ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​​ឲ្យ​​​ក្រសួង​សេដ្ឋកិច្ច​បញ្ចេញ​ទុន​ទិញ​ប្រេង​ស្តុក​ទុក​ខណៈ​ប្រេង​ចុះ​ថោក​

2/10/2015 0 Comments A+ a-


តម្លៃ​​ប្រេង​សាំង​នៅ​ស្ថានីយ៍​តេលា​​មួយ​កន្លែង​​
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​អនុញ្ញាត​​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បញ្ចេញ​ថវិកា​មួយ​ចំនួន​​ទិញ​​ប្រេង​ឥន្ធនៈ​មក​​ស្តុក​ទុក ខណៈ​តម្លៃ​ប្រេង​កំពុង​តែ​ចុះ​ថោក​ ។​

ថ្លែង​ក្នុង​​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​ សេដ្ឋកិច្ច (RULE) ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និបាត​ កោះ ពេជ្រ ​​នា​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥​​នេះ​ថា​ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​​ បាន​ផ្ដល់​​អនុសាសន៍​ទៅ​ឲ្យ​​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ លោក អូន ព័ន្ធ​មុនីរ័ត្ន​​ ពិនិត្យ​ទៅ​លើ​លទ្ធភាព​​បញ្ចេញ​ថវិកា​ក្នុង​ការ​ទិញ​ប្រេង​មក​រក្សា​ទុក​ដើម្បី​បម្រុង​ទុក​នៅ​ពេល​ប្រេង​​ឡើង​ថ្លៃ​វិញ​​។

លោក​នាយក​រដ្ឋ​មន្ត្រី ​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖«ខ្ញុំ​បាន​ផ្ដល់​អនុសាសន៍​ទៅ​ដ​ល់​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ខ្ញុំ​ថា ​ឲ្យ​សិក្សា​មើល​អាហ្នឹង ហើយ​បើ​អាច​បញ្ចេញ​លុយ​ទុន​មួយ​ចំនួន​ទិញ​យក​មក​ស្តុក​ទុក​ម៉ង​​ យើង​មាន​ស្ពាន​បម្រុង​យើង​មាន​ប្រេង​បម្រុង​ស្តុក​ទុក​ អែង​ឡើង​វិញ​អញ​នៅ​សល់​ប្រេង បើ​អញ​បញ្ចេញ​ក៏​គង់​តែ​ចំណេញ​ដែរ​ » ។

​​​​​​​​​​​​​សម្តេច​បាន​បញ្ជាក់​ទៀត​ថា ​តម្លៃ​ប្រេង​នឹង​​អាច​ឡើង​ថ្លៃ​នៅ​ពេល​ណាមួយ​ប៉ុន្តែ​វា​មិន​ឡើង​ថ្លៃ​ដូច​កាល​ពី​ពេល​មុន​នោះ​ទេ​ ហើយ​បើ​សិន​​លោក​ជា​ថៅកែ​ក្រុម​ហ៊ុន ​លោក​នឹង​ទិញ​ប្រេង​មក​ស្ដុក​​ទុក​ ។

​សម្ដេច​​មាន​ប្រសាសន៍​ថា​៖​« ​ប្រសិន​បើ​ខ្ញុំ​ជា​ក្រុមហ៊ុន​ប្រេង​វិញ​ខ្ញុំ​ហ៊ាន​ បើ​ខ្ញុំ​ជា​តេលា​ឬ ជា​សូគីម៉ិច ខ្ញុំ​ហ៊ាន​ទិញ​ស្តុក​ ប៉ុន្តែ​យើង​មិនមែន​ ជា​ថៅកែ​ក្រុមហ៊ុន​ផង»។

គួរ​រំលឹក​ថា ​​នៅ​ក្នុង​ផែន​ការ​បញ្ចុះ​តម្លៃ​ប្រេង​លក់​រាយ​នៅ​ក្នុង​ស្រុក​នេះ​ ​ក្រសួង​​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ រួម​ជា​មួយ​​ស្ថាប័ន​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ស្រុក​បាន​ឯកភាព​ គ្នា​ធ្វើ​ការ​ជួប​ប្រជុំ​នៅ​​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​រៀង​រាល់​១០​ ថ្ងៃ​​ម្ដង​ដើម្បី​ ពិនិត្យ​មើល​តម្លៃ​​ប្រេង​ឥន្ធនៈ​ ​​ហើយ​លទ្ធផល​នៃ​កិច្ចប្រជុំ​ នឹង​ត្រូវ​ផ្សព្វផ្សាយ ​ជា​សាធារណៈ​តាមរយៈ​ទូរទស្សន៍ វិទ្យុ​ សារព័ត៌មាន​ និង​បណ្ដាញ​សង្គម​​ ៕​

អត្ថបទ ៖ ចាន់ សុខ នាង​