រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ស្នើ​ឲ្យ​​តំណាង​ក្រុម​ហ៊ុន​ចែក​ចាយ​​ប្រេង​ឥន្ធនៈ​ រក្សា​តម្លៃ​លក់​ខណៈ​​តម្លៃ​​​ប្រេង​លើ​ពិភព​លោក​ឡើង​ថ្លៃ​​វិញ​

2/13/2015 0 Comments A+ a-


តម្លៃ​ប្រេង​ឥន្ធនៈ​​នៅ​ស្ថានីយ​តេលា​
រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​​ ស៊ុន ចាន់​ថុល ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទាំង​អស់​ដែល​កំពុង​ប្រតិបត្តិ​​ការ​ចែក​ចាយ​លក់​​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា​​រក្សា​ថ្លៃ​លក់​រាយ​របស់​ខ្លួន​​ឲ្យ​នៅ​ដដែល​សម្រាប់​រយៈពេល​ ១០​ថ្ងៃ​ទៀត​ ខណៈ​ដែល​តម្លៃ​ប្រេង​នៅ​​លើ​ពិភពលោក​ បាន​ឡើង​ថ្លៃ​ប្រហែល​ជា​ ១៥% ​នា​ពេល​ថ្មីៗ​នេះ​​ ។

កិច្ច​ប្រជុំ​លើក​ទី​៥​ នា​ថ្ងៃ​ទី​១១ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥ ​​កន្លង​មក​នេះ ​​មាន​ការ​ចូលរួម​រវាង​​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង សេដ្ឋកិច្ច​​ និង​ហិរញ្ញវត្ថុ​ ក្រសួង​រ៉ែ​និង​ថាមពល​ និង​តំណាង​ក្រុម​ហ៊ុន​ ចែក​ចាយ​ប្រេង​ឥន្ធនៈ​ធំ​ៗ​ដែល​ធ្វើ​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​រួម​មាន​ក្រុមហ៊ុន​សួគីម៉ិក​​ SOKIMEX, តេលា​(TELA), ភីភីធី​កម្ពុជា​(PTT)​ ,​ កាល់​តិច​(CALTEX),​ ក្រុម​ហ៊ុន​BVMP ( Bright Victory Mekong Petroleum), ​តូតាល់​(TOTAL), និង​ ក្រុមហ៊ុន LHR។

នៅ​ក្នុង​ជំនួប​នោះ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​ក៏​បាន​ស្នើ​ឲ្យ​បង្កើត​ប្រកាស​រួម​មួយ​រវាង​​​ក្រសួង​ពាណិជ្ជកម្ម​ និង​ ក្រសួង​រ៉ែ​និង​ថាមពល​​​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ការ​ធ្វើ​សេចក្តី​រាយការណ៍​ពី​ សន្និធិ​បេ្រង​ ដែល​តម្រូវ​ឲ្យ​អ្នក​ចែកចាយ​ប្រេង​រក្សា​ឲ្យ​បាន​កម្រិត​សមស្រប​ ក្នុង​ធានា​នូវ​កម្រិត​សុវត្ថិភាព​ប្រេង​ ដែល​រក្សា​ទុក​គ្រប់​គ្រាន់​សម្រាប់​ចែកចាយ​ ។​

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​តំណាង​ក្រុមហ៊ុន​ SOKIMEX, TELA, PTT, BVMP, និង ក្រុមហ៊ុន LHR​ បាន​សម្រេច​រក្សា​តម្លៃ​ប្រេង​ ឲ្យ​នៅ​ដដែល​ ដោយ​ឡែក​ក្រុមហ៊ុន​CALTEX​ និង​TOTAL នឹង​បញ្ជាក់​ពី​ស្ថានភាព​ថ្លៃ​លក់​របស់​ខ្លួន​ បន្ទាប់​ពី​ទទួល​បាន​ការ​ឯកភាព​ ពី​ថ្នាក់​ដឹកនាំ​ប្រចាំ​តំបន់​របស់​ខ្លួន ​។

កាល​ពី​​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥​​កន្លង​ទៅ​នេះ​ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​​ បាន​ផ្ដល់​​អនុសាសន៍​ទៅ​ឲ្យ​​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​ លោក អូន ព័ន្ធ​មុនីរ័ត្ន​​ ពិនិត្យ​ទៅ​លើ​លទ្ធភាព​​បញ្ចេញ​ថវិកា​ក្នុង​ការ​ទិញ​ប្រេង​មក​រក្សា​ទុក​ ដើម្បី​បម្រុង​ទុក​នៅ​ពេល​ប្រេង​​ឡើង​ថ្លៃវិញ។ 

គួរ​រម្លឹក​ថា​ ​​នៅ​ក្នុង​ផែន​ការ​បញ្ចុះ​តម្លៃ​ប្រេង​លក់​រាយ ​នៅ​ក្នុង​ស្រុក​នេះ​ ​ក្រសួង​​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រួម​ជា​មួយ​​ស្ថាប័ន​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ស្រុក​បាន​ឯកភាព​ គ្នា​ធ្វើ​ការ​ជួប​ប្រជុំ​នៅ​​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​រៀង​រាល់​១០​ ថ្ងៃ​​ម្ដង​ដើម្បី​ ពិនិត្យ​មើល​តម្លៃ​​ប្រេង​ឥន្ធនៈ​ ​​ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​ នឹង​ត្រូវ​ផ្សព្វផ្សាយ ​ជា​សាធារណៈ​តាមរយៈ​ទូរទស្សន៍ វិទ្យុ​ សារព័ត៌មាន​ និង​បណ្ដាញ​សង្គម​​ ៕​

អត្ថបទ ៖ ចាន់ សុខ នាង​