ជនបរទេសបីនាក់ដែលថតស្រាតនៅប្រាសាទបុរាណខ្មែរនោះបណ្តេញចេញពីកម្ពុជាហើយ
អាជ្ញាធរកម្ពុជាកាលពីល្ងាចថ្ងៃ សៅរ៍ម្សិលមិញ សម្រេចបណ្ដេញជនបរទេសចំនួនបីនាក់ ចេញពីប្រទេសបន្ទាប់ពីតុលាការខេត្ដសៀមរាបរកឃើញថា ពួកគេបីនាក់នោះបានធ្វើសកម្មភាពថតអាក្រាតកាយនៅប្រាសាទបន្ទាយក្ដីរបស់ កម្ពុជាកាលលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ ។
ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្ដសៀមរាប លោក សុខ កែវបណ្ឌិត ឲ្យVODដឹងនៅរសៀលថ្ងៃអាទិត្យទី០១ ខែកុម្ភៈ នេះថា ជនបរទេសដែលតុលាការរកឃើញថតអាក្រាតកាយនៅប្រាសាទបន្ទាយក្ដី ត្រូវអាជ្ញាធរខ្មែរបញ្ជូនទៅប្រទេសរបស់គេវិញហើយ ។
ជនជាប់ចោទទាំងបីនាក់នោះ ជាជនជាតិបារាំង មានទី១/ឈ្មោះ Vincent Henri ភេទប្រុស អាយុ២០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ13AK95763 រស់នៅ Carriere sur Seine ប្រទេសបារាំង,ទី២/ឈ្មោះ Rodoiphe Fourgeot ភេទប្រុស អាយុ២១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ14AY83376 រស់នៅទីក្រុង Lille ប្រទេសបារាំង និងទី៣/ឈ្មោះ Alexander André Raymond ភេទប្រុស អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ13AZ49579 រស់នៅទីក្រុង Hiedésheim ប្រទេសបារាំង ។
ចៅក្រមស៊ើបសួរនៃសាលាដំបូង ខេត្ដសៀមរាប លោក កូយ សៅ ឲ្យអ្នកសារព័ត៌មានដឹងថា ជនបរទេសទាំងបីនាក់នោះ សម្រេចឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ពិន័យជាប្រាក់១លានរៀល និងហាមមិនឲ្យស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល៤ឆ្នាំ ។ អ្នកទាំងនោះរងបទចោទពីបទជួញដូររូបភាពអាសអាភាសនិងបង្ហាញកេរ្តិ៍ ភេទនៅសាធារណៈដែលមានចែងក្នុងមាត្រា៣៩កថាខណ្ឌទី៣នៃច្បាប់ស្តីពី ការជួញដូរមនុស្សនិងអាជីវកម្មផ្លូវភេទនិងមានចែងក្នុងមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ ។ ប៉ុន្តែលោកថា ទោសទាំងអស់នេះត្រូវបានព្យួរទុកស្របតាមមាត្រា១០៧,១០៩,១១១នៃក្រម ព្រហ្មទណ្ឌ ។ ជាមួយគ្នានោះដែរតុលាការសម្រេចដកហូតយកវត្ថុតាងមួយចំនួនទុកជា សម្បត្តិរដ្ឋ ក្នុងនោះរួមមានៈ ទូរស័ព្ទដៃម៉ាកអាយហ្វូនហ្វាយស៊ិចចំនួន១គ្រឿង, អាយហ្វូនហ្វ័រ១ គ្រឿង, មេម៉ូរី១, ម៉ាស៊ីនថតវីដេអូ១, ឧបករបំពងសំលេង១, ជើងកាម៉ារាចំនួន២ឆ្នាំងសាកទូរស័ព្ទចំនួន២, រីឯសម្ភារៈ ក្រៅពីនោះត្រូវប្រគល់ឲ្យជនជាប់ចោទវិញ ។
លោក កូយ សៅ បញ្ជាក់ថា ជនជាប់ចោទទាំង៣នាក់នោះបានសារភាពនៅចំពោះមុខតុលាការថា ខ្លួនពិតជាបានថតរូបអាក្រាតយ៉ាងដូច្នេះមែន ហើយពួកគេនិងធ្វើការសុំទោសចំពោះប្រជាជនកម្ពុជាទាំងអស់ផងដែរ ។
កាលពីថ្ងៃទី២៩ ខែមករានេះ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ស្ថាប័ននេះសហការជាមួយប៉ូលិសបេតិកភណ្ឌចាប់បានជនបរទេសបីរូបដែលពួកគេ ធ្វើសកម្មភាពថតអាក្រាតកាយនៅប្រាសាទបន្ទាយក្ដី កាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ ហើយជនទាំងបីនាក់នោះ បានសារភាពពីកំហុសឆ្គងថា ពិតជាបានធ្វើសកម្មភាពថតស្រាតពិតប្រាកដ ៕ ប្រភពៈ VOD
