលត់​ទាំង​ស្រុង​ទាំង​ម្តង៕

ប្រែសម្រួល៖ ខេវិន​​​​​​​​​
ប្រភព៖​ Lifehack