ហេតុផល​ចំនួន​ ​៨ ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​បែកបាក់

2/19/2015 0 Comments A+ a-


ការ​រក្សា​ទំនាក់ទំនង​មួយ​ដ៏​យូរអង្វែង​​ឲ្យ​បាន​ល្អ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ជីវិត​របស់​អ្នក​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​កសាង​ទំនាក់ទំនង​បាន​រាប់​ឆ្នាំ​​ហើយ បែរ​ជា​បែកបាក់​ទៅ​វិញ​ដោយ​ងាយស្រួល​ក្នុង​មួយ​ប៉ព្រិកភ្នែក។ នេះ​ក៏​ដោយសារ​មូលហេតុ​សំខាន់ៗ​ចំនួន ៨ ខាងក្រោម​នេះ៖​​​​

១) មិន​​​យកចិត្ត​ទុកដាក់​​ស្ដាប់​ដៃគូ​
ការ​ព្រងើយ​កន្តើយ​មិន​យកចិត្ត​ទុកដាក់​​ស្ដាប់​ដៃគូ​និយាយ គឺ​ជា​ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​​ទំនាក់ទំនង​របស់​មនុស្ស​ពីរ​នាក់​បែកបាក់​គ្នា​បាន។ នេះ​កើត​ចេញ​ពី​ភាគី​មួយ​ដែល​យល់​ថា មតិ​ខ្លួន​ឯង​ត្រូវ​  ឬ ​ចេះ​​តែ​យល់​ថា មតិ​របស់​ដៃគូ​​​សុទ្ធតែ​ខុស​ជា​ដើម។ ​​​​​​​វា​ជា​សកម្មភាព​ដែល​បង្ហាញ​ពី​ការ​​​មិន​​ឲ្យ​តម្លៃ​គ្នា និង ការ​មិន​គោរព​គ្នា​ ហើយ​ការ​មិន​គោរព​មតិ​គ្នា​​នេះ​ហើយ​ជា​មែកធាង​នៃ​ការ​បែកបាក់។

២) ​មិន​គោរព​​ពាក្យ​សន្យា
ដៃគូ​ស្នេហា​ក្តី ទំនាក់ទំនង​​ការងារ​ក្តី​ ឬ មិត្តភាព​ក្តី នៅ​ពេល​ដែល​ភាគី​មួយ​មិន​បាន​ធ្វើ​អ្វី​​ឲ្យ​ដូច​ទៅ​នឹង​ការ​សន្យា​របស់​ខ្លួន នឹង​បំផ្លាញ​ទំនុក​ចិត្ត​ដៃគូ​​ម្ខាង​ទៀត​។ ជាង​នេះ​ទៅ​ទៀត​នោះ នៅ​ពេល​ដែល​ការ​សន្យា​នោះ​ចេះ​តែ​កើត​មាន​ឡើង​ញឹកញយ​ មិន​​យូរ​មិន​ឆាប់​ទំនាក់ទំនង​នឹង​ដល់​ផ្លូវ​បំបែក ព្រោះ​ថា​ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​ម្ខាង​បាក់​ទឹកចិត្ត និង អស់​សង្ឃឹម​ពិបាក​នឹង​យក​ជា​​​ដៃគូ​​ជីវិត​បាន​​ ហើយ​សកម្មភាព​នេះ​ហើយ​ដែល​​ឈាន​ទៅ​​រក​​​ការ​ប្រេះឆា។

៣) សម្លឹង​ផល​​​​​​ប្រយោជន៍​​ជា​ធំ​
នៅ​ពេល​ដែល​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​​ត្រូវ​បាន​ឲ្យ​តម្លៃ​ជាង​មិត្តភាព ឬ ដៃគូ​របស់​ខ្លួន​​ហើយ​នោះ គេ​នឹង​មើល​ឃើញ​តម្រុយ​ថា ការ​បែកបាក់​នឹង​ចូល​មក​ដល់។ ជាង​នេះ​ទៅ​ទៀត​នោះ ការ​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​នៅ​ពេល​ទំនាក់ទំនង​ នឹង​ឆ្លុះ​បញ្ចាំង​ពី​ភាព​ខិតលើ​របស់​ភាគ​ម្ខាង ហើយ​ភាគី​​នោះ​នឹង​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​បាន​គេ​កេង​ចំណេញ ម្ល៉ោះហើយ​រឿង​អី​​​ទំនាក់ទំនង​ដ៏​យូរអង្វែង​ត្រូវ​កើត​មាន​នោះ។

៤)​ មិន​អាច​ពឹង​ពាក់​គ្នា​​បាន
តាម​ពិត​ទៅ គេ​ពិបាក​និយាយ​ថា ការ​ទំនាក់ទំនង​ដ៏​យូរអង្វែង​អាច​​ធ្វើ​ឡើង​ដោយ​​មិន​ចាំបាច់​​​​ការពឹងពាក់​គ្នា​ណាស់ ពោល​ដោយសារ​តែ​មើល​ឃើញ​ការ​ពឹង​ពាក់​បាន​នេះ​ហើយ​ទើប​មាន​ការ​ទំនាក់ទំនង​កើត​ឡើង។ ហេតុដូច្នេះ បើ​​ទំនាក់ទំនង​មួយ​មិន​​អាច​ពឹង​ពាក់​​គ្នា​បាន​ ឬ មិន​សូវ​ចេះ​ជួយ​យកអាសា​គ្នា​នេះ​​ហើយ​នោះ ​ក៏​ពិបាក​រក្សា​​រក្សា​ទំនាក់ទំនង​​មួយ​បាន​នោះ​​ដែរ។

៥) ដាច់​​ការ​ទាក់ទង​នៅ​ពេល​នៅ​ឆ្ងាយ​ពី​គ្នា
ករណី​នេះ​បាន​កើត​ឡើង​ដោយ​ងាយ និង ជា​ញឹកញាប់​ជាង​ធម្មតា​នៅ​ពេល​ដែល​ភាគី​ទាំងពីរ​នៅ​ឆ្ងាយ​ពី​គ្នា។ ពី​មួយ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ទៅ​មួយ​ខែ រហូត​ដល់​ឆ្នាំ​ក៏​មាន​ ភាគី​ទាំង​ពីរ​មិន​សូវ​ទាក់ទង​គ្នា ហើយ​ជា​ពិសេស​គឺ​មាន​ចេតនា​ចង់​គេចវេះ​ ឬ បដិសេធន៍​នៅ​ពេល​ជួប​គ្នា​ទៅ​ទៀត​នោះ​ នេះ​​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​បែកបាក់​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរ។

៦) ខ្លាច​ចាញ់​ប្រៀប​ដៃគូ​ទំនាក់ទំនង​របស់​ខ្លួន
នៅ​ពេល​ដែល​​ភាគី​មួយ​បារម្ភ​​​ថា ខ្លាច​ការ​​ស្លៀកពាក់ ការ​ស្នាក់​នៅ សម្ភារៈ​ប្រើប្រាស់ ការងារ ឬ សិក្សា​​របស់​ខ្លួន​ចាញ់​ដៃ​គូ​ទំនាក់ទំនង​របស់​ខ្លួន​​ហើយ​នោះ វា​ជា​ចំណុច​មួយ​ដែល​ពិបាក​រក្សា​ទំនាក់ទំនង​ឲ្យ​នៅ​យូរអង្វែង​ណាស់។ ទង្វើ​នេះ​ជា​រូបភាព​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​ច្រណែន​ឈ្នានីស​គ្នា ដែល​វា​មិន​មាន​នៅ​ក្នុង​ទំនាក់ទំនង​ល្អ​របស់​មនុស្ស​ពីរ​នាក់។

៧) ដាក់​ការ​រំពឹង​ទុក​​​នៅ​​ក្នុង​ទំនាក់ទំនង​ខ្ពស់​ពេក​
ក្នុង​ការ​ទំនាក់ទំនង​ដ៏​ល្អ អ្នក​មិន​គួរ​ដាក់​ការ​រំពឹង​ទុក ឬ ក្តី​សង្ឃឹម​ខ្ពស់​ពេក​នោះ​ទេ ព្រោះ​ថា​បើ​អ្នក​ធ្វើ​បែប​នេះ ថ្ងៃ​ណា​មួយ​អ្នក​នឹង​ខកចិត្ត ត្បិតអី​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នក​មិន​បាន​ដូច​បំណង។ ការ​រំពឹង​ទុក​នេះ វា​ប្រៀប​បាន​ដូច​ទៅ​នឹង​ការ​សម្លឹង​ផលប្រយោជន៍​របស់​ភាគី​ម្ខាង​ទៀត និង ការ​មិន​ទាន់​សិក្សា​គ្នា​​ឲ្យ​បាន​ច្បាស់ ដែល​នាំ​មក​នូវ​ការ​បែកបាក់​នេះ។

៨) មិន​សុំទោស ឬ សារភាព​កំហុស​នៅ​​ពេល​មាន​កំហុស​កើត​ឡើង​
នៅ​ពេល​មាន​កំហុស​កើត​ឡើង ការ​​សូម​ទោស ឬ សារភាព​កំហុស​​​គួរតែ​​មាន​ ជា​ពិសេស​នៅ​ក្នុង​ទំនាក់ទំនង​តែម្ដង។ នៅ​ពេល​ដែល​ភាគី​មួយ​មិន​ទទួល​កំហុស​របស់​ខ្លួន ហើយ​ថែម​ទាំង​បែរខ្នង​ដាក់ នឹង​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​អាក់​អន់​ចិត្ត​ និង បាត់បង់​ការ​ឲ្យ​តម្លៃ​គ្នា ដែល​អាច​ឈាន​ទៅ​​រក​ការ​បញ្ចប់​​ទំនាក់ទំនង​បាន៕

ប្រែសម្រួល៖ ខេវិន
ប្រភព៖​ Lifehack