តើ​លោក​ពូទីន​ញុាំ​​អ្វី​ និង​ធ្វើ​​កិច្ចការ​​​​​អ្វី​ខ្លះ​​នៅ​ពេល​ព្រឹក​ឡើង? (មាន​វីដេអូ)

2/12/2015 0 Comments A+ a-


តើ​ពូទីន​បាន​អី​ញុាំ​​ព្រឹក​ឡើង?ប្រភព៖​ independent.co.uk

ជា​ទម្លាប់​របស់​លោក​ពូទីន (Putin) គឺ​លោក​គេង​រហូត​ទាល់​តែ​ថ្ងៃ​រាង​ជ្រេ​បន្តិច ​ទើប​ក្រោក​ពី​គេង​ ព្រោះ​លោក​ចូល​គេង​ពេល​កណ្ដាល​អាធ្រាត្រ ឬ​រំលង​អាធ្រាត្រ​។ បន្ទាប់​​​ពី​ភ្ញាក់​ពី​គេង លោក​បរិភោគ​អាហារ​ពេល​ព្រឹក (breakfast)។ អាហារ​ពេល​ព្រឹក​សម្រាប់​លោក​ពូទីន មាន​លក្ខណៈ​សាមញ្ញ​បំផុត និង​គ្មាន​អ្វី​ស្មុគស្មាញ​ច្រើន​ទេ។

អាហារ​ដែល​លោក​បរិភោគ​មាន​ដូច​ជា​ ៖ ប្រហុក​បស្ចិមប្រទេស (cheese) – ពងមាន់​ក្រឡុក​ជាមួយ​បន្លែ​ហើយ​យក​ទៅ​ចៀន (អូមីឡែត – omelet) ​- ពង​ក្រួច (quails’ eggs) ​និង​បបរ​គ្រឿង (porridge)។ បន្ទាប់​មក លោក​ពិសា​បង្អែម​លាងមាត់ ជា​ទឹក​ផ្លែឈើ​កិន ឬ​កាហ្វេ។ បន្លែ​ផ្លែឈើ ​ត្រី​សាច់​សព្វសារពើ ​សម្រាប់​ផ្សំ​គ្រឿង​ធ្វើ​ម្ហូប បង្អែម ​និង​ចំអាប​គ្រប់​យ៉ាង​សម្រាប់​លោក​បរិភោគ គឺ​សុទ្ធ​សឹង​ត្រូវ​បាន​ដាំ​ដុះ និង​ចិញ្ចឹម​នៅ​ក្នុង​ទី​កសិដ្ឋាន​មួយ​កន្លែង ​ដែល​មើល​ការ​ខុសត្រូវ និង​ដាំ​ដុះ​បង្កបង្កើន​ផល​ដោយ​ព្រះ​មេគណ​ព្រះនាម Patriarch Kirill នៅ​ជាយ​ទីក្រុង​មូស្គូ។ (ប្រភព ៖ AFP)


​បន្ទាប់​ពី​បរិភោគ​អាហារ​ពេល​ព្រឹក​ឆ្អែត​ហើយ លោក​យក​ពេល​ទៅ​លម្ហែ​កាយ ដោយ​ចុះ​ហែល​ទឹក។ ក្នុង​មួយ​ថ្ងៃ លោក​ហែល​ទឹក​មិន​ក្រោម​ពីរ​ម៉ោង​ទេ។ ទីប្រឹក្សា​របស់​លោក​ពូទីន​ប្រាប់​ថា​ គឺ​វិធី​ត្រាំ​ខ្លួន​ក្នុង​ទឹក​នេះ​ហើយ ដែល​លោក​ពូទីន​អាច​គិត​ចេញ​គំនិត​ថ្មីៗ (fresh ideas)។ ក្រៅ​ពី​នេះ លោក​ក៏​ជា​អ្នក​ចូលចិត្ត​ហាត់​ប្រាណ​នៅ​ក្នុង​ក្លិប​ផង​ដែរ។ កីឡា​ដែល​លោក​ចូលចិត្ត​គឺ​លើក​ដុំ​ដែក (weight-lifting)។ ក្រៅ​ពី​ត្រាំ​ក្នុង​អាង​ទឹក​ត្រជាក់ លោក​ក៏​ចូល​ចិត្ត​ត្រាំ​ខ្លួន​ក្នុង​អាង​ទឹក​ក្ដៅ​ឧណ្ហៗ​ផង​ដែរ។ (ប្រភព ៖ Associated Press)

ដើម្បី​ធានា​សុវត្ថិភាព​ចំណី​អាហារ​ចំពោះ​លោក​ក្រែង​មាន​គេ​ដាក់​ថ្នាំ​បំពុល គឺ​លោក​មុន​នឹង​បរិភោគ​ចំណី​អាហារ ត្រូវ​ខាង​មន្ត្រី​ពិនិត្យ​ចំណី​អាហារ​របស់​វិមាន​ក្រឹមឡាំង (Kremlin) ភ្លក្ស​មើល​សិន។ សូម្បី​តែ​នៅ​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស ក៏​លោក​មិន​បរិភោគ​ចំណីអាហារ​ដែល​ចម្អិន និង​ផ្ដល់​ជូន​ដោយ​ប្រទេស​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នោះ​ទេ ហើយ​សូម្បី​តែ​អាហារ​នោះ​ត្រូវ​បាន​លើក​ដោយ​ផ្ទាល់​ដៃ​ដោយ​ប្រមុខ​រដ្ឋាភិបាល ឬ​ប្រមុខ​រដ្ឋ​ក៏​លោក​មិន​ទទួល​ដែរ។



ដាច់​ខាត គឺ​អាហារ​ដែល​លោក​បរិភោគ ត្រូវ​តែ​ចម្អិន​ដោយ​ផ្ទាល់​ដៃ ​ដោយ​ចុងភៅ​របស់​លោក​ផ្ទាល់ ហើយ​មាន​អ្នក​ជំនាញ​ខាង​ភ្លក្ស​ចំណី​អាហារ ដើម្បី​ធានា​រសជាតិ និង​សុវត្ថិភាព​ចំណី​អាហារ​សម្រាប់​លោក។ កាល​ពី​ខែកក្កដា ឆ្នាំ២០១៤ លោក​ពូទីន​បាន​ជួល​អ្នក​ពិនិត្យ​អាហារ​សម្រាប់​លោក ដើម្បី​ធានា​រសជាតិ និង​សុវត្ថិភាព​ក្រែង​មាន​អ្នក​លួច​ដាក់​ថ្នាំ​បំពុល។

អំពី​ការងារ​ប្រចាំ​ថ្ងៃ​
នៅ​ក្នុង​ខុទ្ទកាល័យ​ដែល​លោក​ពូទីន​ធ្វើ​ការ​ គឺ​លោក​ប្រើ​ប្រាស់​តែ​ឧបករណ៍​ទាំង​ឡាយ​ណា​ដែល​មាន​សុវត្ថិភាព និង​សន្តិសុខ​ខ្ពស់​បំផុត ដូចជា៖ កាបូប​ពណ៌​ក្រហម​សម្រាប់​ផ្ទុក​ឯកសារ​ជា​ប្រភេទ​ក្រដាស និង​ទូរស័ព្ទ​ខ្សែ​ដែល​បន្សល់​ទុក​តាំង​ពី​សម័យ​សហភាព​សូវៀត។

ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​ចាប់​ផ្ដើម​ដោយ​ការ​ពិនិត្យ និង​អាន​សំណុំ​ឯកសារ​ចំនួន​បី៖ ១- របាយការណ៍​ស្ដីពី​កិច្ចការ​ជាតិ​ដែល​ប្រមូល​ចងក្រង និង​បញ្ជូន​ដោយ​អង្គភាព​ចារកម្ម​ជាតិ ២- របាយការណ៍​ស្ដីពី​កិច្ចការ​អន្តរជាតិ (international affairs) ដែល​ប្រមូល​ចងក្រង និង​បញ្ជូន​ដោយ​អង្គភាព​ចារកម្ម​ក្រៅ​ប្រទេស​ និង​ ៣- ​សរុប​របាយការណ៍​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ប្រមូល​ចងក្រង​និង​បញ្ជូន​ដោយ​កងទ័ព​អម​គណៈរដ្ឋមន្ត្រី៕





ប្រែ​សម្រួល ៖ អន សំអាង
ប្រភព៖​ the Independent , Newsweek Magazine , the Telegraph , Business Insider