៥ យ៉ាង បង្ហាញ​ថា ​ទំនាក់ទំនង​ដៃគូ​របស់​អ្នក​ ​​នឹង​ពោរពេញ​ដោយ​សេចក្ដីសុខ​!

2/07/2015 0 Comments A+ a-

សញ្ញាទាំង៥ នេះ បង្ហាញ​ថា ​ទំនាក់ទំនង​ដៃគូ​របស់​អ្នក​ ​​នឹង​ពោរពេញ​ដោយ​សេចក្ដីសុខ​!ប្រភព៖​ studentlife.umich.edu
គ្មាន​មនុស្ស​ណា​អាច​រស់នៅ​ជាមួយ​គ្នា​ដោយ​គ្មាន​បញ្ហា​មួយ​រយ​ភាគរយ​នោះ​ទេ ពោល​គឺ​តែងតែមាន​បញ្ហា​ខ្លះ​កើត​ឡើង ជៀស​មិន​ផុត​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ពួកគេ​មាន​មាន​លក្ខណៈ ពិសេស​ចំណុច​ណាខ្លះ​ដែល​ធ្វើ​ឲ្យ​ដៃគូ​អាច​រួមរស់​ជាមួយ​គ្នា​បាន​យូរអង្វែង​បាន។

ខាងក្រោម​នេះ គឺជា​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ថា អ្នក​នឹង​ដៃគូ​ ពិត​ជា​អាច​រួមរស់​​ជាមួយ​គ្នា​បាន​យូរ និង មាន​សេចក្ដីសុខ៖

១) គ្មាន​ការ​សង្ស័យ​លើ​សេចក្តី​ស្រលាញ់​
អ្នកដឹង​ច្បាស់​ថា ខ្លួន​ពិតជា​ស្រលាញ់​ ហើយ​ដឹង​ច្បាស់​ថា គេ​ក៏​ស្រលាញ់​អ្នក ដូច្នេះ​គ្មានឡើយ​ការសង្ស័យ​ក្នុងចិត្ត​ចំពោះ​ប្រការ​នេះ។ វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ បើ​ម្នាក់ៗ​មិនដឹង​ច្បាស់​ក្នុង​ចិត្ត ហើយ​ចេះ​តែ​សង្ស័យ​​នោះ ទំនាក់ទំនង​នេះ​ពិតជា​មាន​ការ​លំបាក​ក្នុង​រក្សា​ខ្លាំង​ណាស់​។ ដូច្នេះ​ហើយ អ្នក​ត្រូវតែ​ដឹង​ឲ្យ​ច្បាស់​បំផុត​ មុន​ពេល​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា ​ព្រោះ​វា​ជា​គ្រឹះ​​មួយ​បញ្ជាក់​ថា ទំនាក់ទំនង​របស់​អ្នក​នឹង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន។

២) ដឹង​ច្បាស់​ពី​គ្នា​សឹង​គ្រប់យ៉ាង​ ដែល​អ្នក​ផ្សេង​មិនអាច​ដឹង
ការ​ដឹង​ច្បាស់​ អំពី​រឿងរ៉ាវ​ជាច្រើន អំពី​គ្នា​ទៅវិញ​ទៅ​មក​ ទាំង​រឿង​ឈឺចាប់ ការ​រីករាយ ​ចំណុច​ខ្សោយ និង ចំណុចខ្លាំង ​ក្នុង​ជីវិត គឺ​ជា​ចំណុច​មួយ​ដែល​ធ្វើឲ្យ​មនុស្ស​ពីរ​នាក់​អាច​សម្របសម្រួល​ឲ្យ​គ្នា​បាន​ល្អ​ និង បញ្ជាក់​ថា អ្នក និង ដៃគូ​ពិតជា​សមគ្នា ហើយ​អាច​រស់នៅ​ជាមួយ​គ្នា​យូរអង្វែង។ ​​ការ​បង្ហាញ​ការពិត​ពី​គ្នា​ទៅវិញ​ទៅមក​នេះ​ គឺ​ជា​ ភាព​ស្មោះត្រង់​មួយ​ដែល​ មិន​គួរ​មើល​រំលង។

​៣) គោរព​លើ​ការ​សម្រេចចិត្ត
ម្នាក់ៗ​សុទ្ធតែ​មានគំនិត​ផ្សេងគ្នា​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ចេះ​គោរព​គ្នា​ទៅវិញទៅមក​ ហើយ​ត្រូវ​យល់​ព្រម​តាម​អ្វី​ដែល​ដៃគូ​ម្ខាង​ទៀត​ចង់​ធ្វើ ដោយ​ផ្អែក​លើ​ហេតុផល​សមស្រប។ ប៉ុន្តែ​រាល់​សកម្មភាព​ទាំងឡាយ​ដែល​​ចង់​ធ្វើ​នោះ គឺ​ត្រូវ​ឈរ​លើ​គោលការណ៍​ដែល​មិន​ត្រូវ​ឲ្យ​ដៃគូ​រង​សម្ពាធ​ធ្ងន់ធ្ងរ​ដែរ។

៤) មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គ្នា​ទៅវិញទៅមក
​​បើ​ទោះបី​ជា​ រវល់​នឹង​ការងារ​ ឬ មុខ​ជំនួញ​យ៉ាងណាក៏ដោយ តែ​មិន​ត្រូវ​ភ្លេច​អំពី​ពេលវេលា​សម្រាប់​​ ដៃគូ​នោះ​ឡើយ ដូចជា​ ធ្វើដំណើរ​កម្សាន្ត ឬ ធ្វើ​អ្វីៗ​រួមគ្នា​ជា​ដើម។ ការ​ផ្តល់​វេលា​គ្រប់គ្រាន់​សម្រាប់​គ្នា​នេះ គឺជា​​ចំណុច​ដែល​បញ្ជាក់​ច្បាស់​ថា ទំនាក់ទំនង​នេះ​ នឹង​កាន់តែ​ផ្អែមល្ហែម​​​ខ្លាំង​ បើ​ទោះបី​ជា​​រវល់​យ៉ាងណាក៏ដោយ។
៥) បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រួសារ​ដៃគូ​របស់​ខ្លួន
បើ​ទោះបី​ជា​អ្នក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​យ៉ាង​ណា​ក្តី ប៉ុន្តែ​បើ​អ្នក​មិនសូវ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​សាច់ញាតិ​នោះ​ទេ វា​ជៀស​មិន​ផុត​ពី​រឿង​រកាំរកូស​មួយចំនួន​នោះ​ឡើយ ព្រោះ​បរិបទ​អាស៊ី​ គឺ​បែប​នេះ។ ដូច្នេះហើយ ​គួរតែ​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ មនុស្ស​ទាំងនោះ​ដើម្បី​ជៀសវាង​ បញ្ហា​កើត​ឡើង​ ហើយ​វា​ក៏​ជា​ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​រីករាយ​ក្នុងចិត្ត​ផង​ដែរ។

​ប្រែ​សម្រួល៖ រស្មី
ប្រភព៖​ lifehack.org